ជាលើកដំបូង! James Webb ឆ្លុះផ្ទៃភព Exoplanet ១តែម្តង! វាស្រដៀងភពមួយក្នុងប្រព័ន្ធយើង…

(បរទេស)៖ លោកអ្នកប្រាកដជាដឹងត្រឹមថា James Webb ធ្លាប់បានសិក្សាអំពីបរិយាកាសភព និងស្វែងរកវត្តមានភពនៅជុំវិញផ្កាយដទៃ ក្រៅពីប្រព័ន្ធព្រះអាទិត្យយើងប៉ុណ្ណោះ ហើយទាំងអស់នេះសុទ្ធតែសមត្ថភាពដ៏អស្ចារ្យណាស់ទៅហើយ។ ចុះបើក្រុមអ្នកវិទ្យាសាស្ត្រប្រាប់អ្នកទាំងអស់គ្នាថា តេឡេស្កូបអវកាសតម្លៃជិត ១០ពាន់លានដុល្លារអាមេរិកមួយនេះ ទើបបោះមួយជំហានទៅទៀតទៅសិក្សាអំពីផ្ទៃភព (surface) តែម្តងនោះ តើលោកអ្នកគិតថាអាចទៅរួចដែរទេ? ចម្លើយគឺ «ទៅរួច» ព្រោះវាបានកើតឡើងហើយ ខណៈលទ្ធផលវិញគឺវាស្រដៀងភពមួយក្នុងប្រព័ន្ធយើង…។

  • ភព LHS 3844 b ចម្ងាយ ៥០ឆ្នាំពន្លឺពីភពផែនដី

ក្នុងរយៈចម្ងាយនេះ អាចថាជាចំណុចផ្អែមមួយសម្រាប់តេឡេស្កូបនានា ងាយធ្វើការសង្កេតបុគ្គលិកលក្ខណៈនៃភពនានា ដែលត្រូវបានសង្កេតឃើញគោចរជុំវិញផ្កាយដែលស្ថិតក្នុងគោលដៅនោះ។ LHS 3844 b ដែលមានចម្ងាយ ៥០ឆ្នាំពន្លឺ ពីយើងនោះ មានទំហំធំជាងផែនដីយើង ៣០% ហើយវាគោចរជុំវិញផ្កាយ LHS 3844 ស្ថិតនៅក្នុងជំពូក M-Dwarf Red Dwarf ដែលតារាមានម៉ាសស្រាល, ទំហំតូច, ពន្លឺស្រទន់ និងមិនសូវក្តៅដូចព្រះអាទិត្យយើងឡើយ…។

  • James Webb ឆ្លុះមើលផ្ទៃរបស់ LHS 3844 b ជាលើកដំបូង

ដូចដែលត្រូវបានបញ្ជាក់នៅខាងដើមអត្ថបទ តេឡេស្កូបអវកាស James Webb គិតចាប់តាំងពីការបើកដំណើរការផ្លូវការ កាលពីអំលុងខែកក្កដា ឆ្នាំ២០២២មក មិនដែលបានឆ្លុះមើលផ្ទៃរបស់ភព Exoplanet ណាមួយឡើយ ដោយមានតែការសង្កេតធាតុផ្សំក្នុងបរិយាកាស និងការស្វែងរកវត្តមាននៃភព Exoplanet គោចរជុំវិញផ្កាយនានានោះប៉ុណ្ណោះ…។

លទ្ធផលសង្កេតបានបង្ហាញថា ភព LHS 3844 b គោលចរជុំវិញផ្កាយ LHS 3844 យ៉ាងកៀក (មិនដល់១លានkmពីគ្នាឡើយ) ដែលធ្វើឲ្យមួយឆ្នាំរបស់វាស្មើតែ ១១ម៉ោងប៉ុណ្ណោះ (ការគោចរជុំវិញផ្កាយមេវាមួយជុំ)។ មួយវិញទៀត វាគោចរនៅក្នុងលក្ខណៈបិទ ឬខ្ទាស់ (Locked Orbit) ដែលដំណើរគោចរប្រភេទនេះ នាំឲ្យផ្ទៃវាម្ខាងបែរមុខទៅរកផ្កាយវារហូត និងម្ខាងទៀតងងឹតរហូត។

សម្រាប់ផ្នែកម្ខាងដែលបែររកផ្កាយនោះ មានកម្តៅដល់ទៅ ៧២៥អង្សាសេឯណោះ។ ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន Max Planck ប្រទេសអាល្លឺម៉ង់ ដែលបានសិក្សាលើទិន្នន័យពី James Webb នេះបានថ្លែងនៅដើមខែឧសភា ឆ្នាំ២០២៦នេះថា «យើងឃើញផ្ទៃដ៏ខ្មៅ, ពោពេញដោយថ្ម និងគ្មានបរិយាកាស ឬជីវិតអ្វីទាំងអស់» នៅលើភពនោះ។

  • វាស្រដៀងភពមួយក្នុងប្រព័ន្ធព្រះអាទិត្យយើង

ពិតណាស់! ទិន្នន័យដូចដែលត្រូវបានសិក្សារកឃើញខាងលើនេះ ធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រគិតឃើញភ្លាមៗ ទៅដល់ភពមួយក្នុងប្រព័ន្ធផ្កាយយើងនោះគឺ ភពពុធ (Mercury)។ យ៉ាងណាក៏ដោយ នៅលើភព LHS 3844 b ក៏មានថ្មមួយចំនួនដូចភពផែនដី ព្រះចន្ទ និងភពអង្គារមានផងដែរដូចជា ស៊ីលីកា (silica) និងក្រានីត (granite) ជាដើម ខណៈថ្មទាំងអស់នេះតែងតែកកើតឡើងនៅពេលមានវត្តមានទឹក និងចលនាតិចតូនិច…។

យ៉ាងណាក៏ដោយ ការអះអាងថា LHS 3844 b មានលក្ខណៈដូចភពពុធនោះ គឺយោងទៅលើកត្តាធំៗមួយចំនួនដូចជា ការគ្មានបរិយាកាសសោះ (ត្រងោល), ការស្ថិតកៀកផ្កាយខ្លាំង, ការមានផ្ទៃក្រាលគ្របដោយថ្ម និងការគ្មានជីវិតអ្វីទាំងអស់…។ ដោយឡែកភពពុធមិនមែនជាភព locked orbit ដូចជា LHS 3844 b នោះទេ តែយ៉ាងណាផ្ទៃរបស់ភពពុធដែលនៅពេលបែររកព្រះអាទិត្យនោះគឺមានកម្តៅដល់ទៅ ៤៣០អង្សាសេទៅហើយ។

  • តើ James Webb សិក្សាពីផ្ទៃភព LHS 3844 b បានយ៉ាងដូចម្តេច?

យើងមិនត្រូវភ្លេចនោះទេថា តេឡេស្កូបអវកាស James Webb មានបំពាក់ឧបករណ៍ពិសេសៗចំនួន ហើយក្នុងនោះឧបករណ៍មួយឈ្មោះ Mid-Infrared Instrument (MIRI) ឬឧបករណ៍សង្កេតពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម មានមុខងារស័ក្តិសមចំពោះបេសកកម្មពិសេសដំបូងនេះ។

MIRI របស់ Webb បានធ្វើការសង្កេតដោយផ្ទាល់ទៅលើពន្លឺក្រហមអាំងហ្វ្រា (Infrared Light) ដែលជះចេញដោយផ្ទាល់ពីផ្ទៃថ្មរបស់ភព LHS 3844 b នោះតែម្តង ព្រោះតែផ្ទៃភពនោះទទួលបានពន្លឺពីផ្កាយមេវាផ្ទាល់ដូចគ្នា។ ការត្រួតពិនិត្យទម្រង់នៃពន្លឺ Infrared ទៅតាមប្រវែងរលក (wavelengths) ដូចដែលត្រូវបានកំណត់នោះហើយ ទើបអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្រ វិភាគដឹងអំពីសមាសធាតុផ្សំៗសំខាន់នៃផ្ទៃភពនោះ៕

រូបតំណាងនៃភព LHS 3344 b (Credit: NASA)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦)

Comments (0)
Add Comment