(អាមេរិក)៖ ជាការពិតណាស់ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រនានា របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើការអង្កេតជាប់ជាប្រចាំទៅលើទិន្នន័យគ្រប់យ៉ាងនៅលើមេឃ ដោយក្នុងនោះរួមមានភពទាំង ០៨ នៃប្រព័ន្ធព្រះអាទិត្យ និងព្រះច័ន្ទនានារបស់ភពទាំងអស់នោះ, អាចម៍ផ្កាយ ៧៥៥,០០០ដុំ, និងផ្កាយដុះកន្ទុយប្រមាណ ៣,៥០០ខ្សែផងដែរ។
ប៉ុន្តែឥឡូវនេះ គឺ NASA ត្រូវថែមវត្ថុមួយទៀតហើយ សម្រាប់បេសកកម្មអង្កេតរបស់ខ្លួន នោះគឺរថយន្ត Tesla Roadster ដែលជាវត្ថុមានតម្លៃមួយរបស់មហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុនអវកាសឯកជន SpaceX លោក Elon Musk ដែលត្រូវបានបាញ់បង្ហោះ ដើម្បីតេស្តគ្រាប់រ៉ុក្កែតដ៏ខ្លាំងមហិមាជាងគេលើលោក។ នេះបើតាមការដកស្រង់ការផ្សាយរបស់ CNN នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។
មិនថាតែអង្គការ NASA មួយនោះឡើយ សូម្បីតែទីភ្នាក់ងារអវកាសផ្សេងៗ ដែលកំពុងតែសកម្មខ្លាំងដូចជា ចិន ឥណ្ឌា អឺរ៉ុប និងរុស្ស៊ីផងដែរ សុទ្ធតែកំពុងសម្លឹងមើលមិនដាច់ភ្នែកនោះទេ ចំពោះការវិវឌ្ឍទៅមុខយ៉ាងលឿនរបស់ SpaceX ជាពិសេសនោះ គឺការផលិតគ្រាប់រ៉ុក្កែតកម្លាំងខ្លាំងលើសគេបានសម្រេច និងធ្វើតេស្តតាមរយៈការដឹកនាំរថយន្ត Tesla របស់លោក Musk ទៅកាន់ទីអវកាសដោយជោគជ័យ កាលពីដើមខែកុម្ភៈ។
១. តើអ្វីទៅបានកើតឡើងចំពោះ Tesla ដែល SpaceX បាញ់ទៅទីអវកាស? នៅក្នុងរថយន្តនេះ គឺមានផ្ទុកមនុស្សជ័រអវកាសមួយ និងស៊ុតប៉ុន្មានគ្រាប់ផងដែរ។ វិស្វករជំនាញរបស់ SpaceX គឺលោកស្រី Lauren Lyons បាននិយាយថា «អ្នកក៏អាចមើលឃើញអ្នកដំណើរដ៏តូចមួយផងដែរ ដែលវាគឺជាអ្នកធ្វើដំណើរដ៏សែនក្តៅ និងបាននាំយកជាមួយនូវ Starman ផងដែរ»។
បន្ថែមពីខាងលើនេះទៀតថា រថយន្ត Tesla ក៏ត្រូវបានចាត់ទុកជានាវាមួយគ្រឿង «Arch» ដែលបានផ្ទុកឧបករណ៍ត្រីវិស័យ និងអក្សររបស់ លោក Isaac Asimov បូករួមទាំងឈ្មោះរបស់បុគ្គលិកក្រុមហ៊ុន SpaceX ទាំងជាង ៦,០០០នាក់ ទៅក្នុងឧបករណ៍ផ្ទុកឯកសារនៅក្រោមរថយន្តនោះតែម្តង។ សម្រាប់ SpaceX រថយន្ត Tesla គ្រាន់តែជាវត្ថុមួយ ដែលផ្តល់អត្ថន័យធំធេងសម្រាប់ក្រុមហ៊ុននេះប៉ុណ្ណោះ ប៉ុន្តែសម្រាប់ NASA វិញ Tesla គឺត្រូវបានចាត់ទុកជាវត្ថុអវកាស ដែលត្រូវតែនាំគ្នាតាមដានមិនឲ្យដាច់ពីក្រសែភ្នែកឡើយ។
អ្នកនាំពាក្យរបស់ NASA គឺលោក Dwayne Brown បានអះអាងថា «យើងដឹងពីរូបរាងនៃវត្ថុនោះច្បាស់ហើយ ហេតុដូច្នេះយើងនឹងមិនច្រឡំវាថា ជាអាចម៍ផ្កាយដែលនឹងត្រូវរកឃើញនៅថ្ងៃអនាគតនោះទេ»។ អ្វីដែលសំខាន់គឺ NASA ចាត់ទុកថា Tesla ជាវត្ថុអវកាសដែលនៅកៀកផែនដីខ្លាំងទៅហើយ ប៉ុន្តែសូមកុំបារម្ភ ព្រោះឱកាសដែលវាអាចត្រឡប់មកវិញ ឬបុកផែនដីនោះ គឺតិចតួចស្តួចស្តើងខ្លាំងណាស់។
២. តើអ្វីទៅជារឿងបន្ទាប់ ដែលក្រុមហ៊ុន SpaceX ត្រូវធ្វើ? ពិតណាស់សម្រាប់តារាវិទូ និងអ្នកវិទ្យាសាស្ត្រ តែងតែប្រើប្រាស់ចានតេឡេស្កូបមួយ សម្រាប់រុករក និងអង្កេតវត្ថុអវកាសនានា ហើយសម្រាប់ការអង្កេតទៅលើ Tesla វិញក៏ត្រូវប្រើវិធីនេះដែរ។ NASA បានចាត់ទុក Tesla ចូលទៅក្នុងបញ្ជីវត្ថុអវកាសផ្លូវការរបស់ខ្លួនបាត់ទៅហើយ ដោយវាមានលេខសម្គាល់ -143205, SpaceX Roadster (spacecraft) (Tesla)។
ជាក់ស្តែងគ្រាន់តែប៉ុន្មានថ្ងៃក្រោយការបាញ់បង្ហាញប៉ុណ្ណោះ ក្រុមអង្កេតរបស់ NASA បានចាប់បានរូបភាពរបស់ Tesla ដែលប្រៀបបីដូចជាកូនដុំថ្មអវកាសមួយដុំ នៅកៀកនឹងភពផែនដី។ SpaceX ក៏កំពុងតែតាមដានវា ដូចគ្នាដើម្បីឲ្យប្រាកដច្បាស់ថា Tesla នឹងទៅដល់ភពអង្គារ ហើយនិងកន្លែងផ្សេងៗទៀត ទៅតាមការគ្រោងទុក។ ដូច្នេះចម្លើយនៃចម្ងល់នានា នឹងត្រូវរង់ចាំពេលដូចគ្នា ក្នុងការបកស្រាយ៕