(ឥណ្ឌា)៖ សិល្បៈកម្មនៃព្រះច័ន្ទបែប 3D «The Museum of the Moon» ដែលបង្កើតឡើងចេញពីរូបភាពថតបានពីកាមេរ៉ា នៃផ្កាយរណបនៅក្បែរឋានព្រះច័ន្ទ Lunar Reconnaissance Orbiter កំពុងត្រូវគេដាក់តាំងបង្ហាញ នៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
រូបសំណាកនៃព្រះច័ន្ទខាងលើមានមុខកាត់ប្រវែង ០៧ម៉ែត្រ ដែលតូចជារបស់ពិតនៅក្នុងលំហអវកាស ប្រមាណកន្លះលានដងឯណោះ ហើយវាគឺជាគម្រោងរបស់អង្គការក្រុមប្រឹក្សាចក្រភពអង់គ្លេស (British Council) ប្រចាំនៅប្រទេសឥណ្ឌា។ The Museum of the Moon ត្រូវបានដាក់តាំងបង្ហាញនៅឯសាល Victoria Memorial ក្នុងទីក្រុង Kolkata ភាគខាងកើតប្រទេសឥណ្ឌា និងបានទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាយ៉ាងច្រើនកុះករ។
គួរជម្រាបថា ព្រះច័ន្ទ 3D នេះ ត្រូវបាននាំយកមកដល់ប្រទេសឥណ្ឌា ដើម្បីអបអរដំណាក់កាលចុងក្រោយ នៃកម្មវីធីដោះដូរវប្បធម៌ឥណ្ឌា-ចក្រភពអង់គ្លេស និងខួប ៧០ឆ្នាំ នៃវត្តមានរបស់អង្គការ British Council នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺការមកដល់របស់ The Museum of the Moon គឺកើតមានឡើងនៅប្រមាណជិត ២០ថ្ងៃ ក្រោយបាតុភូតព្រះច័ន្ទងងឹតសូន្យឈឹង កាលពីចុងខែមករាកន្លងទៅ ដែលនាំឲ្យពិភពលោកចាប់អារម្មណ៍ជាខ្លាំង។
ចំណុចពិសេស៖ ព្រះច័ន្ទគឺជាទីឋានមួយ ដែលមនុស្សចំនួនឲ្យឈ្មោះថា ភពរណប ឬផ្កាយរណបធម្មជាតិរបស់ផែនដី ដែលត្រូវបានបង្កើតឡើងកាលពីរាប់ពាន់លានឆ្នាំមុន បន្ទាប់ពីមានភពមួយប៉ុនភពអង្គារ គោចរខុសគន្លងមកទង្គិចមួយទំហឹងផែនដី។ ព្រះច័ន្ទមានចម្ងាយ ៣៨៤,០០០គីឡូម៉ែត្រពីផែនដី ហើយឥទ្ធិពលរបស់វា គឺធ្វើឲ្យមានបាតុភូតទឹកជោរ និងទឹកនាច ព្រមទាំងបង្កើតឡើងនូវរដូវទាំង ០៤ ទៀតទាត់លើភពផែនដីផងដែរ៕