ហេតុអ្វីមានព្យុះច្រើនម្ល៉េះនៅឆ្នាំ២០២៥នេះ?​ ហេតុអ្វីភ្នំភ្លើងស្ងប់ ១២,០០០ឆ្នាំ ទើបផ្ទុះឡើងវិញ? (យល់ដឹង) (វីដេអូ)

(បរទេស)៖ បងប្អូនប្រាកដជាមានចម្ងល់ហើយ ចំពោះបាតុភូតធម្មជាតិ ឬបើនិយាយឲ្យចំគឺគ្រោះធម្មជាតិដែលបាននិងកំពុងកើតឡើងនៅជិតពេញមួយឆ្នាំ២០២៥នេះ ដែលពេលខ្លះហាក់ដូចជាមានច្រើនផ្ទួនៗគ្នាដូចជា រញ្ជួយផែនដី ព្យុះកំណាច និងបន្ទុះភ្នំភ្លើងជាដើម។ វីដេអូមុនៗ ប្រិយមិត្តបានយល់ដឹងរួចមកហើយ អំពីកត្តាដែលជម្រុញឲ្យមានគ្រោះរញ្ជួយដី ហើយមុនដំណាច់ឆ្នាំ២០២៥នេះ យើងសូមលើកយកប្រធានបទ មកធ្វើការបកស្រាយខ្លីៗបានហើយនោះគឺ ព្យុះ និងបន្ទុះភ្នំភ្លើង៖ ហេតុអ្វីព្យុះកកើតឡើងញឹកញាប់ម្ល៉េះ? ហេតុអ្វីភ្នំភ្លើងស្ងប់អស់ ១២,០០០ឆ្នាំហើយទើបផ្ទុះឡើងវិញ? ហើយថាតើការកើតមានគ្រោះធម្មជាតិទាំងអស់នេះជារឿងធម្មតា ឬមិនធម្មតា?

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

១៖ តើព្យុះពិតជាកកើតឡើងច្រើនជាងរាល់ឆ្នាំមែនឬក្នុងឆ្នាំ២០២៥នេះ?

យោងតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) នៃសហរដ្ឋអាមេរិក បានព្យាករណ៍រួចតាំងតែពីដើមឆ្នាំ២០២៥ថា ចំនួនព្យុះនៅលើផែនដីជាពិសេសនៅតំបន់សមុទ្រអាត្លង់ទិច ដែលខ្លួនតាមដានជាប់ជានិច្ចនោះ ចំនួនព្យុះនឹងកើនឡើង «លើសកម្រិតមធ្យម» បើធៀបនឹងឆ្នាំមុនៗសម្រាប់ពេលមួយរដូវកាលព្យុះនៃឆ្នាំ២០២៥នេះតែម្តង ហើយការព្យាករណ៍នេះពិតជាមាន % ត្រឹមត្រូវខ្ពស់ពិតមែន។

ការកកើតព្យុះច្រើននៅគ្រប់សមុទ្រទូទាំងផែនដីជាពិសេស អាត្លង់ទិច និងប៉ាស៊ីហ្វិក គឺត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា ដោយសារតែការប្រែប្រួលអាកាសធាតុផែនដីជាចម្បង។ នៅពេលដែលផ្ទៃមហាសមុទ្រកើនឡើងកម្តៅ វាប្រៀបបីដូចជាការប្រមូលផ្តុំនូវថាមពលដែលកាន់តែខ្លាំងឡើងៗ រហូតដល់ជម្រុញកម្លាំងនៃចរន្តខ្យល់បោកបក់ ហើយក៏បង្កទៅជាព្យុះកំណាច។

(Image Source: The Weather Guys)

ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ជាង ៩០% នៃកម្តៅក្នុងខ្យល់អាកាស ដែលឃាត់ទុកដោយឧស្ម័នផ្ទះកញ្ចក់ (greenhouse​ gases) គឺជាត្រូវបានស្រូបទុកដោយមហាសមុទ្រនានា ហើយឥទ្ធិពលកម្តៅទាំងអស់នោះហើយ ដែលជម្រុញដោយផ្ទាល់ទៅរកការបង្កើតព្យុះកាន់តែច្រើន មានកម្លាំងកាន់តែខ្លាំង និងអាចកើតឡើងកាន់តែញឹកញាប់។ ព្យុះភ្លៀងនៅតំបន់អាស៊ីអាគ្នេយ៍ កាលពីអំលុងចុងខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានធ្វើឲ្យប្រទេសហ្វីលីពីន, វៀតណាម, ថៃ និងឥណ្ឌូណេស៊ីជាដើមរងគ្រោះយ៉ាងដំណំនោះ គឺជាឧទាហរណ៍ដ៏ជាក់ស្តែងបំផុត…។

២៖ ហេតុអ្វីភ្នំភ្លើងនៅអេត្យូពីស្ងប់ស្ងាត់អស់ ១២,០០០ឆ្នាំហើយ បែរជាផ្ទុះឡើងវិញ?

ការផ្ទុះឡើងវិញនៃភ្នំភ្លើង Hayli Gubbi ស្ថិតនៅតំបន់ខ្ពង់រាបភាគឦសានប្រទេសអេត្យូពី (ក្បែរព្រំដែនប្រទេសអេរីទ្រា) នៃតំបន់អាហ្វ្រិកខាងកើតនោះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីពេលថ្ងៃត្រង់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសារតែភ្នំភ្លើងនោះត្រូវបានអាជ្ញាធរ និងអ្នកវិទ្យាសាស្ត្រក្នុងតំបន់អះអាងថា បានស្ងប់ស្ងាត់អស់ខ្ទង់ ១២,០០០ឆ្នាំមកហើយ ឬចាប់តាំងពីយុគទឹកកក (Ice Age) លើផែនដីទើបបានបញ្ចប់មកម្ល៉េះ។

យោងតាមក្រុមអ្នកវិទ្យាសាស្ត្រអេត្យូពី ភ្នំភ្លើង Hayli Gubbi បានស្ថិតនៅក្នុងលក្ខណៈជា ភ្នំភ្លើងបិទជិត (shield volcano) ដែលមិនមានសកម្មអ្វីគួរឲ្យកត់សម្គាល់ឡើយនៅមុនការផ្ទុះខាងលើនេះ ហើយវាមានចម្ងាយប្រមាណ ៨០០km ពីភាគឦសាន រដ្ឋធានី Addis Ababa។ ការផ្ទុះនោះបានជះផេះឡើងលើអាកាសកម្ពស់ ៤៥km ឯណោះ ប៉ុន្តែមិនមានមនុស្សណាម្នាក់រងគ្រោះ ឬក៏ខូចខាតទ្រព្យសម្បត្តិអ្វីឡើយ ដោយវាត្រឹមបង្កឲ្យជើងហោះហើរយន្តហោះខ្លះត្រូវផ្អាក ឬហោះគេចពីកម្អេចផេះនោះប៉ុណ្ណោះ។

បន្ទុះភ្នំភ្លើង Hayli Gubbi នៅអេត្យូពី (Image Source: CNN)

បើតាមក្រុមអ្នកវិទ្យាសាស្ត្របានប្រាប់ឲ្យដឹងទៀតថា Hayli Gubbi ជាភ្នំភ្លើងដែលស្ថិតនៅចន្លោះ ផ្លាកតិចតូនិចសកម្មចំនួន ៣ គឺផ្លាកនូបៀ, ផ្លាកសូម៉ាលី និងផ្លាកអារ៉ាប់ ដែលទាំងនេះមានរហស្សនាមថា តំបន់ត្រីកោណ អាហ្វា (Afar Troangle)Hayli Gubbi ក៏ស្ថិតនៅតំបន់ក្រវាត់ជាមួយនឹង ភ្នំភ្លើងមួយទៀតផងដែរនោះគឺ Erta Ale ដែលស្ថិតនៅលើផ្លាកតិចតូនិចទាំង ដូចគ្នា តែ Erta Ale ជាភ្នំភ្លើងសកម្មជាង ដោយវាបានផ្ទុះលើកចុងក្រោយកាលពី ២០០៩ ហើយក៏នៅបន្តរំលេចកម្អែល និងផ្សែងហុយចេញជាប្រចាំមកទល់នឹងពេលនេះ…។

ដូច្នេះការផ្ទុះរបស់ Hayli Gubbi នៅតំបន់នោះ មិនមែនជារឿងចម្លែកអ្វីឡើយ។ ហើយបើទោះបីជាវាបានស្ងប់ស្ងាត់អស់ ១២,០០០ឆ្នាំទើបផ្ទុះមែន តែបើយើងគិតអំពីផែនដីដែលមានអាយុកាលដល់ទៅ ៤.៦ពាន់លានឆ្នាំ នោះភាពស្ងប់ស្ងាត់កម្រិតនេះ គ្មានអ្វីដែលមិនសមហេតុផលនោះទេ…។

៣៖ តើគ្រោះធម្មជាតិទាំងអស់នេះជារឿងធម្មតា ឬមិនធម្មតា?

សរុបសេចក្តីមក ការកើតមានព្យុះច្រើន និងខ្លាំងៗនៅលើផែនដីក្នុងឆ្នាំ២០២៥នេះ គឺមិនមែនជារឿងធម្មតានោះទេ ដោយក្រុមអ្នកវិទ្យាសាស្ត្រទើបបានព្រមានកាលពីអំលុងខែវិច្ឆិកា ឆ្នាំ២០២៥ថា វាគឺជាសញ្ញាយ៉ាងច្បាស់លាស់ដែលបង្ហាញពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុទូទាំងភពផែនដី ដែលមនុស្សលោកកំពុងប្រឈម ហើយប្រសិនបើយើងមិនរួបរួមគ្នាអនុវត្តឲ្យបានតាមកិច្ចព្រមព្រៀងអាកាសធាតុប៉ារីសឆ្នាំ២០១៥នោះទេ នោះស្ថានភាពកាន់តែអាក្រក់ជាងនេះ នឹងបង្ហាញឲ្យយើងឃើញនៅថ្ងៃអនាគត។

ព្យុះកំណាចមួយលើភពផែនដី ថតចេញពីស្ថានីយអវកាសអន្តរជាតិ (ISS) (Image Credit: ESA / NASA via ISS)

ដោយឡែកចំពោះបន្ទុះភ្នំភ្លើងវិញ អាចវាមិនមានអ្វីដែលចម្លែកនោះទេ…។ ការផ្ទុះភ្នំភ្លើងបណ្តាក់ៗគ្នាដូចជានៅរុស្ស៊ី, ហ្វីលីពីន, ហ្គាតេម៉ាឡា, ម៉ិកស៊ីកូ, ឥណ្ឌូណេស៊ី, អ៊ីតាលី និងថ្មីៗនេះនៅអេត្យូពី គឺជាបាតុភូតធម្មជាតិដែលតែងកើតឡើងជាធម្មតា ពីមួយឆ្នាំទៅមួយឆ្នាំប៉ុណ្ណោះ គ្រាន់តែបច្ចុប្បន្ននេះយើងមានបណ្តាញសង្គម ដែលអាចចែកចាយព័ត៌មានទាន់ហេតុការណ៍ និងពីគ្រប់ទិសទីព្រមៗគ្នា ទើបធ្វើឲ្យយើងមើលទៅស្ថានការណ៍ដូចជាក្តៅគគុកផ្ទួនៗប៉ុណ្ណោះ…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NOAA / Aljazeera / IQAir / Smithsonian Institution (ថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥)

Comments (0)
Add Comment