(បរទេស)៖ ៥ឆ្នាំមកហើយដែលប្រិយមិត្តទាំងអស់គ្នា មិនទាន់បានទទួលព័ត៌មានថ្មីអ្វីសោះ ជុំវិញគម្រោងបញ្ជូនយាន Solar Sail ទៅកាន់ប្រព័ន្ធផ្កាយ Alpha Centauri ដែលស្ថិតនៅកៀកប្រព័ន្ធព្រះអាទិត្យយើងបំផុតនោះ… តើគម្រោងនៅតែដំណើរការទេ? ប្រសិនបើនៅដំណើរការវាអាចទៅរួចទេ? ហើយថា តើយើងនឹងទទួលបានប្រយោជន៍អ្វី ពីគម្រោងបញ្ជូនយាន Solar Sail មួយនេះ?
- តើអ្វីទៅជាគម្រោងបញ្ជូនយានទៅ Alpha Centauri?
គម្រោងបញ្ជូនយានទៅប្រព័ន្ធផ្កាយភ្លោះ៣ Alpha Centauri ដែលស្ថិតនៅកៀកប្រព័ន្ធព្រះអាទិត្យយើងបំផុតគឺ ៤.៣៧ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm) នោះ មានឈ្មោះជាផ្លូវការថា Breakthrough Starshot ដោយមានគោលដៅបញ្ជូនយានមានទម្រង់ដូចក្តោងទូក មានឈ្មោះថា Solar Sail ទៅកាន់ផ្កាយ Proxima Centauri ដែលជាផ្កាយតូចជាងគេ ក្នុងចំណោមផ្កាយភ្លោះទាំង ៣ និងមានចម្ងាយតែ ៤.២៤ឆ្នាំពន្លឺពីយើងប៉ុណ្ណោះ។
គម្រោងដ៏ធំធេងនេះជាគំនិតផ្តួចផ្តើមដំបូងកាលពីឆ្នាំ២០១៦ ដោយមហាសេដ្ឋីរុស្ស៊ីលោក Yuri Milner, ក្រុមហ៊ុន Meta នៃសហរដ្ឋអាមេរិក (កាលណោះគឺ Facebook) របស់លោក Mark Zuckerberg និងអ្នកវិទ្យាសាស្ត្រអង់គ្លេសដ៏ល្បីល្បាញ លោក Stephen Hawking (កាលនៅរស់) ដោយគំនិតផ្តួចផ្តើមដំបូងនោះមានតម្លៃ ១០០លានដុល្លារសហរដ្ឋអាមេរិក។ បន្ទាប់មកទៀត ក៏មានដៃគូជាច្រើនសម្រេចចិត្តចូលរួមផងដែរដូចជា អង្គការសង្កេតផ្ទៃមេឃភាគខាងត្បូងរបស់អឺរ៉ុប (ESO) (ជួយផ្តល់តេឡេស្កូប Very Large Telescope (VLT) នៅឈីលីដើម្បីសង្កេតរកភពអាចមានជីវិតនៅ Alpha Centauri) និងអង្គការ NASA នៃសហរដ្ឋអាមេរិក ក៏ត្រៀមចូលរួមយ៉ាងសកម្មដូចគ្នា។
- តើគោលដៅធំរបស់ Breakthrough Starshot ពីមុនជាអ្វី?
គម្រោងដើមរបស់ Breakthrough Starshot គឺបញ្ជូនយានក្តោង Solar Sail ឬ Lightsail ដែលមានបំពាក់សុទ្ធតែគ្រឿងយន្តខ្នាតតូច (nanocraft ទម្ងង់ត្រឹមខ្ទង់ក្រាម និងទំហំត្រឹមខ្ទង់សង់ទីម៉ែត្រ, មានឈ្មោះជាផ្លូវការថា Starchips) ទៅកាន់ប្រព័ន្ធផ្កាយភ្លោះបី Alpha Centauri នៅឆ្នាំ២០៣៦ ដោយប្រើប្រាស់ការបាញ់បញ្ជូនថាមពលពីព្រះអាទិត្យ (beams) ជាកម្លាំងរុញយាននោះឆ្លងកាត់ទីអវកាសបានដល់ ២០% នៃល្បឿនពន្លឺ ហើយក្នុងកម្រិតល្បឿននេះ យាននោះអាចចល័តទៅដល់ Alpha Centauri នៅក្នុងរយៈពេលឆាប់បំផុត ២០ឆ្នាំ និងយូរបំផុត ៤០ឆ្នាំ។
អានមួយត្រួសហើយ គ្រប់គ្នាប្រាកដជាគិតថា Solar Sail ធ្វើដំណើរទៅ Alpha Centauri ដោយស្ថិតក្នុងគោលដៅធំបំផុត ក្នុងការស្វែងរកភពមានជីវិតហើយ, ពិតមែនទេ? តែវាមិនមែនបែបនេះទាំងស្រុងទេ… គោលដៅធំនៃបេសកកម្មនេះ គឺជាការតេស្តសមត្ថភាពរបស់យាន ដែលនឹងមិនប្រើប្រាស់រ៉ុក្កែតស្តុកឥន្ធនៈអ្វីនោះទេ ដោយពួកគេនឹងប្រើថាមពលពីព្រះអាទិត្យតែម្តង ដើម្បីរុញច្រានយាននោះ ពុសជ្រែកទីអវកាសទៅរកប្រព័ន្ធផ្កាយណាដែលយើងគិតថា ជាភពកំពុងមានជីវិត… ដូច្នេះ Proxima Centauri ដែលជាផ្កាយស្ថិតនៅកៀកយើងបំផុត គឺជាគោលដៅល្អប្រពៃជាងគេហើយសម្រាប់តេស្តនេះ។
- តើមានអ្វីកើតឡើងចំពោះ Breakthrough Starshot?
កាលពីអំលុងឆ្នាំ២០២៥ សេចក្តីរាយការណ៍មួយបានទម្លាយភាពស្ងៀមស្ងាត់ ហើយវាមិនមែនជាសញ្ញាល្អទេ តែក៏មិនមែនត្រូវឲ្យយើងអស់សង្ឃឹមទាំងស្រុងដែរ…។ ពិតណាស់! Breakthrough Starshot មានទំហំធំធេងពេក ដែលនាំឲ្យជំនួយមិនអាចប្រមូលបានគ្រប់គ្រាន់សម្រាប់ បំពេញបេសកកម្មដែលនឹងមិនបានចំណូលអ្វីមកវិញ (ជះលុយចោលដើម្បីបំពេញមហិច្ឆតាដ៏សែនវែងឆ្ងាយ) ដែលជាហេតុធ្វើឲ្យគម្រោងទាំងមូលត្រូវព្យួរជាបណ្តោះអាសន្ន ដើម្បីរង់ចាំការដោះដូរដៃគូថ្មីៗ។
បញ្ហាទាំងអស់នេះបានកើតឡើង ក៏ដោយសារតែដៃគូចូលរួមមានច្រើនបក្សពេកដូចជា ក្រុមអ្នកវិទ្យាសាស្ត្រ ក្រុមអ្នកជំនាញ និងស្ថាប័នធំៗជាដើម ដូច្នេះការប្រកាន់គំនិតរាងៗខ្លួនបានផ្ទុះឡើងដោយគេចមិនរួច។ អ្នកខ្លះគិតថា ទ្រឹស្តី និងការតេស្តបឋម បានបង្ហាញពីភាពអាចទៅរួចរួចទៅហើយនៃ Solar Sail ដូច្នេះមិនចាំបាច់ត្រូវបញ្ជូនយានសាកល្បងអ្វីទៅ Alpha Centauri ថែមទៀត ដែលនាំឲ្យមានការចំណាយដ៏មហាសាលនោះឡើយ…។ ដោយឡែកមតិខ្លះទៀតបានចោទជាសំនួរអំពី ថ្លៃចំណាយទៅលើថាមពលដែលត្រូវបញ្ជូនសម្រាប់ Solar Sail ព្រោះការកសាងស្ថានីយ៍បាញ់កាំរស្មីឡាស៊ែរ ដែលយកថាមពលព្រះអាទិត្យជាគោល ឲ្យបានរហូតដល់ទៅកម្រិត ១០០ជីហ្គាវ៉ាត់ មិនមែនជារឿងងាយៗនោះទេ…។
- តើគម្រោង Breakthrough Starshot នេះនៅតែអាចទៅរួចឬទេ?
ឈានមកដល់ចំណុចចុងក្រោយនេះ យើងខ្ញុំសូមជម្រាបជូនថា កុំទាន់អាលអស់សង្ឃឹម…។ គម្រោង Breakthrough Starshot នៅតែស្ថិតនៅលើតុនៅឡើយ ដោយមិនទាន់មានការបោះបង់ចោលទេ។ ប៉ុន្តែ… ដោយសារតែវាប្រើប្រាប់បច្ចេកវិទ្យារបស់ NASA ជាគោល ដូច្នេះការកែសម្រួលក៏បាននិងកំពុងកើតឡើងតាមសម័យកាលផងដែរ ជាពិសេសទៅលើប្រភពថាមពល និងទម្រង់យានដែលត្រូវបញ្ជូនទៅទីនោះ…។
គិតចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់ពេលនេះ NASA បាននិងកំពុងអភិវឌ្ឍបច្ចេកវិទ្យាចម្បងមួយហៅថា Advanced Composite Solar Sail System (ACS3)។ បច្ចេកវិទ្យានេះស្ថិតក្នុងគោលដៅផលិតគ្រឿងយន្តអវកាស ឬយានអវកាស ដែលមានទម្ងន់ស្រាល និងចំណាយតិច ដើម្បីបំពេញមហិច្ឆតាបញ្ជូនគ្រឿងយន្តទាំងនោះទៅកាន់ទីអវកាសជ្រៅៗ ឬដល់កម្រិតប្រព័ន្ធផ្កាយដទៃ (Alpha Centauri) ដោយមិនប្រើប្រាស់រ៉ុក្កែត និងឥន្ធនៈឡើយ តែយកថាមពលពីព្រះអាទិត្យយើងជាចម្បង។
សរុបសេចក្តីមក ផែនការដើមនៃការបញ្ជូនយាន Lightsail ឬ Solar Sail ទៅកាន់ប្រព័ន្ធផ្កាយ Alpha Centauri នៅឆ្នាំ២០៣៦ នោះត្រូវបានព្យួរហើយ តែការលុបចោលគម្រោងទាំងមូលគឺមិនទាន់ទេ…។ គ្រប់គ្នាហាក់កំពុងរង់ចាំអង្គការ NASA លូកដៃសង្គ្រោះកម្មវិធីនេះពេញមួយទំហឹង តែចម្លើយមិនទាន់មានឡើយ ខណៈ NASA ក៏កំពុងរងការធ្វើទុក្ខបុកម្នេញពីរដ្ឋបាលលោក ដូណាល់ ត្រាំ នៅឡើយ (យើងនិយាយពីចេតនាកាត់ផ្តាច់ថវិកាប្រចាំឆ្នាំ យ៉ាងច្រើនជាប្រវត្តិសាស្ត្រ)។
- តើការបញ្ជូនយាន Solar Sail របស់ NASA នឹងត្រូវអនុវត្តតាមគម្រោងដើមទេ?
សម្រាប់អង្គការ NASA ប្រសិនបើខ្លួនចង់បញ្ជូន Solar Sail ទៅកាន់ Alpha Centauri នោះ វានឹងអាចកើតឡើងនៅឆ្នាំ២០៦៩ឯណោះ ដោយនឹងចំណាយពេល ២០ឆ្នាំដើម្បីទៅដល់ ជាមួយនឹងល្បឿនយានប្រមាណ ២០% នៃល្បឿនពន្លឺ (ល្បឿនពន្លឺគឺជិត ៣០០,០០០km/វិនាទី)។ តែនេះត្រឹមជាគម្រោងប៉ុណ្ណោះ…។
ប៊ិះភ្លេចចំណុចពិសេសមួយទៀត! នៅលើយាន Solar Sail នោះក៏មានបំពាក់កូនកាមេរ៉ាមួយចំនួនផងដែរ ដើម្បីថតទិដ្ឋភាពពិសេសៗនៃប្រព័ន្ធ Alpha Cenaturi (ជាពិសេសភព Proxima B) ហើយបញ្ជូនរូបភាពទាំងនោះមកកាន់ផែនដីវិញ តែអ្នកទាំងអស់គ្នាជាច្រើនរួមទាំងខ្ញុំ ប្រាកដជាមិនអាចចាំដល់ពេលពេលវេលាជាប្រវត្តិសាស្ត្រនោះទេ… គួរឲ្យស្តាយប្រសិនបើគម្រោងនេះកើតឡើងមែន៕
រៀបរៀងដោយ៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ NASA / The Planetary Society / SPACE (ថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦)