បកស្រាយចម្ងល់ទាំង «៥» អំពីប្រហោងខ្មៅ (Black Hole) សម្រាប់ឆ្នាំ២០២៦ (វីដេអូ)

(បរទេស)៖ ជឿថា ប្រហោងខ្មៅ (Black Hole) នៅតែជាប្រធានបទដ៏ប្រទាញប្រទង់ និងគួរឲ្យចង់យល់ដឹងគ្រប់សម័យកាលទាំងអស់ ហើយឈានមកដល់ពាក់កណ្តាលឆ្នាំ២០២៦នេះ ការសិក្សាអំពីបាតុភូតអវកាសដ៏មហាអស្ចារ្យនេះ ក៏នៅតែកំពុងបន្តពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រនៅទូទាំងពិភពលោកដែរ។ ដើម្បីឲ្យគ្រប់គ្នាកាន់តែយល់ដឹងបន្ថែមអំពី Black Hole នោះ យើងសូមលើកយកចម្ងល់ចំនួន បន្ថែមមកធ្វើការបកស្រាយដូចខាងក្រោម៖

(ចុចទស្សនាក្នុងយូធូប Cambo Space Edu)

១៖ តើយើងធ្លាប់រកឃើញភពគោចរជុំវិញ Black Hole ដែរឬទេ?

គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមតារាវិទូអន្តរជាតិ មិនទាន់បានរកឃើញភព (Exoplanet) ណាមួយ គោចរជុំវិញ Black Hole នៅឡើយទេ។ ពិតណាស់! ទោះបីជាក្នុងទ្រឹស្តីបង្ហាញថា ភពនានាអាចចាប់កំណើត តាមរយៈប្រតិកម្មនៃកម្ទេចធូលីដ៏ចលាចលនៅជុំវិញ Black Hole នោះក៏ដោយ តែការសិក្សាស្វែងរកភពនៅជុំវិញ Black Hole គឺជារឿងលំបាកបំផុត។

យើងប្រាកដជាធ្លាប់ស្គាល់ហើយនូវប្រហោងខ្មៅ Gaia BH1 ដែលមានចម្ងាយជិតផែនដីជាងគេ នោះគឺប្រមាណ ១,៥៦០ឆ្នាំពន្លឺ ពីភពរបស់យើង។ ទោះបីជាយើងដឹងថាវាមានវត្តមាននៅទីនោះ តែយើងក៏មិនអាចដឹងថាវាមានរូបរាងបែបណាឡើយ ព្រោះគ្មានពន្លឺអ្វីអាចបញ្ជាក់ពីវា ហើយប្រហោងខ្មៅកម្រិតតូចៗបែបនេះ គឺមានសភាពខ្មៅងងឹតដូចជាឈ្មោះវាយ៉ាងនោះឯង… ដូច្នេះទោះបីជាមានភពគោចរជុំវិញប្រហោងខ្មៅប្រភេទដូច Gaia BH1 ក៏ដោយ ក៏ពេលនេះមនុស្សលោកគ្មានវិធីសាស្ត្រណាអាចរកឃើញនៅឡើយដែរ។

២៖ តើ Black Hole អាចលេបផ្កាយដែលធំជាងវាដែរឬទេ?

ត្រង់ចំណុចនេះយើងចង់សម្តៅទៅលើខ្លួន Black Hole មួយដែលកំពុងរំកិលទៅរកផ្កាយមួយទៀត មានមាឌធំជាងវានោះឯង។ សម្រាប់ចម្លើយគឺ Black Hole នោះពិតជាអាចលេបផ្កាយ ដែលមានមាឌធំជាងវាបាន ព្រោះកម្លាំងស្រូបទាញ (Gravitational Pull) របស់ Black Hole នានាពិតជាខ្លាំងអស្ចារ្យណាស់ ដែលអាចស្រូបយកផ្កាយនោះបន្តិចម្តងៗ មកបំពេញម៉ាសឲ្យខ្លួនវា នៅពេលដែលផ្កាយនោះធ្លាក់ចូលក្នុងមាត់ជ្រោះនៃទំនាញ Black Hole ទាំងនោះ។

ឬក៏យើងអាចមានការពន្យល់មួយបែបទៀត នោះគឺកម្លាំងជំនោរ (Tidal Force) របស់ Black Hole អាចពុសហែកផ្កាយនោះជាបំណែកៗ រួច Black Hole នោះក៏ស្រូបយកកម្ទេចកម្ទីផ្កាយតាមក្រោយ ដែលយើងហៅដំណើរក្នុងទ្រឹស្តីនេះថា Tidal Disruption Event។ សម្រាប់ព្រឹត្តិការណ៍ទាំងអស់នេះ យើងក៏ធ្លាប់ឃើញក្រុមអ្នកវិទ្យាសាស្ត្រចាប់បាន និងបកស្រាយផងដែរ ជាពិសេសតាមរយៈតេឡេស្កូបអវកាស Hubble ជាដើម។

៣៖ តើទិដ្ឋភាព Black Hole ក្នុងភាពយន្តណាដែលដូចការពិតជាងគេ?

ពិតណាស់! ខ្សែភាពយន្តប្រឌិតតាមបែបវិទ្យាសាស្ត្រច្រើនណាស់មកហើយ ត្រូវបានផលិតឡើងពាក់ព័ន្ធនឹង Black Hole។ សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ឈុតឆាក Black Hole ដែលដូចការពិតជាងគេបំផុតនោះ គឺប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) ឈ្មោះ ហ្គាហ្គែនជួ (Gargantua) នៅក្នុងខ្សែភាពយន្ត Interstellar 2014 របស់ផលិតករដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក លោក Christopher Nolan នោះឯង។

ហេតុអ្វីថា Gargantua ដូចការពិត បើយើងមិនដែលឃើញ Black Hole ពិតជាក់ស្តែងផង? ចម្លើយគឺទិដ្ឋភាពរបស់ Gargantua មិនមែនត្រូវបានបង្កើតឡើងដោយការទស្សន៍ទាយធម្មតាៗនោះទេ តែវាជារចនាសម្ព័ន្ធនៃចលនារបស់ Black Hole ដែលត្រូវបានផ្គុំឡើងដោយយោងតាមទ្រឹស្តីរបស់លោក Albert Eistein តែម្តង។ លោក Christopher Nolan បានសហការជាមួយម្ចាស់ពានរង្វាន់ណូប៊ែលផ្នែករូបវិទ្យាលោក Kip Thorne ដើម្បីផលិតជាវីដេអូ simulation អំពីចលនា Supermassive Black Hole នោះដ៏ត្រឹមត្រូវទាំងទៅលើផ្នែកអាកប្បកិរិយា និងទម្រង់ពន្លឺរបស់វា។

៤៖ តើអាចមាន Black Hole ដែលគ្មានបន្ទះឌីសជុំវិញទេ?

សម្រាប់ Black Hole ក្នុងទម្រង់ទូទៅ អ្នកទាំងអស់គ្នាប្រហែលជាឃើញដូចក្នុងរូបភាពទាំងអស់នេះ។ បន្ទះឌីសធូលី និងឧស្ម័នដែលព័ទ្ធជុំវិញខ្លួន Black Hole នេះយើងហៅថា Accretion Disk ហើយវាសុទ្ធសឹងតែជាកម្ទេចធូលី និងឧស្ម័ន ដែលត្រូវបានកម្លាំងទំនាញ Black Hole ស្រូបកម្ទេចពីវត្ថុដទៃ រួចបឺតទៅបំពេញខ្លួនវាបន្តិចម្តងៗនោះឯង។

តែ Black Hole មួយចំនួនក៏អាចគ្មាន Accretion Disk ដែរ ឧទាហរណ៍ប្រហោងខ្មៅ Gaia BH1 ដែលស្ថិតនៅកៀកផែនដីជាងគេវាគ្មាន Accretion Disk នោះឡើយ។ ប្រការដែលប្រហោងខ្មៅដូច Gaia BH1 គ្មាន Accretion Disk នោះក៏ព្រោះតែវាមិនបានកំពុងលេបកម្ទេចផ្កាយ ឬពុសបំបែកភពណាមួយ ឲ្យក្លាយជាកម្ទេចធូលី និងឧស្ម័នដ៏ក្តៅគគុក ហើយស្រូបទៅបំពេញខ្លួនវានោះឡើយ… ដូច្នេះវាមានឈ្មោះបច្ចេកទេសថា Dormant Black Hole ឬ ប្រហោងខ្មៅអសកម្ម។

៥៖ តើប្រទេសផ្សេងៗឲ្យនិយមន័យ Black Hole ដូចម្តេចខ្លះ?

នៅកម្ពុជាយើងការហៅ Black Hole មានច្រើនទម្រង់ដូចជា រន្ធខ្មៅ រណ្តៅខ្មៅ និងប្រហោងខ្មៅជាដើម។ ដោយឡែកសម្រាប់នៅប្រទេសចិនវិញ ក្រុមអ្នកវិទ្យាសាស្ត្រចិនហៅ Black Hole ថា ហេយតុង (hēi dòng) ឬរន្ធខ្មៅ ដែលជាការបកប្រែត្រង់ៗពីន័យរបស់អង់គ្លេសតែម្តង។ តែនៅមុនការបកប្រែផ្លូវការនេះកើតឡើង ចិនធ្លាប់ហៅ Black Hole ថា អានស៊ីង (Ànxīng) ដែលមានន័យថា ផ្កាយខ្មៅ (Dark Star) ឬផ្កាយងងឹត។

សម្រាប់ភាសាឡាទីនវិញ Black Hole ត្រូវបានគេហៅថា អាហ្គូយែរ៉ូ ណេក្រូ (Augujero Negro) ដែលជាការបកផ្ទាល់ពីអត្ថន័យអង់គ្លេសរបស់ Black Hole តែម្តងនោះគឺប្រហោងខ្មៅ ឬរន្ធខ្មៅ។

សរុបជារួមមក ដោយសារតែ Black Hole ទើបតែមានការយល់ដឹងនៅក្នុងសតវត្សរ៍ទី ២០ ប៉ុណ្ណោះ ដូច្នេះមិនមានពាក្យបុរាណច្រើនត្រូវបានហៅវាផ្សេងពី Black Hole នោះឡើយ ព្រោះភាសាស្ទើរតែទាំងអស់លើផែនដី បានបកយកន័យសម័យទំនើបនេះតាមភាសាអង់គ្លេសទាំងអស់ ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាវិទ្យាសាស្ត្រ និងតារាសាស្ត្ររបស់ពួកគេ៕

រូបភាព Black Hole បង្កើតឡើងដោយកម្មវិធីកុំព្យូទ័រ (Image Source: NASA)

រៀបរៀង និងប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា
ប្រភព៖ NASA / Science / SPACE (ថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦)

Comments (0)
Add Comment