(បរទេស)៖ ប្រទេសដែលមានប្រភពថាមពលចាំបាច់ស្រាប់ដូចជាប្រេង និងឧស្ម័នធម្មជាតិ ដែលអាចបំពេញតម្រូវការក្នុងស្រុក ដោយមិនពឹងលើការនាំចូលច្រើន នោះពិតជាអាចហៅថាជា «ប្រទេសមានសន្តិសុខផ្នែកថាមពល» ប៉ុន្តែវាមិនមែនបែបនេះតារហូតនោះទេ។ តើថាមពលអ្វីខ្លះដែលអាចប្រើជំនួស «ប្រេង» និង «ឧស្ម័ន» នៅពេលប្រភពថាមពលទាំងនេះត្រូវអស់ ឬមិនមានសម្រាប់ប្រើប្រាស់តាមតម្រូវការ ឬក៏ដើម្បីសន្សំសម្ចៃមិនឲ្យធនធានក្រោមដីទាំងនោះ អស់កាន់តែលឿនពេក ឬក៏នៅពេលរឿងជាយថាហេតុកើតឡើង…?
នៅក្នុងអត្ថបទនេះ ទោះបីជាយើងមិនចង់និយាយអំពី «សង្គ្រាម» តែបើវាបាននិងកំពុងកើតឡើងទៅលើប្រទេស និងឈានដល់កម្រិតក្រុមប្រទេស ដែលជាប្រភពសំខាន់នៃផ្គត់ផ្គង់ថាមពលចាំបាច់ដូចជា «ប្រេង និងឧស្ម័ន» ទាំងនេះទៅកាន់ពិភពលោកទៅហើយនោះ ការគិតគូររកប្រភពថាមពល ប្រកបដោយសន្តិសុខផ្សេងៗទៀតក្រៅពីប្រេង និងឧស្ម័ន គឺមិនអាចត្រឹមសរសេរក្នុងសៀវភៅផែនការទៀតឡើយ…។
ពិតណាស់! នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ អង្គការសហប្រជាជាតិ (UN) និងក្រុមអ្នកអភិរក្សបរិស្ថានជាសកល បាននិងកំពុងលើកទឹកចិត្តឲ្យប្រទេសនានាលើពិភពលោកងាកមកអភិវឌ្ឍ និងប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីជំនួសប្រេង ធ្យូងថ្ម ឧស្ម័ន និងប្រភពថាមពលមួយចំនួនទៀត ដែលបាននិងកំពុងធ្វើឲ្យភពផែនដីកើនឡើងកម្តៅ ព្រមទាំងបង្កទៅជាគ្រោះមហន្តរាយធម្មជាតិអាក្រក់ៗ ព្រោះតែការប្រែប្រួលអាកាសធាតុជាសកលនោះ។
ហេតុដូច្នេះ ខាងក្រោមកនេះជាប្រភពថាមពលទាំង ៥ ដែលអាចជំនួសប្រេង និងឧស្ម័ន ឬសូម្បីតែធ្យូងថ្មដែលកំពុងបំផ្លាញបរិស្ថាន ហើយប្រភពថាមពលខ្លះយើងបាននិងកំពុងប្រើប្រាស់ស្រាប់ទៅហើយ ខណៈនៅចុងបញ្ចប់អត្ថបទនេះយើងនឹងប្រាប់អ្នកទាំងអស់គ្នាថា តើប្រភពថាមពលមួយណាដែលមានសក្តានុពលវែងឆ្ងាយ និងល្អសម្រាប់ភពផែនដីនេះជាងគេ៖
- ប្រភពថាមពលស្អាតទាំង ៥ ដើម្បីអនាគតមនុស្សជាតិ
១៖ ថាមពលព្រះអាទិត្យ និងខ្យល់ (Solar Power and Wind Engery)៖ ថាមពលទាំង ២ប្រភេទនេះ ស្ថិតនៅក្នុងគោលដៅនៃផលិតកម្មថាមពល ដើម្បីជំនួសឲ្យការប្រើប្រាស់ប្រេងសម្រាប់ ៣០ឆ្នាំខាងមុខ។ ស្ទើរតែគ្រប់ប្រទេសលើផែនដីទៅហើយ ដែលកំពុងជំរុញការប្រើប្រាស់ថាមពលប្រភេទនេះ ជាពិសេសគឺថាមពលព្រះអាទិត្យ ដើម្បីជំនួសប្រភពថាមពលដែលបំផ្លាញបរិស្ថាន។
សម្រាប់ឧទ្យានស្រូបថាមពលព្រះអាទិត្យធំជាងគេលើពិភពលោក គឺស្ថិតនៅខេត្ត ឈីងហៃ (Qinghai) ភាគខាងលិចប្រទេសចិនមានឈ្មោះថា Gonghe Talatan Solar Park ដែលអាចផលិតថាមពលជាមធ្យមបាន ១៥.៦ GW ដោយគ្របដណ្តប់ផ្ទៃដីជាង ៦០០គីឡូម៉ែត្រក្រលា។ ដោយឡែកឧទ្យានទាញថមពលពីខ្យល់តាមរយៈកង្ហារ និងតួប៊ីន ដែលធំជាងគេលើលោក ក៏ស្ថិតនៅប្រទេសចិនដែរ នោះគឺ Jiuquan Wind Power Base ស្ថិតនៅលើតំបន់វាលខ្សាច់ Gobi ខេត្ត Gansu ភាគខាងជើងប្រទេស ដោយអាចផលិតថាមពលអគ្គិសនីបានដល់ ៣០ GW។
២៖ ថាមពលនុយក្លេអ៊ែរ (Nuclear Energy)៖ មិនមែនអាវុធនុយក្លេអ៊ែរទេ គឺ «ថាមពលនុយក្លេអ៊ែរ»។ ត្រឹមតែរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូច (Small Modular Reactors ឬ SMRs) ក៏អាចបំពេញតម្រូវការផ្នែកថាមពលជាច្រើនអនេកទៅហើយ ក្នុងនោះវាអាចទ្រទ្រង់ដំណើរការ រោងចក្រឧស្សាហកម្ម និងមជ្ឈមណ្ឌលទិន្នន័យ AI ជាដើម។ អ្វីដែលពិសេសបំផុត គឺនុយក្លេអ៊ែរស្ថិតនៅក្នុងជំពូកថាមពលស្អាត (carbon-free) តែម្តង។
៣៖ អ៊ីដ្រូសែនបៃតង (Green Hydrogen)៖ ជាថាមពលកើតចេញពីការបំបែកទឹក ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ ដោយមិនបញ្ចេញធាតុពុលទៅកាន់បរិស្ថាន។ អ៊ីដ្រូសែនជាប្រភពថាមពលគន្លឹះដ៏សំខាន់មួយ ដើម្បីជំនួសប្រេងនៅក្នុងវិស័យមួយចំនួន ដែលពិបាកកាត់បន្ថយប្រេងដូចជា ការដឹកជញ្ជូនធុនធ្ងន់, អាកាសចរណ៍ និងផលិតកម្មដែកថែបជាដើម។
៤៖ ថាមពលជីវឥន្ធនៈ (Biofuels/Bio-oils)៖ ប្រេង និងឥន្ធនៈដែលបានមកពីរុក្ខជាតិ អាចយកទៅចាក់ក្នុងម៉ាស៊ីនដើម្បីជំនួសសាំង និងម៉ាស៊ូតបាន។ ការធ្វើបែបនេះ គឺជាការសន្សំសម្ចៃ និងកាត់បន្ថយការប្រើប្រាស់ប្រេងសាំងបានមួយកម្រិត។
៥៖ រថយន្តអគ្គិសនី (EVs)៖ ការធ្វើដំណើររបស់មនុស្សរាប់ពាន់លាននាក់ជាប្រចាំថ្ងៃ ពិតជារឿងចាំបំផុតដើម្បីជម្រុញចរន្តសេដ្ឋកិច្ចសកល។ ការងាកបន្តិចម្តងៗមកប្រើរថយន្តអគ្គិសនី (Electric Vehicles) គឺជាជំហានដ៏ប្រសើរបំផុតមួយ ដែលអាចកាត់បន្ថយការបញ្ចេញឧស្ម័នពុល។ បញ្ចូលថាមពលឲ្យរថយន្តអគ្គិសនី ចេញពីប្រភពផលិតថាមពលស្អាតទៀត គឺ
- តើប្រភពថាមពលណាដែលល្អជាងគេក្នុងចំណោម ៥ ខាងលើនេះ?
សូមបញ្ជាក់ថា ប្រភពថាមពលស្អាតទាំង ៥ ខាងលើនេះ គឺសុទ្ធតែស្ថិតក្នុងទិសដៅរបស់ អង្គការសហប្រជាជាតិ (UN) ក្នុងការសម្រេចឲ្យបាន ព្រោះអ្វីដែល UN ខ្វាយខ្វល់បំផុតនោះ គឺការកើតឡើងកម្តៅភពផែនដី និងបម្រែបម្រួលអាកាសធាតុ ដែលបង្កឡើងដោយការបញ្ចេញឧស្ម័នពុល ទៅកាន់បរិយាកាស ដោយទង្វើមនុស្ស។
UN ចង់ឲ្យមនុស្សលោកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (Greenhouse Gas) ឲ្យបានពាក់កណ្តាលនៅត្រឹមឆ្នាំ២០៣០ និងទាំងស្រុង (០) នៅត្រឹមឆ្នាំ២០៥០ ប្រសិនបើមិនចង់ជួបបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលអាក្រក់បំផុតទេនោះ។
សម្រាប់ប្រភពថាមពលស្អាត ដែលល្អបំផុតក្នុងចំណោម ៥ ខាងលើនេះគឺ ថាមពលព្រះអាទិត្យ (Solar Energy) ព្រោះការអភិវឌ្ឍន៍នៃថាមពលប្រទេសនេះកាន់តែកើនឡើង និងមានតម្លៃកាន់តែសមរម្យ ហើយសូម្បីតែតាមលំនៅដ្ឋាននានារបស់ប្រជាជន ក៏អាចទិញបន្ទុះសូឡាស្រូបថាមពលពន្លឺព្រះអាទិត្យ (Solar Panels) មកដំឡើងដោយខ្លួនបានផងដែរ។ ថាមពលសូឡានេះត្រូវបានចាត់ទុកថា អាចធ្វើឲ្យយើងមានឯករាជ្យភាពផ្នែកថាមពលជាងគេ៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ UN / Insight Global / Investopedia (ថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦)