អវកាសយានិក NASA ទាំង៤រូបធ្វើ «ចត្តាឡីស័ក» ដើម្បីត្រៀមចាកចេញទៅព្រះចន្ទ (UPDATE)

(បរទេស)៖ បន្ទាប់ពីការបញ្ជូនគ្រាប់រ៉ុក្កែតយក្ស SLS (Space Launch System) របស់ NASA ទៅដល់ទីលានបាញ់បង្ហោះកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ដូចការគ្រោងទុកនោះ ការបញ្ជូនអវកាសយានិកទាំង ៤រូប ចាកចេញពីភពផែនដី នៅមិនទាន់អាចប្រព្រឹត្តទៅភ្លាមៗឡើយ ដោយក្រុមការងារបច្ចេកទេស នៅត្រូវការពេលវេលាដើម្បីត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាពគ្រប់បែបយ៉ាងសិន។

អង្គការ NASA បានអះអាងរួចហើយថា ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ គឺជាពេលដែលបង្អួច នៃការបញ្ឆេះរ៉ុក្កែតដើម្បីរុញច្រានយាន Orion ផ្ទុកអវកាសយានិក ៤រូប ឡើងទៅកាន់ទីអវកាស និងធ្វើដំណើរបន្តឈ្មោះទៅគោចរជុំវិញព្រះចន្ទ រួចទើបត្រឡប់មកចុះចតលើផែនដីវិញ ដោយបេសកកម្មទាំងមូលនឹងមានរយៈពេល ១០ថ្ងៃ ហើយបង្អួចនេះនឹងមានចំនួន ២លើកទៀតនោះគឺលើកទី២៖ នៅអំលុងខែមីនា ឆ្នាំ២០២៦ (ថ្ងៃទី៦-៩ និងថ្ងៃទី១១) ខណៈលើកទី៣៖ នៅអំលុងខែមេសា ឆ្នាំ២០២៦ (ថ្ងៃទី១, ថ្ងៃទី៣-៦ និងថ្ងៃទី៣០)។

  • អវកាសយានិកទាំង៤រូប ធ្វើចត្តាឡីស័ក

ជំហានបន្ទាប់បានចូលមកដល់ នោះគឺការធ្វើចត្តាឡីស័ក (ការដាក់ខ្លួនឯងឲ្យនៅ ដាច់ដោយឡែកពីពិភពខាងក្រៅ) នៅឯមូលដ្ឋានពិសោធន៍មួយក្នុងទីក្រុង Houston រដ្ឋតិចសាស់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ នេះគឺជារឿងចាំដែលដែលត្រូវធ្វើ សម្រាប់ការត្រួតពិនិត្យសុខភាពរាងកាយមុនថ្ងៃចាកចេញពីផែនដី ដើម្បីឲ្យប្រាកដថា ពួកគេមិនមានជំងឺនៅអំលុងពេលធ្វើដំណើរនោះឡើយ។

អវកាសយានិកទាំង ៤រូបនឹងត្រូវស្ថិតនៅក្នុងយាន Orion រហូត គិតចាប់តាំងពីការចាកចេញពីផែនដី រហូតដល់ឋានព្រះចន្ទ និងត្រឡប់មកចុះចតលើផែនដីវិញ។ ប្រិយមិត្តសាកស្រមៃទៅមើលថា ពួកគេយើងជួបស្ថានភាពបែបណា… លោកអ្នកគិតថា នឹងជួបភាពតានតឹងខ្លាំងនៅក្នុងយានដ៏តូចចង្អៀត រហូតដល់ទៅ ១០ថ្ងៃ និងឆ្លងកាត់បរិស្ថានដ៏លំបាក ទម្រាំត្រឡប់មកផែនដីវិញ…។ តែសូម្បីកុំបារម្ភអី ព្រោះអ្នកទាំង ៤រូបនេះ ត្រូវបានបង្វឹកដើម្បីឲ្យសុំានឹងបរិស្ថានបែបនោះរួចទៅហើយ។

អវកាសយានិក Artemis II ទាំង៤រូប (Credit: NASA)
  • តើ NASA នៅត្រូវត្រួតពិនិត្យអ្វីខ្លះទៀត?

ពិតណាស់ ពេលនេះយាន Orion និងរ៉ុក្កែត SLS កំពុងស្ថិតនៅទីលាន Launch Pad 39B នៃមជ្ឈមណ្ឌល Kennedy Space Center ក្នុងរដ្ឋ Florida រួចទៅហើយ ដើម្បីត្រៀមចេញបេសកកម្ម Artemis II ហើយ NASA នៅត្រូវការពេលវបន្ថែមទៀត ដើម្បីធ្វើការត្រួតពិនិត្យផ្នែកបច្ចេកទេសសំខាន់ៗ និងការធ្វើតេស្តបញ្ឆេះរ៉ុក្កែត គឺជារឿងបាំបាច់ដែលត្រូវធ្វើជាមុន។

យើងនៅចាំបានថា កាលពីការចេញបេសកកម្មយាន Orion ទទេ (ក្នុងបេសកកម្ម Artemis I) ទៅគោចរជុំវិញព្រះចន្ទកាលពីឆ្នាំ២០២២ អង្គការ NASA បានចំណាយពេលដល់ទៅ ៨ខែឯណោះ នៅក្រោយពេលដែលរ៉ុក្កែត SLS និងយានទទេនោះទៅដល់ Launch Pad ដើម្បីត្រួតពិនិត្យ និងតេស្តគ្រប់យ៉ាងឲ្យបានល្អប្រសើរ ទម្រាំបានបញ្ឆេះរ៉ក្កែតដឹកយានចេញពីផែនដី។

ទោះជាបែបនេះក្តី ថ្មីៗនេះ NASA បានសង្កត់ធ្ងន់ថា ការធ្វើតេស្តបន្ថែមជាច្រើនលើក (សម្រាប់ Artemis II) គឺតែងតែមានប្រយោជន៍។ សម្រាប់អវកាសយានិកទាំង ៤រូបគឺមាន៣រូបមកពីអង្គការ NASA ដូចជា លោក Reid Williams (មេបញ្ជាការ), លោក Victor Glover (ពីឡុត) និងលោកស្រី Christina Koch (អ្នកជំនាញនៃបេសកកម្ម) ខណៈមួយរូបទៀតគឺអវកាសយានិក Jeremy Hansen ដែលជាអ្នកជំនាញមកពីអង្គការអវកាសកាណាដា CSA។

សរុបសេចក្តីមក ការធ្វើតេស្ត និងត្រួតពិនិត្យបន្ថែមចាប់តាំងពីថ្ងៃទី១៧ ខែមករា ដល់មុនថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នោះរួមមាន៖ ការធ្វើតេស្តប្រពន្ធរលកវិទ្យុទាក់ទង, ប្រព័ន្ធសង្គ្រោះអវកាសយានិកលើយាន Orion ពេលមានស្ថានការណ៍បន្ទាន់ (មុខរ៉ុក្កែត SLS ដំណើរការ) និងការត្រួតពិនិត្យរ៉ុក្កែតជំរុញល្បឿន (Booster)។

ប្រព័ន្ធរ៉ុក្កែត SLS របស់ NASA (Credit: NASA)

សម្រាប់តេស្តសំខាន់បំផុតចុងក្រោយ ដែលតម្រូវឲ្យធ្វើបានសម្រេច ១០០% មុន ៣-៤ថ្ងៃ ដែលបេសកកម្មកើតឡើងនោះគឺ Wet Dress Rehearsal (WDR) ដោយការបន្សើមរ៉ុក្កែត ដែលត្រូវបានបញ្ចូលឥន្ធនៈឲ្យពេញ រួចធ្វើតេស្តតាមកុំព្យូទ័រដើម្បីពិនិត្យមើលបញ្ហា ដែលអាចកើតមានឡើងនៅពេល countdown។ តេស្តនេះនឹងកើតឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ហើយនឹងត្រូវធ្វើឡើងរយៈពេល ២ថ្ងៃពេញ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE via NASA (ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦)

Comments (0)
Add Comment