(បរទេស)៖ ចម្លើយខ្លីគឺ «មិនអាចនោះទេ» ចំពោះព្រះអាទិត្យរបស់យើង ក្នុងការវិវឌ្ឍន៍ខ្លួនទៅជាប្រហោងខ្មៅនោះ។ ផ្កាយមានទំហំប៉ុនព្រះអាទិត្យ ឬប្រហាក់ប្រហែលនេះ (មុខកាត់ ១.៣៩១៤លានគីឡូម៉ែត្រ) ត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា មិនអាចវិវឌ្ឍន៍ខ្លួនទៅជា Black Hole នោះឡើយ ដែលវាមានន័យថា ផ្កាយប្រភេទដូចយើងនេះ ពេលដល់អាយុ នឹងផ្ទុះស្លាប់សាបសូន្យដោយសន្តិវិធីតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយអប់រំវិទ្យាសាស្ត្រ Curiois Astro នៅល្ងាចថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។
ទោះបីជាយ៉ាងណាក៏ដោយ ព្រះអាទិត្យមិនអាចបន្តរក្សាសន្តិសុខដល់ផែនដី ក្នុងរយៈពេលយូរអង្វែងទៀតនោះឡើយ ដោយនៅរយៈពេល ៤.៥ពាន់លានឆ្នាំទៀត ព្រះអាទិត្យ នឹងវិវឌ្ឍន៍ខ្លួនទៅជាផ្កាយយក្សដ៏ធំអស្ចារ្យ ហើយសន្ធឹងអណ្តាតភ្លើងរបស់វា រហូតដល់គោចរភពផែនដី។ នៅចំណុចនេះ ផែនដីនឹងកាន់តែក្តៅខ្លាំង រហូតក្លាយជានរកភ្លើង ដែលគ្មានជីវិតណាមួយ អាចកកើតបានទៀតនោះឡើយ ឬអាចនឹងត្រូវព្រះអាទិត្យលេបបាត់។
តាមការគណនារបស់អ្នកវិទ្យាសាស្ត្រជាច្រើន យើងមិនចាំបាច់ត្រូវរកចាំដល់ពេលនោះឡើយ ដោយគ្រាន់តែសំឡឹងមើលស្ថានភាពនាពេលបច្ចុប្បន្ននេះ អនាគតដ៏ខ្លីរបស់មនុស្សនាពេលខាងមុខនឹងមិនប្រាកដថា អាចរស់នៅសុខសាន្តបានឡើយ ព្រោះតែកំណើនប្រជាជន ជំងឺអាក្រក់ៗ និងការអភិវឌ្ឍអាវុធប្រល័យលោកដោយមហាអំណាចនានា ប្រាកដនឹងបង្កគ្រោះមហន្តរាយដ៏កម្រោល ដែលមិនអាចទប់ស្កាត់បានជាក់ជាមិនខាន។
គួរបញ្ជាក់ថា នៅក្នុងដែនចក្រវាឡដែលឥតមានដែនកំណត់ ពួកយើងអាចមើលឃើញ មានវត្តមានកាឡាក់ស៊ីប្រមាណជិត ១០០ពាន់លានកាឡាក់ស៊ី។ សរុបមក កាឡាក់ស៊ីរបស់យើង គឺជាជម្រករបស់ផ្កាយប្រមាណ ១០០ពាន់លានដួង និងប្រហោងខ្មៅ ១០០លានកន្លែង។ សម្រាប់ប្រហោងខ្មៅធំជាងគេស្ថិតនៅ «ចំកណ្តាលនៃកាឡាក់ស៊ី មៀលគីវេយ៍ នេះតែម្តង» ដែលមានទំហំធំជាងព្រះអាទិត្យយើង ៤.១លានដង និងមានចម្ងាយ ២៦,០០០ឆ្នាំពន្លឺពីផែនដី។
ចំណុចសំខាន់បន្ថែម៖ កាឡាក់ស៊ីរបស់យើង មានផ្ទុកប្រហោងខ្មៅប្រភេទ Stellar-Mass ប្រមាណជា ១០០លាន ដែល Black Holes ទាំងនោះកើតចេញពីការរលំរលាយ នៃរបស់ផ្កាយដ៏ធំៗមហិមា ដែលជាទូទៅមានម៉ាស់ធំជាងព្រះអាទិត្យ ចន្លោះពី ០៥ដង រហូតដល់រាប់សិបដង និងលានដងផងដែរ។ ប្រហោងខ្មៅពិតជាមានច្រើន ប៉ុន្តែស្ថិតនៅឆ្ងាយណាស់ រហូតដល់ទៅរាប់ពាន់ឆ្នាំពន្លឺពីផែនដីឡើងទៅ (១ឆ្នាំពន្លឺ = ៩.៤៦១ ពាន់ពាន់លានគីឡូម៉ែត្រ» ហេតុដូច្នេះ ទោះផែនដីត្រូវរលាយរាប់សិបដងទៀត ក៏ប្រហោងខ្មៅមិនទាន់ធ្វើដំណើរមកដល់ផង៕