(ភ្នំពេញ)៖ ពិតណាស់ ផ្កាយព្រឹក និងផ្កាយចោរ គឺជារហស្សនាមដែលខ្មែរយើងពីបុរាណបានហៅ សម្រាប់សម្គាល់ឲ្យអ្វីដែលចាស់ពីបុរាណចាត់ទុកថាជា «ផ្កាយមួយដួង» ដែលមានពន្លឺចែងចាំងខ្លាំងជាងគេ និងអាចមើលឃើញយ៉ាងច្បាស់នៅមុនព្រះអាទិត្យរះ និងក្រោយព្រះអាទិត្យលិច។ ប៉ុន្តែ… នោះមិនមែនជាផ្កាយទេ ដោយវាគឺជា «ភពសុក្រ (Venus)» ដែលមានទំហំជិតប៉ុនភពផែនដីរបស់យើង (ភពសុក្រមានអង្កត់ផ្ចិតជាង ១២,១០០km ខណៈផែនដីវិញគឺជាង ១២,៧០០km)។
ក៏អាចមានភពមួយចំនួនទៀតដែរដូចជា ភពព្រហស្បតិ៍ (Jupiter) និងភពពុធ (Mercury) ឬសូម្បីភពសៅរ៍ (Saturn) ដែលតែងមកបង្ហាញខ្លួនតាមរដូវកាល នាំឲ្យយើងច្រលំគ្នាជាមួយភពសុក្រ តែសម្រាប់ការចាត់ទុកថា ផ្កាយព្រឹក ឬផ្កាយចោរនោះ គឺចង់សម្តៅទៅលើតែភពសុក្រមួយប៉ុណ្ណោះ ដោយសារវាបង្ហាញខ្លួនច្បាស់លាស់ និងមានពន្លឺចែងចាំងលើសគេ។ ប្រិយមិត្តប្រាកដជាចង់ដឹងហើយថា ហេតុអ្វីក៏យើងដាក់រហស្សនាមឲ្យភពសុក្រថា «ផ្កាយព្រឹក» ឬ «ផ្កាយចោរ» បែបនេះ?
១៖ ភពសុក្រ (Venus) គឺជាផ្កាយព្រឹក (Morning Star) និងផ្កាយចោរ
រឿងនេះងាយយល់ប៉ុណ្ណោះ ព្រោះដោយសារតែពេលទាបភ្លឺ រហូតដល់ព្រលឹមស្រាងៗមុនព្រះអាទិត្យរះ យើងឃើញផ្កាយមួយដួងរះយ៉ាងភ្លឺខុសគេនៅទិសខាងកើតនោះឯងទើបមនុស្សម្នាហៅវាថា ផ្កាយព្រឹក (Morning Star) ហើយស្ទើរតែគ្រប់ប្រទេសទៅហើយលោកលោក រួមទាំងកម្ពុជាបានហៅបែបនេះតាំងពីបុរាណមក។
នៅប្រទេសខ្លះ ជាពិសេសលោកខាងលិច ក៏គេហៅភពសុក្រថា ផ្កាយពេលល្ងាច (Evening Star) ផងដែរ ហើយមូលហេតុគឺដោយសារវាបង្ហាញពន្លឺភ្លឺខ្លាំងនៅទិសខាងលិច នាពេលព្រលប់បន្ទាប់ពីព្រះអាទិត្យលិច។ ដោយឡែកនៅប្រទេសកម្ពុជាយើងជាពិសេសភពសុក្រត្រូវបានហៅថា «ផ្កាយចោរ» ដែលនេះទំនងជាគ្មានជាតិសាសន៍ណាផ្សេងហៅបែបនេះឡើយ។ ហើយតាមពិតទៅ ផ្កាយព្រឹក និងផ្កាយចោរ នោះគឺជាភពសុក្រតែមួយនោះឯង។
«សម្រាប់ការហៅ Venus ថាផ្កាយចោរនេះ រូបខ្ញុំផ្ទាល់ក៏មិនច្បាស់ថា មកពីមូលហេតុអ្វីឲ្យប្រាកដដែរ តែអ្នកម្តាយរបស់ខ្ញុំដែលបានឮរឿងនេះតៗគ្នា ពីចាស់ៗជំនាន់មុនទៀតបានប្រាប់ខ្ញុំថា ការហៅភពសុក្រថា «ផ្កាយចោរ» ក៏ព្រោះតែចាស់ៗបានចំណាំថា ពួកចោរតែងតែចេញប្រតិបត្តិការលួចប្លន់ នៅពេលដែលផ្កាយចោរនោះលិចបាត់ ហើយអ្នកភូមិជំនាន់មុនតែងតែបង្កើនការប្រុងប្រយ័ត្នចំពោះរឿងនេះ…»។
២៖ ពន្លឺនៃភពសុក្រ និងការបង្ហាញវត្តមាន
ពិតណាស់ ភពមិនអាចបញ្ចេញពន្លឺដោយខ្លួនឯងទេ ហើយមូលហេតុដែល ភពសុក្រ (Venus) មានពន្លឺភ្លឺខ្លាំងជាងគេលើផ្ទៃមេឃផែនដីពេលងងឹត (ដកព្រះចន្ទចេញ) នោះ ក៏ព្រោះតែភពសុក្រមានផ្ទៃជាពពកពណ៌ស និងលឿងស្រាលស្រោបជុំវិញខ្លួនវាតែម្តង ដែលប្រការនេះនៅពេលដែលត្រូវពន្លឺព្រះអាទិត្យចាំងចំ វានឹងមានសមត្ថភាពបំផ្លាតពន្លឺនោះទៅកាន់ទីអវកាសវិញ ព្រមទាំងមកកាន់ភពផែនដីយ៉ាងខ្លាំងដែរ។
ផ្ទុយពីភពអង្គារ ព្រហស្បតិ៍ និងសៅរ៍ ដែលស្ថិតនៅឆ្ងាយពីព្រះអាទិត្យជាងផែនដី សម្រាប់ភពសុក្រ និងពុធ គឺគោចរកៀកនឹងព្រះអាទិត្យជាងផែនដី ឬអាចថា ជាភពមានគន្លងគោចរក្នុង។ ការស្ថិតនៅកៀកព្រះអាទិត្យជាងផែនដីមានន័យថា Venus មិនអាចបង្ហាញវត្តមានរាល់ពេលឲ្យយើងអាចសង្កេតបានពីផែនដីឡើយ។
ដូចក្នុងរូបភាពមួយសន្លឹកខាងលើនេះបានបញ្ជាក់ គឺយើងអាចឃើញភពសុក្រ ក្នុងនាមជាផ្កាយព្រឹក និងផ្កាយចោរ (ផ្កាយល្ងាច) នៅរៀងរាល់ពេលដែលភពសុក្រ ជិតមកដល់ចំណុចកៀកផែនដីបំផុត និងនៅក្រោយឆ្លងកាត់ចំណុចកៀកបំផុត ឬ ៧១ថ្ងៃមុនមកកៀកបំផុត និង ៧១ថ្ងៃក្រោយមកកៀកបំផុត ដែលឱកាសនេះយើងហៅថា Crescent Elongation (Crescent Eastern Elongation សម្រាប់ផ្កាយព្រឹក និង Crescent Western Elongation សម្រាប់ផ្កាយចោរ ឬផ្កាយល្ងាច) នៅក្នុងវដ្តនៃដំណើរគោចរភពសុក្រដែលមានរយៈពេល ៥៨៤ថ្ងៃក្នុងមួយជុំ។
សម្រាប់អំលុង Elongation ទាំងខាងកើត និងខាងលិចនោះក៏ត្រូវបានបែងចែកជា ២ដែរនោះដែរ Gibbus Elongation (ភពសុក្រជិតពេញវង់ ពេលនៅឆ្ងាយពីផែនដីខ្លាំង) និង Crescent Elongation (ភពសុក្រមួយចំណិត ពេលនៅជិតផែនដីខ្លាំង)។ ទោះជាបែបនេះក្តី ពេលដែលភពសុក្រស្ថិតនៅជា Crescent Elongation ទាំងពេលជាផ្កាយព្រឹក និងផ្កាយចោរដែលនីមួយៗមានរយៈពេល ៧១ថ្ងៃនោះ ទើបជាឱកាសដែលវាមានពន្លឺជះមកផែនដីខ្លាំង។
ចំណុចគួរយល់ដឹងមួយទៀត ភពសុក្រ ក៏ដូចជាភពផ្សេងៗទៀតដែរ គឺមានប្រតិទិនខុសពីផែនដី ដូច្នេះភពទាំងនោះនោះមិនអាចមានថ្ងៃខែទៀងទាត់ដូចគ្នានៅក្នុងមួយឆ្នាំៗរបស់ផែនដី ឲ្យងាយស្រួលចំណាំសម្រាប់មនុស្សលោក តាមដានវត្តមានរបស់ភពទាំងនោះឡើយ។ ការអាចកំណត់ពេលវេលា សម្រាប់វត្តមានរបស់របស់នានា នៅលើផ្ទៃមេឃផែនដីទៅបាននោះ គឺអាស្រ័យទៅលើការតាមដានជាប្រចាំ និងកំណត់ត្រារបស់អរិយធម៌ពីបុរាណដូចជា ប៊េប៊ីឡូន, ក្រិក និងចិនជាដើម…។
សរុបសេចក្តីឲ្យកាន់តែងាយយល់ នោះគឺក្នុងអំលុងវដ្ត ៥៨៤ថ្ងៃ (គិតតាមថ្ងៃលើផែនដី) នៃដំណើរគោចររបស់ភពសុក្រជុំវិញព្រះអាទិត្យនោះមានឱកាសសំខាន់ៗដូចជា៖
- ឱកាស ២៦៣ថ្ងៃភពសុក្របង្ហាញវត្តមានជាផ្កាយព្រឹក (Eastern Elongation)
- ឱកាស ២៦៣ថ្ងៃទៀតភពសុក្របង្ហាញវត្តមានជាផ្កាយចោរ ឬផ្កាយល្ងាច (Western Elongation)
- ៥០ថ្ងៃនៃចន្លោះឱកាសទាំង២នេះ ភពសុក្រស្ថិតកៀកវត្តមានព្រះអាទិត្យពេក បូករួមទាំងបាតុភូត Superior Conjunction (ភពសុក្រនៅពីក្រោយព្រះអាទិត្យ) ដែលមិនអាចឲ្យយើងមិនឃើញវាទេ។
- និង ៨ថ្ងៃនៅសល់គឺជា Inferior Conjunction ដែលភពសុក្រនៅចន្លោះផែនដី និងព្រះអាទិត្យ ក៏មិនអាចឲ្យយើងឃើញដែរ៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA / BBC / EarthSky (ថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥)