អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា ប្រារព្ធខួបលើកទី 20 នៃសមិទ្ធផល​ការងារប្រយុទ្ធនឹងជំងឺអេដស៍នៅប្រទេសកម្ពុជា

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានប្រារព្ធខួបលើកទី ២០ នៃភាពជាដៃគូ និងប្រតិបត្តិការក្នុងការឆ្លើយតបនឹងមេរោគអេដស៍ នៅប្រទេសកម្ពុជា ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល បណ្តាញសហគមន៍ និងតំណាងអង្គការដៃគូជាច្រើននាក់។

(រូបភាពពីអង្គការ AHF Cambodia)

ចាប់តាំងពីបើកកម្មវិធីដំបូងរបស់ខ្លួនក្នុងឆ្នាំ 2005 អង្គការ AHF កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) ក្រសួងអប់រំយុវជន និងកីឡា និងដៃគូអង្គការមិនមែនរដ្ឋាភិបាល ដើម្បីពង្រីកការទទួលបានសេវាថែទាំ និងព្យាបាលអ្នករស់នៅជាមួយមេរោគអេដស៍ ការធ្វើតេស្ត និងការបង្ការមេរោគអេដស៍ទូទាំងប្រទេស។

(រូបភាពពីអង្គការ AHF Cambodia)

នៅកម្ពុជា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា មានកិត្តិយស ប្រកាសពីព្រឹត្តិការណ៍ដ៏សំខាន់នេះជាមួយ សមិទ្ធផលដ៏ធំធេង ខួបលើកទី២០ឆ្នាំ នៃការចូលរួមចំណែករបស់ AHF កម្ពុជា ចំពោះការឆ្លើយតបនឹងមេរោគអេដស៍ថ្នាក់ជាតិ ដែលចាប់ពីគ្លីនិកដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០០៥ រហូតដល់ការក្លាយជាអ្នកដឹកនាំក្នុងឆ្លើយតបនឹងមេរោគអេដស៍។ ដែលបច្ចុប្បន្ននេះមានរួមកម្មវិធីបង្ការមេរោគអេដស៍ការព្យាបាល និងថែទាំ កម្មវិធី អាហារសុខភាព ក្មេងស្រី និងផ្សេងៗរួមមានការចូលរួមដើម្បីការសង្គ្រោះជីវិតមនុស្សប្រមាណ ៥២,១៦២នាក់ នៅក្នុង ៤២ទីតាំង នៃ ១៩រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ។

(រូបភាពពីអង្គការ AHF Cambodia)

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត នាយកប្រចាំតំបន់អាស៊ីបានមានប្រសាសន៍ថា៖ «ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ដ៏ទូលំទូលាយមួយ AHF កម្ពុជា រួមជាមួយប្រទេសចំនួនប្រាំបួនផ្សេងទៀតនៃការិយាល័យ AHF អាស៊ី និងសហការជាមួយក្រសួងសុខាភិបាល កំពុងពង្រឹងការឆ្លើយតបទៅនឹងមេរោគអេដស៍ ដោយជំរុញការព្យាបាលជាការបង្ការ និងផ្សព្វផ្សាយការប្រើប្រាស់ស្រោមអនាម័យ ជាមធ្យោបាយមានប្រសិទ្ធភាពបំផុតសម្រាប់ការបង្ការមេរោគអេដស៍ និងជំងឺកាមរោគ» ។

(រូបភាពពីអង្គការ AHF Cambodia)

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត បានបន្ថែមថា ការរក្សាភាពជោគជ័យរបស់ប្រទេសកម្ពុជា តម្រូវឱ្យមានការគាំទ្រជាបន្តបន្ទាប់សម្រាប់អតិថិជនក្នុងការថែទាំ ការចូលរួមឡើងវិញចំពោះអ្នកដែលបាត់បង់ការតាមដាន និងការពង្រីកសេវាកម្មនៅទូទាំងខេត្ត និងតំបន់ដាច់ស្រយាល ធានាការទទួលបានសេវា ដោយផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង លើប្រជាជនដែលមានប្រឈមមុខខ្ពស់។

(រូបភាពពីអង្គការ AHF Cambodia)

វេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសមានប្រសាសនថា «AHF កម្ពុជាប្តេជ្ញាចិត្តក្នុងការទៅដល់ប្រជាជនប្រឈមមុខខ្ពស់ ជាពិសេសបុរសស្រឡាញ់បុរស និងប្រជាជនដទៃទៀត ដោយការពង្រីកការធ្វើតេស្តមេរោគអេដស៍ ធានាការទទួលបានការព្យាបាលជាការបង្ការមិនឲ្យឆ្លងទៅដៃគូ និងផ្សព្វផ្សាយស្រោមអនាម័យដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព»។

(រូបភាពពីអង្គការ AHF Cambodia)

ការខិតខំប្រឹងប្រែងដោយផ្តោតលើអ្នកដែលប្រឈមមុខខ្ពស់ពីការឆ្លងមេរោគអេដស៍ យើងអាចរក្សាវឌ្ឍនភាពនៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍របស់ប្រទេសកម្ពុជា ហើយនឹអាចខិតជិតដល់ ការបញ្ចប់មេរោគអេដស៍ជាមួយរាជរដ្ឋាភិបាល។ 

(រូបភាពពីអង្គការ AHF Cambodia)

ព្រឹត្តិការណ៍ខួបលើកទី២០ នឹងផ្តល់កិត្តិយសដល់ភាពជាដៃគូជាមួយរដ្ឋាភិបាល និងសង្គមស៊ីវិល និង បណ្តាញសហគមន៍ និងអ្នករស់នៅជាមួយមេរោគអេដស៍ ។ អង្គការ AHF សូមថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិប្រយុទ្ឋនឹងជំងឺអេដស៍ក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង ជំងឺអេដស៍ សើស្បែកនិងកាមរោគ មន្ទីរសុខាភិបាលខេត្តក្រុង ស្រុកប្រតិបត្តិ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងការពារជាតិ និង អង្គការ ដៃគូនានា ដែលបានផ្តល់នូវកិច្ចសហការ ក្នុងភាពជាដៃគូបាននាំមកនូវសមិទ្ធិផលជាទីមោទនៈ ក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ និងបន្តកិច្ចសហប្រតិបត្តការបន្ត៕

ដោយ៖ អង្គការ AHF Cambodia
(រូបភាពទាំងស្រុងពី AHF Cambodia)

Comments (0)
Add Comment