សមត្ថភាពខ្លាំងនៃ James Webb នាំឲ្យយើងឃើញ «នីប៊ុយឡា» នៅកៀកផែនដីបំផុត នោះយ៉ាងលម្អិត! (មានវីដេអូ)

(បរទេស)៖ មិនថាតែក្រុមតារាវិទូនោះទេ ដោយសូម្បីតែក្រុមអ្នកនិយមថតរូបផ្ទៃមេឃពេលរាត្រី គឺសុទ្ធតែស្គាល់ច្បាស់នូវ នីប៊ុយឡា ហ៊ីលីច (Helix Nebula) និងមានឈ្មោះសម្គាល់តាមបែបច្ចេកទេសថា NGC 7293 ឬ Caldwell 63 ឬមានរហស្សនាមមួយទៀតថា «កែវភ្នែកនៃព្រះជាម្ចាស់ (Eye of God)» នោះដែរ។ នៅក្នុងខែមករា ឆ្នាំ២០២៦នេះ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb បានបញ្ចេញរូបភាពថ្មីបែបលម្អិតបំផុតមិនធ្លាប់មានចំពោះ Nebula ដែលមានរាងដូចគ្រាប់ភ្នែកមួយនេះ ហើយបើធៀបនឹងតេឡេស្កូបអវកាសមុនៗ យើងពិតជាមិនស្ងើចសរសើរមិនបានឡើយ ទៅលើសមត្ថភាពតេឡេស្កូបអវកាសតម្លៃជិត ១០ពាន់លានដុល្លារអាមេរិកមួយនេះ។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

មូលហេតុដែលគេស្គាល់ Helix Nebula ច្បាស់នោះ ព្រោះតែវាស្ថិតនៅកៀកផែនដីបំផុត គឺប្រមាណតែ ៦៥០ឆ្នាំពន្លឺពីផែនដីប៉ុណ្ណោះ និងស្ថិតនៅក្នុងតារានិករ អាក្វេរៀស (Aquarius Constellation)។ យ៉ាងណាក៏ដោយ ភាពពិសេសរបស់វាមិនស្ថិតតែទៅលើការនៅជិតយើងបំផុតនោះឡើយ តែរចនាសម្ព័ន្ធនៃ Helix នេះទៅវិញទេទើបជាអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍ ខណៈការរកឃើញវាដំបូងបានកើតឡើងតាំងតែពីដើមសតវត្សរ៍ ១៨០០ មកម្ល៉េះ។

ទិដ្ឋភាព Helix Nebula ដោយ Spitzer (Image Credit: NASA)

តា​មរយៈរូបភាព Helix Nebula ថតតេឡេស្កូបអវកាស Hubble ក្នុងទម្រង់ពន្លឺដែលយើងអាចមើលឃើញ (visible light), តេឡេស្កូបអវកាស Spitzer ក្នុងទម្រង់ពន្លឺក្រហមអាំងហ្វ្រា (infrared light) និងតេឡេស្កូបអវកាស Chandra ក្នុងទម្រង់ពន្លឺនៃកាំរស្មីអ៊ិច (X-ray light) នោះ តេឡេស្កូបអវកាស James Webb វិញអាចថតបានក្នុងទម្រង់ពន្លឺក្រហមអាំងហ្វ្រាជិតផង និងពាក់កណ្តាលផង (Near-infrared និង Mid-infrared) ហើយក្នុងរូបភាពថ្មីប្រចាំដើមឆ្នាំ២០២៦នេះ យើងអាចឃើញ Helix Nebula យ៉ាងជម្រៅទៅក្នុងបណ្តុំពពកធូលីរបស់វាតែម្តង។

ទិដ្ឋភាព Helix Nebula ដោយ Hubble (Image Credit: NASA/ESA)
  • សមត្ថភាពកែវភ្នែក James Webb នៅតែខ្លាំង

តាមរយៈឧបករណ៍ថតពន្លឺក្រហមអាំងហ្វ្រាជិត NIRCam (Near-Infrared Camera) យើងអាចមុជចូលទៅកាន់ជាយៗ Nebula នោះយ៉ាងកៀកបំផុត ហើយឃើញសុទ្ធតែបណ្តុំពពកវែងៗ (ប្រៀបបីជាដូចបង្គោលដុះស្លែដែលត្រូវបានគេដោតនៅក្នុងបាតសមុទ្រយូរឆ្នាំ) ចោលមុខព្រួញទៅរកចំណុចកណ្តាលរបស់ នីប៊ុយឡា Helix នោះ។ ពួកវាសុទ្ធតែជា បណ្តុំពពកធូលី និងឧស្ម័នដែលបានខ្ទាតចេញយ៉ាងលឿនពីជុំវិញខ្លួនផ្កាយមួយដួងដែលផ្ទុះខ្ទេច ឬផ្កាយដែលឈានដល់ការបញ្ចប់អាយុ (dying star)

ទិដ្ឋភាពថ្មី និងលម្អិតអំពី Helix Nebula ដោយ James Webb (Image Credit: NASA, ESA, CSA, STScI; Image Processing: Alyssa Pagan (STScI))

ផ្កាយដែលអាចបង្កើតនីប៊ុយឡាដូចជា Helix នេះឡើង ភាគច្រើនគឺប្រទេសផ្កាយទំហំមធ្យម និងម៉ាសស្រាលស្រដៀងនឹងព្រះអាទិត្យយើងនេះដែរ។ ទិដ្ឋភាពដូចក្នុងរូបភាពពី Webb នេះ ជាសញ្ញាបញ្ជាក់ថា Helix ស្ថិតនៅក្នុងជំពូក Planetary Nebula ដែលមានអាយុកាលជាង ១២,០០០ឆ្នាំមកហើយ ដោយផ្នែកខាងក្នុងបានកកើតឡើងចុងក្រោយគេកាលពី ៦,៥០០ឆ្នាំមុន ខណៈផ្នែកខាងក្រៅវិញគឺខ្ទង់ ១២,១០០ឆ្នាំមុន។ ត្រង់ចំណុចនេះ យើងចង់សម្តៅទៅលើដំណើរនៃការផ្ទុះផ្កាយមួយដួង ទៅតាមដំណាក់កាល របស់វា រហូតដល់បង្កើតចេញជារចនាសម្ព័ន្ធនៃ Helix Nebula ដូចយើងឃើញបច្ចុប្បន្ននេះឯង។

សរុបសេចក្តីមក នៅក្នុងលទ្ធផលសង្កេតថ្មីដោយ James Webb គេបានយល់ដឹងកាន់តែច្បាស់ពីសីតុណ្ហភាព និងសមាសធាតុគីមីផ្សំសំខាន់ៗនៅក្នុង Helix Nebula នោះ ដោយតំបន់មានពណ៌ខៀវក្រមៅ តំណាងឲ្យតំបន់ដែលពោពេញដោយឧស្ម័នក្តៅ ព្រោះតែពន្លឺស្វាយអ៊ុលត្រា (ultraviolet light) ដ៏ខ្លាំងជះចេញពីស្នូលផ្កាយពណ៌សតូច ដែលនៅសល់ចំកណ្តាល Nebula នោះ។

ទិដ្ឋភាពថ្មី និងលម្អិតអំពី Helix Nebula ដោយ James Webb (Image Credit: NASA, ESA, CSA, STScI; Image Processing: Alyssa Pagan (STScI))

ដោយឡែកសម្រាប់តំបន់មានពណ៌លឿង (ឬពពកឧស្ម័ន និងធូលីពណ៌រាងទឹកក្រូច) គឺពោពេញទៅដោយអាតូមអ៊ីដ្រូសែន ដែលផ្តុំគ្នាក្លាយទៅជាម៉ូលេគុល ខណៈនៅជាយ Nebula តែម្តង គឺជាតំបន់មានពណ៌រាងក្រហម ដែលមានសីតុណ្ហភាពថយចុះ។ ការសិក្សាពី Helix Nebula ពិតជាមានប្រយោជន៍ដល់ការព្យាករណ៍ អំពីអនាគតរបស់ព្រះអាទិត្យយើង និងជាពិសេសគឺវដ្តរបស់ផ្កាយនានានៅក្នុងកាឡាក់ស៊ី Milky Way របស់យើងផ្ទាល់៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦)

Comments (0)
Add Comment