(បរទេស)៖ កាលពីអំលុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb បានបញ្ចេញទិន្នន័យអំពីការសង្កេតភពចម្លែកបំផុតមួយ ដែលមានរាងដូចជាផ្លែក្រូចឆ្មា (lemon) ឬអាចរាងដូចពងក្រពើនោះឯង។ ប៉ុន្តែភាពចម្លែកបំផុតរបស់វាមិនមែនស្ថិតនៅលើរូបរាងឡើយ តែទៅលើបរិយាកាសទៅវិញ ព្រោះក្រុមអ្នកវិទ្យាសាស្ត្រពិតជាមិនដែលបានឃើញបរិយាកាសបែបនេះ លើភព Exoplanet នានាដែលខ្លួនបានសិក្សាលម្អិតជាង ៣០ឆ្នាំមកនេះឡើយ។
ដោយសារតែវាចម្លែកពេក ទើបអ្នកវិទ្យាសាស្ត្របានលាន់មាត់បែបនេះថា៖ «តើវាជាអ្វីឲ្យប្រាកដហ្នឹង?»។ ភពចម្លែកមួយនេះ មិនទាន់មានឈ្មោះឲ្យពីរោះដូចគេឯងទេ ដោយក្រុមអ្នកវិទ្យាសាស្ត្រត្រឹមដាក់លេខសម្គាល់ឲ្យសិនថា PSR J2322-2650b ហើយដើម្បីកុំឲ្យវែងឆ្ងាយច្រើនពេក យើងសូមហៅវាថា ភព Lemon តែម្តង។ Lemon មានម៉ាសប្រហាក់ប្រហែលនឹងភពព្រហស្បតិ៍ (Jupiter) របស់យើងដែរ ដូច្នេះវាមិនតូចនោះទេ ហើយវាគោចរជុំវិញតារា Pulsar មួយដែលមានចម្ងាយប្រមាណ ៧៥០ឆ្នាំពន្លឺពីផែនដី។
តារាប្រភេទ ផាល់សា (Pulsar) នេះគឺជាពពួកស្នូលផ្កាយ (ផ្កាយស្លាប់) ដែលស្ថិតក្នុងជំពូក តារាណឺត្រុង (Neutron Star) ដែរ គ្រាន់តែ Pulsar មានលក្ខណៈពិសេសត្រង់ភាពកញ្ជ្រោលរបស់វា ហើយត្រង់ចំណុចនេះយើងចង់សម្តៅទៅរង្វិលខ្ញាញ់ និងការជះចេញនូវកំសួលថាមពល (jets) ចំនួន ២ខ្សែសងខាងផ្កាយ ប្រៀបបីដូចជាស្លាបកង្ហាររបស់វាយ៉ាងដូច្នោះឯង។ អការៈបែបនេះហើយទើប Pulsar ត្រូវបានគេចាត់ទុកជាបង្គោលភ្លើងបំភ្លឺ (Lighthouse) ដែលបាញ់ហ្វារជាប្រចាំនៅទីអវកាស ហើយភ្លើងហ្វាររបស់វានោះ គឺពោពេញដោយរលកធាតុវិទ្យុសកម្ម ដែលជះចេញពីខ្លួនក៏កញ្ជ្រោលរបស់វានោះឯង។
- ហេតុអ្វីភពនេះមានរាងដូចផ្លែក្រូចឆ្មា?
នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងក៏មានភពតឿមួយផងដែរ ស្ថិតនៅឆ្ងាយហួសពីភពភ្លុយតុង (Pluto) ទៅទៀត នោះគឺ ហូមៀ (Haumea) ដែលមានរាងពងក្រពើ ឬដូចក្រូចឆ្មានោះឯង ហើយវាមានទំហំតូចប៉ុណ្ណោះជាមួយនឹងមុខកាត់បណ្តោយប្រវែង ២,៣២២km។ តែសម្រាប់ភព PSR J2322-2650b នោះវិញគឺមានទំហំប្រហែលភពព្រហស្បតិ៍យើងដែរ (ភពព្រហស្បតិ៍មានអង្កត់ផ្ចិតខ្ទង់ ១៤០,០០០km) គ្រាន់តែសម្រាប់ភព Lemon នោះមានរាងជាទ្រវែងដូចពងក្រពើ ឬបាល់ឱប (Football) របស់សហរដ្ឋអាមេរិកនោះឯង។
មូលហេតុដែលភព Lemon មានរាងបែបនេះ គឺព្រោះតែវាគោចរកៀកនឹងផ្កាយ Pulsar នោះពេក ប្រមាណតែ ១.៦លានkm ពីគ្នាប៉ុណ្ណោះ ដែលនាំឲ្យមានទទួលកម្លាំងជំនោរ (tidal forces) យ៉ាងខ្លាំងក្លាបំផុតពីស្នូលផ្កាយស្លាប់មួយនោះ។ Tidal forces នោះហើយដែលបាននិងកំពុងចាប់ទាញឲ្យភព PSR J2322-2650b ខូចទ្រង់ទ្រាយប្រៀបបីដូចជាគេច្របាច់ រហូតដល់មានរាងដូចក្រូចឆ្មា។
- តើបរិយាកាសភព Lemon ចម្លែកខុសពីគេឯងយ៉ាងណាទៅ?
ដូចដែលត្រូវបានបញ្ជាក់នៅខាងដើមអត្ថបទហើយ នោះគឺភពភាពចម្លែកបំផុតរបស់ភព Lemon មិនមែនទៅរូបរាងរបស់វាប៉ុន្មានឡើយ តែគឺទៅលើ «បរិយាកាស» របស់វាទៅវិញទេ។ ដោយសារតែភាពចម្លែកពេកនេះ ក្រុមអ្នកវិទ្យាសាស្ត្រនៃមន្ទីរពិសោធន៍ផ្នែកវិទ្យាសាស្ត្រភព និងផែនដីរបស់វិទ្យាស្ថាន Carnegie ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តាមរយៈទិន្នន័យពីតេឡេស្កូបអវកាស James Webb បានចាត់ទុក Lemon ថាជា «ពិភពលោកថ្មី» ដែលពួកគេមិនធ្លាប់បានជួបប្រទះឡើយ។
អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Peter Gao មកពីវិទ្យាស្ថាន Carnegie បានលើកឡើងថា «វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាទីបំផុត! ខ្ញុំចាំបានថា ពេលយើងទទួលបានទិន្នន័យភ្លាមៗ យើងបានលាន់មាត់ថា៖ តើនេះជាស្អីហ្នឹង? វាពិតជាខុសប្លែកខ្លាំងជាទីបំផុត ពីអ្វីដែលយើងធ្លាប់បានរំពឹងទុក…»។
យោងតាមទិន្នន័យពី James Webb បង្ហាញថា បរិយាកាសរបស់ PSR J2322-2650b ពោពេញដោយសមាសធាតុ អេល្យូម (Helium) និង កាបូន (Carbon) ជាមួយនឹងសីតុណ្ហភាពក្តៅបំផុតដល់ទៅជាង ២,០០០អង្សាសេ ហើយវាគ្មានអុកស៊ីហ្សែន (Oxygen) និង អាសូត (Nitrogen) សោះឡើយ ហើយសម្រាប់បរិយាកាសបែបនេះ គឺជាលើកដំបូងបំផុតក្នុងចំណោមភព Exoplanets ជាង ១៥០ ដែលមនុស្សលោកបានសិក្សាលម្អិតអំពីបរិយាកាស។ បន្ថែមពីនេះ វាក៏ទំនងជាមានពពកផ្ទុកដោយផេះកាបូន (Carbon Soot) ដែលអាចធ្វើប្រតិកម្ម និងបង្ហាប់ឲ្យក្លាយទៅជា ពេជ្រ (Diamond) ធ្លាក់ស្រោចជាភ្លៀងលើភពនោះថែមទៀតផង…៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE via NASA (ថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦)