ដូចជាស្ងាត់ Voyager ទាំង២! តស់! មកតាមដានព័ត៌មានថ្មីប្រចាំឆ្នាំ២០២៦! (មានវីដេអូ)

(បរទេស)៖ តាំងពីចូលឆ្នាំ២០២៦មក ប្រិយមិត្តទំនងជាមិនទាន់បានដឹងឮព័ត៌មានថ្មីអ្វីឡើយ អំពីយានអវកាសសំណព្វចិត្តនោះគឺ Voyager-1 និង Voyager-2 ដែលបានចាកចេញពីភពផែនដី តាំងតែពីឆ្នាំ១៩៧៧ (មុនខ្ញុំកើត ១២ឆ្នាំ)។ យ៉ាងណាក៏ដោយ ការមិនមានព័ត៌មានថ្មីគួរឲ្យកត់សម្គាល់កន្លងមកនោះ ក៏ព្រោះតែ Voyager ទាំងនៅតែកំពុងបន្តគោចរទៅមុខ ដោយគ្មានឧបសគ្គអ្វីរាងរាំង… ប៉ុន្តែមកដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ អង្គការ NASA បានធ្វើការសម្រេចចិត្តសំខាន់មួយចំពោះយាន Voyager-1

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)
  • ចម្ងាយបច្ចុប្បន្នរបស់ Voyager-1 និង Voyager-2 ពីភពផែនដី

មុននឹងឈានចូលដំណឹងសំខាន់ យើងមកធ្វើការ Update ចម្ងាយរបស់ Voyager ទាំង២សិន ដោយគិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ យាន Voyager-1 ស្ថិតនៅចម្ងាយ ២៥.៣៩ពាន់លានkm ពីភពផែនដី ហើយទីតាំងដែលវាកំពុងសម្តៅទៅរកនោះ គឺតារានិករ Ophiuchus នៅក្នុងល្បឿន ១៧km/វិនាទី។ សម្រាប់យាន Voyager-2 វិញគិតត្រឹមពេលវេលាដូចគ្នា គឺកំពុងស្ថិតនៅចម្ងាយ ២១.៣២ពាន់លានkm ពីភពផែនដីនៅក្នុងល្បឿន ១៥.៤km/វិនាទី ហើយវាកំពុងស្ថិតនៅម្តុំតារានិករ Pavo បើយើងមើលទៅលើផ្ទៃមេឃផែនដី។

សម្រាប់សំនួរថា តើយានទាំងពីរក្រោយចាកចេញពីផែនដីជិត ៥០ឆ្នាំមកនេះធ្វើដំណើរបានមួយឆ្នាំពន្លឺហើយឬនៅ? ចម្លើយគឺ៖ កុំថាឡើង១ឆ្នាំពន្លឺ សូម្បីតែ១ថ្ងៃពន្លឺក៏មិនទាន់បានផង…។ ចំពោះយាន Voyager-1 ត្រូវបានគេរំពឹងថា នឹងសម្រេចបានចម្ងាយ ១ថ្ងៃពន្លឺពីផែនដី នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈយាន Voyager-2 វិញគឺរហូតដល់ខែវិច្ឆិកា ឆ្នាំ២០៣៥ ឯណោះ ដោយសារតែវាចល័តយឺតជាង Voyager-1 (បញ្ជាក់៖ ១ឆ្នាំពន្លឺ = ៣៦៥ថ្ងៃពន្លឺ)

(Image Credit: NASA via Scientific America)
  • តើ NASA ទើបធ្វើអ្វីចំពោះ Voyager-1?

កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ អង្គការ NASA បានជូនដំណឹងពីការបិទដំណើរការ ឧបករណ៍មួយបន្ថែមទៀតនៅលើយាន Voyager-1 ដើម្បីសន្សំសំចៃថាមពលបន្ថែមទៀត។ ឧបករណ៍ដែលបានបិទនោះគឺ The Low-energy Charged Particles experiment (LECP) ដែលមានតួនាទីវាស់ស្ទង់កម្រិត អេឡិចត្រុង (electrons), ប្រូតុង (protons) និងអ៊ីយ៉ុង (ions) នៅក្នុងទីអវកាស។

សម្រាប់ការបិទខាងលើនេះនឹងធ្វើឲ្យ Voyager-1 បង្កើនពេលវេលាបន្ថែមទៀត សម្រាប់ការត្បុលទៅកាន់តំបន់អន្តរលំហអវកាស (Interstellar Space) កាន់តែជ្រៅ ហើយអាចប្រទះឃើញអ្វីថ្មីៗទៀត ដើម្បីបញ្ជូនដំណឹងមកដល់មនុស្សម្នាលើផែនដីបានដឹង… ព្រោះយើងគ្មានយានណាផ្សេង ដែលទៅបានឆ្ងាយក្នុងទីអវកាសដូចជា Voyager-1 នេះឡើយ។

ដូច្នេះ ឧបករណ៍ចំនួនហើយត្រូវបានបិទដំណើរការ ក្នុងចំណោមឧបករណ៍សំខាន់ៗចំនួន១០ នៅលើយាន Voyager-1 ហើយឧបករណ៍ដែលនៅសល់ពេលនេះគឺមានតែ ប៉ុណ្ណោះគឺ ឧបករណ៍វាស់ស្ទង់ដែនម៉ាញេទិច (Magnetic Field) និង ឧបករណ៍វាស់រលកធាតុផ្លាស្មា (Plasma Waves)។ សម្រាប់ Voyager-2 វិញគឺនៅសល់ចំនួន ក្នុងចំណោមឧបកររណ៍សរុប ១០ដូចគ្នា។

(Image Credit: NASA)

គួរបញ្ជាក់ថា នៅក្រោយការបិទឧបករណ៍បន្ថែមទៀតនេះ អង្គការ NASA រំពឹងថា Voyager ទាំង២នឹងអាចដំណើរការដល់ឆ្នាំ២០៣៦…។ ចុះនៅក្រោយឆ្នាំ២០៣៦? ប្រាកដណាស់ បន្ទាប់ពីនោះយាន Voyager ទាំងនឹងគ្មានថាមពលគ្រប់គ្រាន់សម្រាប់ទាក់ទងជាមួយភពផែនដីទៀតទេ ដូច្នេះពួកវានឹងបន្តត្បុលទៅកាន់ទីអវកាសកាន់តែឆ្ងាយទៅៗ… តែសូមកុំភ័យ ព្រោះនៅក្នុងយានទាំងមាន Golden Records ម្នាក់មួយ…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦)

Comments (0)
Add Comment