James Webb ផ្តិតរូបភាពតំបន់ហួសពី Orion Nebula ដែលបង្កប់អាថ៌កំបាំង… (វីដេអូ)

(បរទេស)៖ នៅក្នុងរយៈចម្ងាយជាង ១,៣០០ឆ្នាំពន្លឺពីភពផែនដី និងអង្កត់ផ្តិតជាមធ្យម ២៥ឆ្នាំពន្លឺនោះមានន័យថា នីប៊ុយឡា អូរ៉ាយអិន (Orion Nebula) អាចឲ្យតេឡេស្កូបនានាចាប់រូបភាពវាបានយ៉ាងច្បាស់ពីផែនដី។ ភាពធំធេងនេះហើយ ដែលនាំឲ្យក្រុមតារាវិទូរាប់ទសវត្សរ៍មកនេះ មានការចាប់អារម្មណ៍ខ្លាំងចំពោះបណ្តុំពពកធូលី និងឧស្ម័នដ៏មហាសាលនោះ តែវាមិនមែនមានតែ Orion Nebula មួយទេដែលគួរឲ្យចាប់អារម្មណ៍។

(ចុចទស្សនាវីដេអូលេខរៀងទី២ ក្នុងឆាណែលយូធូប Cambo Space Edu)

នាដើមខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb បានបង្ហាញចេញនូវរូបភាពពន្លឺក្រហមអាំងហ្វ្រា (Infrared Light ដែលភ្នែកមនុស្សមិនអាចមើលឃើញ) ទៅលើតំបន់ពិសេសមួយហួសពី Orion Nebula ទៅទៀត នោះគឺតំបន់ពពកម៉ូលេគុល អូរ៉ាយអិន (Orion Molecular Clouds) ដែលលាតសន្ធឹងប្រវែងដល់ទៅ ១៥០ឆ្នាំពន្លឺឯណោះ។ តែសម្រាប់រូបភាពថ្មីនេះ គឺត្រឹមតែជាមួយផ្នែកតូចមួយរបស់វាប៉ុណ្ណោះ។

ក្រុមអ្នកជំនាញបានបកស្រាយថា គ្រប់ចំណែក និងរាល់សកម្មភាពទាំងអស់នៅក្នុង តំបន់ពពកម៉ូលេគុល អូរ៉ាយអិន (Orion Molecular Clouds) ដូចក្នុងរូបភាពថ្មីនេះ គឺសុទ្ធតែមានផ្កាយកំពុងចាប់កំណើតក្នុងដំណាក់ដំបូងបំផុត យើងហៅថា stellar embryos រហូតដល់ការលេចចេញរូបរាងបន្តិចគឺ protoplanetary discs និងរហូតដល់ដំណាក់កាលដែលយើងចាត់ទុកថាជាផ្កាយនោះគឺ pre-main sequence star ហើយទាំងអស់នេះសុទ្ធតែមាននៅក្នុងរូប១សន្លឹកនេះទាំងអស់។

ប្រាកដណាស់ នៅពេលដែលផ្កាយនានាចាប់កំណើតឡើង ដល់កម្រិតម៉ាសគ្រប់គ្រាន់ហើយនោះ ពួកវានឹងផ្តល់ឱកាសឲ្យភពចាប់កំណើត នៅជុំវិញពួកវាជាបន្តបន្ទាប់…។ ទាំងអស់នេះជាដំណើរការកកើត, ធំពេញរូបពេញរាង រួចហើយក៏រលំរលាយទៅវិញនៃផ្កាយ ភព និងសូម្បីតែជីវិតនៅក្នុងកាឡាក់ស៊ីរបស់យើង ឬសូម្បីតែចក្រវាលទាំងមូល។

(Image Credit: ESA/Webb, NASA & CSA, T. Megeath, M. Zamani (ESA/Webb)
Acknowledgement: M. H. Özsaraç)

គួរបញ្ជាក់ថា តំបន់ដែលមានផ្កាយកកើតច្រើន និងក្តៅគគុកខ្លាំងនោះ យើងអាចធ្វើការសម្គាល់បានតាមរយៈការបញ្ចេញនូវពពកពុះកញ្ជ្រោលដូចជារលកបោកបក់ ហើយនៅក្នុងនោះក៏រំលេចចេញនូវ ចំណុចភ្លឺដែលបញ្ជាក់ថាជាផ្កាយចេញពីស្រទាប់ពពកឧស្ម័ន និងតំបន់ងងឹតទាំងនោះ។ មានតែកែវភ្នែក Infrared របស់ James Webb ប៉ុណ្ណោះ ដែលអាចឲ្យយើងវែកចេញនូវអាថ៌កំបាំង ដែលជាពន្លឺផ្កាយក្មេងៗផុសចេញពីចំណុចទាំងអស់នោះបាន តាមរយៈការសម្រិតសម្រាំងរកពន្លឺក្រហមអាំងហ្វ្រា ដែលកាមេរ៉ាធម្មតាៗ និងភ្នែកមនុស្សមិនអាចមើលឃើញនោះឡើយ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ NASA / ESA / CSA (ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦)

Comments (0)
Add Comment