(អាមេរិក)៖ រាល់ថ្ងៃឈប់សម្រាកចុងសប្តាហ៍ ឬថ្ងៃហូលីដេសំខាន់ៗ NASA តែងតែបញ្ចេញអ្វីប្លែកៗ និងគួរជាទីកម្សាន្ត ហើយសម្រាប់ចុងសប្តាហ៍នេះវិញ គឺពិតជាពិសេស ដោយកែវយឺតអវកាស Hubble ដែលមានវ័យចំណាស់រាប់ទសវត្សរ៍មកហើយនោះ បានផ្តិតយករូបភាពថ្មីៗ នៅទីអវកាសឆ្ងាយៗបន្ថែមទៀត ដើម្បីជាការបន្ថែមគន្លឹះនៃការស្រាវជ្រាវទីអវកាស និងជាការកម្សាន្តរបស់ប្រិយមិត្ត អ្នកតាមដានព័ត៌មានអវកាសផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន C-Net អាមេរិក នាថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០១៧។
នាងចុងសប្តាហ៍នេះ បន្ទុះណេបូឡាដ៏ស្រស់ស្អាត (Nebula NGC 6326) ដែលជាតារាមួយដួងកំពុងរំកិលខ្លួនទៅរកសេចក្តីស្លាប់នោះ ត្រូវបាន Hubble ផ្តិតយករូបភាពបានសម្រេច ហើយវាមើលទៅពិតជាប្រកបដោយ ពន្លឺចិញ្ច្រាចចិញ្ចែង និងចំរុះពណ៌ល្អខ្លាំងណាស់។ NASA ក៏ដូចជា ESA បានរៀបរាប់ប្រហាក់ប្រហែលគ្នាថា «វាមើលទៅដូចជាការតុបតែងលម្អ សម្រាប់ថ្ងៃបុណ្យចំរុះពណ៌ នៃលំហអាកាស» ដែលស្របពេលនឹងថ្ងៃបុណ្យគ្រិស្មាក់ដ៏រីករាយខាងមុខ។
រូបភាពថ្មីនេះ គឺបង្ហាញអំពីធម្មជាតិមិនអាចប្រកែកបាន ដែលបណ្តុំធូលីនៃតារាណេបូឡា (NGC 6326) ដែលចំណុចកណ្តាលរបស់វា (តារាកំពុងកញ្ជ្រោល) ជិតឈានទៅរកទីមរណៈទៅហើយ ហើយបើយើងស្តាប់ទៅ វាមិនសមឲ្យយើងរីករាយចំពោះសេចក្តីស្លាប់របស់វានេះឡើយ ប៉ុន្តែភាពជាក់ស្តែង នៃស្ថានភាពពន្លឺដែលវាយបង្ហាញចេញមកពេលនេះ គឺពិតជាស្រស់ស្អាត គួរឲ្យយើងគយគន់មែនទែន។ Nebula មួយនេះត្រូវបាន NASA អះអាងថា មានចម្ងាយ ១១,០០០ឆ្នាំពន្លឺពីភពផែនដី និងស្ថិតនៅក្នុងបណ្តុំផ្កាយ Altar ដែលនៅអាមេរិកឡាទីន គេឲ្យឈ្មោះថា «Ara»។
ជុំវិញព្រឹត្តិការណ៍ដ៏មហាកម្រខាងលើនេះ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានអះអាងថា «ពណ៌ខៀវ និងក្រហម ដ៏រស់រវើក ដែលយើងឃើញនៅក្នុងរូបភាពនោះ គឺបានមកពីសារធាតុដើមនានារួមមានទាំងអ៊ីយ៉ុង-អុកស៊ីសែន និងអ៊ីដ្រូសែន ដែលបញ្ចេញពន្លឺក្រោមសកម្មភាព នៃកាំរស្មីអ៊ុលត្រាវីយ៉ូឡេដ ដ៏កាចសាហាវ បានមកពីតារាក្តៅមួយដួង ដែលកញ្ជ្រោលនៅកណ្តាលបណ្តុំពពកធូលីចំរុះពណ៌។
គួរបញ្ជាក់ថា នៅពេលដែលផ្កាយមួយដួងដល់អាយុកាលរបស់វានោះ វានឹងផ្ទុះបំបែកខ្លួនវាតែម្តង ដែលលទ្ធផលអាចកើតចេញជាបីករណីធំៗ។ ទីមួយវាអាចបង្កើតចេញជាព្រះអាទិត្យ ឬផ្កាយថ្មីមួយដួងទៀត ដែលមានទំហំតូចជាងមុន ហើយកម្ទេចកម្ទីរនានា នឹងអាចកទៅជាភព ឬក៏មិនអាចក៏ថាបានដែរ។ ទីពីរវាអាចនឹងបំបែកខ្លួនអស់ ហើយក្លាយជាតារាស្លាប់មួយ ហើយបើវាជាប្រព័ន្ធព្រះអាទិត្យមួយដែរនោះ វាស្មើនឹងប្រព័ន្ធទាំងមូលត្រូវស្លាប់សូន្យពីក្នុងចក្រវាឡនេះ។ ទី៣ចុងក្រោយ បើចលនាវាកញ្ជ្រោលខ្លាំង ហើយផ្កាយដែលជិតស្លាប់នោះ មានទំហំធំជាងព្រះអាទិត្យយើង ៣ ដងឡើងទៅ នោះវានឹងអាចវិវឌ្ឍន៍ទៅជាប្រហោងខ្មៅ ដ៏គួរឲ្យខ្លាច៕