(អាមេរិក)៖ បើតាមទីភ្នាក់ងារអវកាសអាមេរិក NASA ដុំថ្មអវកាសមួយដែលធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន បានហោះមកក្បែរផែនដីកាលពីវេលាព្រឹកថ្ងៃចន្ទនេះ នៅរយៈចម្ងាយប្រហែល ៤.២លានគីឡូម៉ែត្រឯណោះពីភពរបស់យើង ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាវាមានល្បឿនប្រមាណ ១២២,៣១០គីឡូម៉ែត្រក្នុងមួយម៉ោង លឿនជាងអាចម៍ផ្កាយភាគច្រើនផ្សេងទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។
អាចម៍ផ្កាយខាងលើនេះ មានឈ្មោះសម្គាល់ថា 2002 AJ129 ហើយខណៈដែលវាត្រូវបានចាត់ថ្នាក់ជាវត្ថុ ដែលអាចបង្កគ្រោះថ្នាក់ដោយអង្គការ NASA យ៉ាងណាក្តី ក្រុមមន្រ្តីនៃទីភ្នាក់ងារអវកាសអាមេរិក បានអះអាងថា តាមពិតដុំថ្មអវកាសមួយនេះ នឹងមិនបង្កការគំរាមកំហែងខ្លាំង គួរឲ្យព្រួយបារម្ភដល់ភពរបស់យើងឡើយ ទោះបីជាមួយសតវត្សរ៍ទៀតក៏ដោយ។
គួរជម្រាបថា អាចម៍ផ្កាយនានាត្រូវគេចាត់ថ្នាក់ថា អាចបង្កគ្រោះថ្នាក់ គឺប្រសិនបើពួកវាមានមុខកាត់លើសពីប្រវែង ១៤០ម៉ែត្រ ហើយស្ថិតនៅក្នុងរយៈចម្ងាយ ៤.៦៥លានគីឡូម៉ែត្រ ពេលហោះកាត់ផែនដី ខណៈ 2002 AJ129 គឺជាអាចម៍ផ្កាយមានមុខកាត់ប្រវែងចន្លោះពី ០.៥ ទៅ ១.២គីឡូម៉ែត្រ ដែលត្រូវបានរកឃើញជាលើកដំបូង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០០២។
ចំណុចសំខាន់៖ សម្រាប់ក្រុមឃ្លាំមើលវត្ថុអវកាសជិតៗផែនដីរបស់ NASA តែងតែធ្វើការអង្កេតជាប់ជានិច្ច ជាពិសេសនោះគឺអាចម៍ផ្កាយ ដែលមានទំហំមុខកាត់ចាប់ពីរាប់រយម៉ែត្រឡើងទៅ ដែលវាអាចនឹងបង្កគ្រោះធំ ដល់ភពផែនដីរបស់យើង ក្នុងករណីចលនារបស់វា មានភាពមិនទៀតទាត់នោះ។
បើតាមអ្នកវិទ្យាសាស្ត្រ អាចម៍ ឬកម្ទេចថ្មអវកាសតូចៗ តែងតែធ្លាក់មកលើផែនដីជារៀងរាល់ថ្ងៃ ប៉ុន្តែភាគច្រើននៃពួកវា បានធ្លាក់ទៅក្នុងមហាសមុទ្រ ឬខ្លះទៀតរលាយនៅក្នុងបរិយាកាស មុននឹងធ្លាក់ដល់ផ្ទៃដីទៅទៀត ដូច្នេះវាមិនបានបង្កការព្រួយបារម្ភអ្វីជាដុំកំភួននោះឡើយ៕