តើតេស្ត Starship ម្តងៗចាយលុយអស់ប៉ុន្មាន? (តេស្តលើកទី១២) (មានវីដេអូ)

(បរទេស)៖ នេះជាសំនួរដែលប្រិយមិត្តជាច្រើនបានសាកសួរតាំងតែពីការធ្វើតេស្ត Starship ជាលើកដំបូងក្នុងខែកញ្ញា ឆ្នាំ២០២០មកម្ល៉េះ ហើយបើនិយាយតាមភាពជាក់ស្តែងនោះ ប៉ុន្មានឆ្នាំកន្លងមកនេះយើងមិនទាន់មានចម្លើយណាអាចបង្ហាញដោយច្បាស់លាស់នោះឡើយ ព្រោះនេះរឿងសម្ងាត់របស់ក្រុមហ៊ុន SpaceX ផ្ទាល់ គ្រាន់តែនៅពេលប្រកាសពីការចាប់ផ្តើមអភិវឌ្ឍគម្រោងផលិត Starship នេះ ក្រុមហ៊ុនរបស់លោក Elon Musk មួយនេះបានប្រកាសថា ខ្លួនត្រៀមកញ្ចប់ថវិការហូតដល់ ១៥ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

យ៉ាងណាក៏ដោយ នៅក្រោយបញ្ចប់ការធ្វើតេស្តលើកទី ១២ (Starship Flight Test 12) កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ចម្លើយដ៏គួរឲ្យជឿទុកចិត្តត្រូវបានរំលេចចេញមក អំពីការវាយតម្លៃទៅលើអ្វីដែលកំពូលមហាសេដ្ឋីលើផែនដី លោក Elon Musk បានចំណាយទៅលើការតេស្តប្រព័ន្ធដឹកជញ្ជូនអវកាសធំជាងគេបំផុតលើលោក ដោយក្នុងនោះមានទាំងទៅលើការធ្វើតេស្ត Starship តែឯង និងការធ្វើតេស្តរួមរវាងរ៉ុក្កែតយក្ស Super Heavy Booster និង Starship ដាក់បន្តុបពីលើនោះ។

មុននឹងឈានទៅដល់ថ្លៃចំណាយនៃការតេស្តនេះ ចូរយើងគ្រប់គ្នាទៅពិនិត្យមើលការធ្វើតេស្ត Starship ចុងក្រោយបំផុតនោះគឺ Starship Test Flight 12 ជាមុនសិន។

  • ការធ្វើតេស្ត Starship លើកទី១២

ប្រតិបត្តិការនេះបានកើតឡើងកាលពីវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង ៥៖៣០នាទីព្រឹកថ្ងៃទី២៣ ខែឆ្នាំដដែល (ម៉ោងនៅប្រទេសកម្ពុជា) ដោយ Starship ត្រូវបានរ៉ុក្កែត Super Heavy Booster ស៊េរីថ្មី Version 3 (V3 ធ្ងន់ជាងរ៉ុក្កែត V2 ស៊េរីមុខប្រមាណជិត ៣០តោន និងខ្ពស់ជាង ១.៥ម៉ែត្រ) រុញច្រានចេញពីមូលដ្ឋាន Starbase (Gateway to Mars) របស់ SpaceX ស្ថិតនៅក្នុងរដ្ឋ Texas ភាគខាងត្បូងសហរដ្ឋអាមេរិក។

ក្រោយពីហោះឡើងបាន ២នាទី និង ២៤វិនាទី ដំណើរការផ្តាច់ខ្លួនរវាង Starship និង Booster យើងហៅថា Hot-staging បានកើតឡើង ហើយ Starship បានប្រើប្រាស់រ៉ុក្កែតផ្ទាល់ខ្លួន រុលឡើងរហូតដល់គន្លងគោចរដែលមានរយៈកម្ពស់ជាមធ្យម ១៥០km ពីផ្ទៃដី និងដាក់ពង្រាយផ្កាយរណប Starlinks សាកល្បងនៅរយៈពេល ១៧.៥នាទី បន្ទាប់ពីការហោះឡើងពីផ្ទៃដីនោះ។

សម្រាប់ផែនការដើមនៃការធ្វើតេស្ត រ៉ុក្កែត Super Heavy Booster V3 ត្រូវបានកំណត់ឲ្យទម្លាក់ខ្លួន ដើម្បីចុះចតលើផ្ទៃឈូងសមុទ្រម៉ិកស៊ីកវិញ។ ប៉ុន្តែនៅពេលកំពុងទម្លាក់ខ្លួនចុះវិញនោះ ការបញ្ជាម៉ាស៊ីនរ៉ុក្កែតឲ្យបញ្ឆេះដើម្បីទប់ល្បឿន មិនត្រូវបានធ្វើឡើងដោយសមស្របឡើយ រហូតដល់ចុងក្រោយមានតែម៉ាស៊ីន (Raptor) មួយគ្រឿងប៉ុណ្ណោះក្នុងចំណោមម៉ាស៊ីនធំៗទាំង បានដំណើរការ ដូច្នេះរ៉ុក្កែតទាំងមូលបានធ្លាក់ពេញមួយទំហឹងលើទឹកសមុទ្រ និងផ្ទុះឆេះខ្ទេចខ្ទី ដែលនេះជាផ្នែកបរាជ័យមួយក្នុងការធ្វើតេស្ត V3 នេះ។

កត្តាដែលបានបង្កឲ្យមានបញ្ហាលើ Super Heavy Booster V3 ដែលទើបយកមកធ្វើតេស្តដំបូងនេះ ត្រូវបានក្រុមការងារ SpaceX សង្ស័យទៅលើការលេចធ្លាយឥន្ធនៈ និងប្រព័ន្ធផ្គត់ផ្គង់ឥន្ធនៈ។ ដោយឡែកសម្រាប់ Starship វិញ បានគោចរនៅក្នុងរយៈកម្ពស់ជាអតិបរមាណ ១៩៥km រហូតដល់បានចុះចតលើផ្ទៃមហាសមុទ្រឥណ្ឌាដោយជោគជ័យ នៅវេលាម៉ោង ៦៖៣៧នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) ឬស្មើនឹងរយៈពេល ១ម៉ោង និង ៧នាទី នៃប្រតិបត្តិការធ្វើតេស្តពីដើមដល់ចប់។

(Credit: SpaceX)
  • ថ្លៃចំណាយសម្រាប់ការធ្វើតេស្ត Starship ម្តងៗ

សម្រាប់ថ្ងៃចំណាយនៃការធ្វើតេស្ត Starship ក៏យើងត្រូវបែងចែកជាផងដែរ នោះគឺការធ្វើតេស្ត Starship ទទេមិនមានរ៉ុក្កែត Super Heavy Booster ក្នុងនោះមានដូចជា SN8, SN9, SN10 និង SN15 ដោយស្ថិតនៅក្នុងរយៈកម្ពស់គោលដៅតែ ១០km ខណៈការធ្វើតេស្តដោយមាន Super Heavy Booster គឺចាប់ពី Orbital Flight Test 1 រហូតដល់ 12 ចុងក្រោយគេនេះ។ ដូចឆ្នេះចូរស្វែងយល់ទាំងចំណុចដូចខាងក្រោម៖

១៖ ការធ្វើតេស្ត Starship ទទេ៖ មានដូចជា SN8, SN9, SN10 និង SN15 ជាដើម ដោយកាលណោះក្រុមហ៊ុន SpaceX មិនបានបញ្ចេញទិន្ន័យជាផ្លូវការអ្វីសោះតែម្តង ចំពោះថ្លៃចំណាយរបស់ខ្លួនលើតេស្តទាំងអស់នេះ។ តែយ៉ាងណា ខាងក្រុមជំនាញឯករាជ្យផ្នែកឧស្សាហកម្មអវកាសបានគណនាថា រាប់ទាំងការផលិត Starship គំរូ និងការរៀបចំប្រតិបត្តិការធ្វើតេស្តគ្រប់យ៉ាងតែម្តង អាចចំណាយខ្ទង់ចាប់ពី «១០-២០លានដុល្លារសហរដ្ឋអាមេរិក» ក្នុងតេស្តមួយលើក។

(Credit: SpaceX)

២៖ ការធ្វើតេស្ត Starship + Super Heavy Booster៖ មានចាប់ពី Orbital Test Flights លើកទី រហូតដល់ ១២ ត្រូវបានក្រុមអ្នកជំនាញក្រៅស្ថាប័ន SpaceX គណនាថា អាចចំណាយចាប់ពី «៩០-១០០លានដុល្លារអាមេរិក» ក្នុងការធ្វើតេស្តមួយលើក។ ការចំណាយនេះគិតទាំងទៅលើការផលិត Starship, រ៉ុក្កែត Super Heavy Booster និងការចេញប្រតិបត្តិការគ្រប់យ៉ាងទាំងអស់ ដើម្បីឲ្យការធ្វើតេស្តអាចប្រព្រឹត្តទៅបាន៕

(Credit: SpaceX)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា) (ទំនាក់ទំនងទិញអត្ថបទ៖ 070 666 553)
ប្រភព៖ SpaceX / CNBC (ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦)

Comments (0)
Add Comment