មិនធម្មតា! តើអាចម៍ផ្កាយ «កម្លាំងស្មើនុយក្លេអ៊ែរ ៣០លានគ្រាប់» នឹងគំរាមភពផែនដីនៅឆ្នាំ២០១៩ ឬ? អង្គការ NASA បកស្រាយ

(អាមេរិក)៖ ភ្នាក់ងារអវកាស NASA ធ្លាប់ត្រូវបាន​ចោទប្រកាន់ពី​ករណីលាក់បាំង​មហាជនដ៏​ធំមួយ ពាក់ព័ន្ធនឹងការគម្រាមកំហែង​​ពី​សំណាក់​អាចម៍ផ្កាយយក្ស ដែលត្រូវគេ​កំណត់ថា នឹងហោះកាត់ផែនដី​ក្នុងល្បឿនជាង ៩៦,៦០០គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើ​តាម​ការ​​ចេញ​ផ្សាយ​​ដោយ សារព័ត៌មាន Express នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។

ដុំថ្មអវកាស​ខាងលើ ដែលមានមុខកាត់​ប្រវែងជាង ០២គីឡូម៉ែត្រ ត្រូវបាន​គេស្គាល់ថា 2002 NT7 និងត្រូវបានប្រទះ​ឃើញជា​លើក​ដំបូង​កាលពី ១៥ឆ្នាំមុន។ ភ្លាមៗ​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA បាននិយាយថា អាចម៍ផ្កាយ​នោះ​មាន​ឱកាស អាចនឹងមកបុក​​​ផែនដី​នៅខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុន្តែបានដក​សេចក្តីថ្លែងការណ៍​ផ្លូវការរបស់​ខ្លួនវិញ នៅប៉ុន្មាន​ថ្ងៃក្រោយ។

កាលនោះសេចក្តី​ថ្លែងការណ៍​របស់ NASA បានបញ្ជាក់ថា វាមានឱកាស​ដ៏តិចតួចស្តួច​ស្តើងមួយ ដែល 2002 NT7 នឹងប៉ះទង្គិច​​ជាមួយរបស់​ភពយើង នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ជាមួយកម្លាំង​ស្មើនឹងគ្រាប់បែក​បរមាណូ​ទូទៅចំនួន ៣០លានគ្រាប់។​ ការ​គណនានេះ មានភាពច្បាស់លាស់​ជាខ្លាំង រហូតដល់ថ្នាក់​ក្រុមអ្នក​វិទ្យាសាស្រ្ត​បានកំណត់​ម៉ោង នៃការមក​ដល់របស់អាចម៍​ផ្កាយ​​មរណៈ​នេះ ​ថែមទៀតផង។

យ៉ាងណាមិញ ០៤ថ្ងៃកន្លង​ផុតទៅ អង្គការ NASA ក៏បានលុប​សេចក្តីថ្លែងការណ៍​របស់ខ្លួនចោល​វិញ ដោយ​និយាយថា ទីភ្នាក់ងារ​បានធ្វើ​ការវាយតម្លៃ ក៏ដូចជាគណនាឡើងវិញ​ទៅលើអាចម៍ផ្កាយ ហើយមើល​ឃើញថា វាពុំមែនជាគ្រោះថ្នាក់​ទៀតឡើយ។ ជុំវិញ​រឿងនេះ មនុស្ស​មួយចំនួន បាន​អះអាងថា ការផ្លាស់ប្តូរពាក្យ​សម្តីយ៉ាងឆាប់​រហ័សបែបនេះ គឺជាផ្នែកមួយ​នៃការលាក់បាំង​ចំពោះ​មហាជន ខណៈ NASA ផ្ទាល់បាន​ចចេសថា វាគ្រាន់តែជា​ការគុណគូរ​គណនាឡើងវិញ​ប៉ុណ្ណោះ។

គួរជម្រាបថា ប្រសិនបើដុំអាចម៍​ដ៏ធំបែបនេះ នឹងពិតជាមកបុកផែនដី​មែននោះ វានឹងជះឥទ្ធិពល​ពាសពេញពិភពលោក​តែម្តង។ បើ​តាមសេចក្តី​រាយការណ៍របស់សារព័ត៌មាន Dailystar ថ្មអវកាសដែល​មានទំហំធំ និងល្បឿនដូចនឹង 2002 NT7 អាចធ្វើឲ្យទ្វីបមួយ​បាត់ស្រមោល​ពីលើផ្ទៃផែនដីបាន ហើយបង្កឲ្យ​មានបញ្ហាបម្រែបម្រួល​អាកាសទ្រង់ទ្រាយធំ​ទៀតផង។ នាពេល​នោះ​ឱកាស​នៃ​ការ​ប៉ះ​ទង្គិច​រវាង​អាចម៍ផ្កាយ 2002 NT7 និងផែនដី ត្រូវគេរាយការណ៍​ថា គឺ០១ លើ ៧៥,០០០ ហើយនៅតែបន្ត​កើនឡើង​ខ្ពស់។

2002 NT7 ត្រូវគេព្យាករណ៍​ថា នឹងមកបុកផែនដីនៅ​ក្នុងល្បឿនជាង ២៥គីឡូម៉ែត្រ​ក្នុងមួយវិនាទី ជាមួយកម្លាំងនៃ​គ្រាប់បែកនុយក្លេ​អ៊ែរ​ ដែលទម្លាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា​ដល់ទៅ ៣០លានគ្រាប់ ពោលគឺស្មើនឹង ៤៥០លានតោន នៃរំសេវ TNT។ ខណៈដែល NASA បានប្រែ​សម្តីវិញថា អាចម៍ផ្កាយ​នេះ​លែងបង្កការគម្រាម​កំហែង​ដល់ផែនដីហើយនោះ អ្នកខ្លះជឿថា វាគឺជាការព្យាយាម​បង្ការ​​កុំ​ឲ្យ​មានភាពចលាចល​ទ្រង់ទ្រាយធំ​ទៅវិញទេ។

គួរបញ្ជាក់​បន្ថែមថា ការមូលមតិគ្នា​បែបវិទ្យាសាស្រ្តនាពេល​បច្ចុប្បន្ននេះ គឺថាអាចម៍​ផ្កាយ 2002 NT7 នឹងមិនមកប៉ះ​ជាមួយផែនដី​នាខែកុម្ភៈ ឆ្នាំ២០១៩ឡើយ ដោយវា​គ្រាន់តែនឹងធ្វើដំណើរ​កាត់ភពរបស់​យើងប៉ុណ្ណោះ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។ ម៉្យាង​វិញ​ទៀត តាមពិតទៅ​បើតាម NASA អាចម៍ផ្កាយ 2002 NT7 នឹងហោះ​មកនៅចម្ងាយ ៦១លានគីឡូម៉ែត្រ ឯណោះពីផែនដី ដែលឆ្ងាយ​​ជាង​ភពអង្គារ (Mars) ទៅទៀត៕

Comments (0)
Add Comment