(រុស្ស៊ី)៖ គ្រាន់តែឃើញរូបភាពទាំងឡាយនេះ អ្នកប្រាកដជាគិតថា ជារូបភាពប្រឌិតដោយកុំព្យូទ័រ ឬក៏ការស្រមើស្រមៃអំពីភពផ្សេង (ភពអេលៀន) ប៉ុន្តែតាមការពិតទៅ វាគឺជាភាពពិតមួយ នៃបាតុភូតធម្មជាតិនៅលើភពផែនដីយើង ដែលស្ថិតនៅតំបន់ដ៏ដាច់ស្រយាលមួយ ត្រូវការតែអ្នកដែលប៉ងប្រាថ្នា និងភាពតស៊ូជម្នះដើម្បីទៅដល់។
កុំបាច់មានមន្ទិលយូរធ្វើអ្វី តំបន់ដែលលោកអ្នកឃើញនៅក្នុងរូបភាពទាំងអស់នេះ គឺស្ថិតនៅក្នុងតំបន់ ស៊ីប៊ឺរី ដែលតំបន់ដ៏ត្រជាក់ខ្លាំងមួយលើផែនដី ស្ថិតនៅមួយកំណាត់ខាងកើត នៃប្រទេសរុស្ស៊ី ហើយបើយើងមើលលើផែនទី បឹងនោះវាមានទីតាំងស្ថិតនៅភាគខាងត្បូង ប្រទេសរុស្ស៊ីតែម្តង ដែលត្រូវបានគេដឹងថា ជាទីវាលសំបូរទៅដោយព្រិលធ្លាក់ស្ទើរគ្មានសល់កន្លុកកន្លៀតនោះឡើយនារដូវរងារ អំឡុងចុងឆ្នាំ និងដើមឆ្នាំនីមួយៗ។
ទិដ្ឋភាពដែលលោកអ្នកឃើញនេះ គឺស្ថិតនៅបឹង Baikal នៃតំបន់ស៊ីប៊ឺរី ដែលតែងតែកក និងបញ្ចេញទិដ្ឋភាព ដូចជាមានការគេក្រាលកម្រាលពេជ្រធំៗ នៅលើផ្ទៃវាលព្រិលពណ៌ស ចាំងព្រិចៗដោយចំណាំងពន្លឺព្រះអាទិត្យ ចាប់ពីអំឡុងខែធ្នូ ដល់ខែឧសភារៀងរាល់ឆ្នាំ។ បើមើលមួយភ្លែកអ្នកនឹងឆ្ងល់ថា តើហេតុអ្វីទៅក៏វាចម្លែកបែបនេះ? តែបើមើលយូរបន្តិចទៀតបងប្អូនមួយចំនួន អាចនឹងគិតថា វាប្រាកដជាការស្រមៃទៅរកភពផ្សេងទៅវិញ។
អ្វីដែលជាការពិត រូបដ៏កម្រទាំងអស់ មិនមែនចេះតែកើតឡើងជារៀងរាល់ឆ្នាំនោះឡើយ ហើយវាមានពេល និងទីតាំងដែលត្រូវកើតឡើងនៅក្នុងបឹង Baikal។ រូបភាពទាំងនេះត្រូវបានថតដោយអ្នកថតរូបដ៏ល្បីជនជាតិរុស្ស៊ី គឺលោក Alexey Trofimov កាលពីអំឡុងដើមឆ្នាំ២០១៥ កន្លងទៅ ដើម្បីជាការទាក់ទាញទេសចរបរទេសជាពិសេសជនជាតិនានានៅ អាស៊ី និងអឺរ៉ុប ទៅទស្សនាភាពអស្ចារ្យ នៃធម្មជាតិ ដែលស្ទើរតែគ្មានពីរ។
គួរបញ្ជាក់ថា នៅក្នុងបឹង Baikal មានកោះទេសចរផងដែរ ដែលកោះនោះមានឈ្មោះថា Olkhon Island រួមមានសណ្ឋាគារ និងកន្លែងកម្សាន្តជាច្រើននៅលើនោះ ដែលបាន និងកំពុងទាក់ទាញអ្នកទេសចរពី រុស្ស៊ី អឺរ៉ុប ចិន និងកូរ៉េជាដើមទៅទស្សនាជារៀងរាល់ឆ្នាំ ជាពិសេសអំឡុងខែមករា ដល់ខែឧសភាតែម្តង៕