(អាមេរិក)៖ ស្រទាប់ក្រពីកក្រពក (គ្រើមៗ) នៃផ្ទៃមួយភាគធំរបស់ភពភ្លុយតូនោះ ទំនងជាបានបង្កប់នូវអ្វីៗជាច្រើននៅក្នុងនោះជាមិនខាន។ អ្នកវិទ្យាសាស្ត្រ ដែលសិក្សាអំពីភពតូចមិនពេញលក្ខណៈនេះ កំពុងតែគិតថា វាពិតជាផ្ទុកនូវសារធាតុសរីរាង្គដូចជា កាបូន ហើយប្រមូលផ្តុំមានកម្រាស់ក្រាស់ឃ្មឹកបែបនេះ។ ការគិតបែបនេះ នាំឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលអាចនាំឲ្យក្រុមអ្នកវិទ្យាសាស្ត្របន្តស្វែងរកចម្លើយ អំពីប្រភពនិងរបៀបនៃការកកើតដំបូងរបស់ ភ្លុយតូ នេះ។ នេះបើតាមការចេញផ្សាយដោយ Space.com នាល្ងាចថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
ភពភ្លុយតូ គឺភពមិនពេញលក្ខណៈ (Dwarf Planet) ដែលស្ថិតនៅក្នុងតំបន់ចន្លោះ ខ្សែក្រវាត់អាចម៍ផ្កាយ Kuiper Belt និង ភពណិបទូន ដែលជាភពផ្លូវការទី ៨ ស្ថិតនៅចុងបំផុត នៃប្រព័ន្ធព្រះអាទិត្យយើង។ ភពនេះត្រូវបានយាន New Horizons ដំបូងបំផុតរបស់ NASA ធ្វើដំណើរទៅដល់ និងផ្តិតយករូបភាពជាច្រើន កាលពីខែកក្កដា ឆ្នាំ២០១៥ ក្រោយពីត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០០៦។
ទោះបីជាយានអវកាស New Horizons បានទៅដល់ទីនោះ និងបកស្រាយចម្ងល់ជាច្រើនក្តី ប៉ុន្តែអាថ៌កំបាំងជាច្រើនមិនអាចធ្វើការបកស្រាយ តាមរយៈតែរូបភាព ឬក៏ការបាញ់កាំរស្មីទៅលើស្រទាប់របស់វានោះឡើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ ភ្លុយតូ គឺចលនាវិលជុំវិញព្រះអាទិត្យ ដែលល្អៀងពីភពទាំង ០៨ ទៀត រួមជាមួយនឹងព្រះច័ន្ទ Charon របស់វា ដែលមានទំហំធំ សាកសមឲ្យគេហៅថា ប្រព័ន្ធភពភ្លោះបាន។
ងាកទៅមើលការវិភាគរបស់ក្រុមអ្នកវិទ្យាសាស្ត្រវិញ គឺស្រទាប់គ្រើមរបស់ភពភ្លុយតូ ទំនងជាបានកកើតឡើង ដោយការប្រមូលផ្តុំសរីរាង្គពិសេសនៃកាបូន ដែលជាធម្មតាគេឃើញមាននៅក្នុង ផ្កាយដុះកន្ទុយ។ ប្រសិនបើស្រទាប់ក្រោមនៃភពមានកម្តៅកព្ជ្រោលឡើងនោះ វាពិតណាស់ថា ជាការដុតសារធាតុទាំងនេះ ឲ្យកាន់តែក្រាសឡើងៗ ដូចឃើញមានស្រាប់នៅលើផ្ទៃ របស់ភពរូបបេះដូងនេះ។ នេះបើតាម លោក Bill McKinnon អ្នកវិទ្យាសាស្ត្រសិក្សាពីភព នៃសាកលវិទ្យាល័យ St. Louis វ៉ាស៊ីនតោន។
ចំណុចពិសេស៖ ភពភ្លុយតូបានស្វាគមន៍យាន New Horizons កាលពីឆ្នាំ២០១៥ ដោយរូបបេះដូងដ៏ធំនៅផ្ទៃរបស់វា ដែលត្រូវគេដឹងថា ជាទឹកកកមេតាន។ ភពភ្លុយតូត្រូវបានរកឃើញកាលពីអំឡុងទសវត្សរ៍ ១៩៣០ និងត្រូវបានចាត់បញ្ចូលជាភពទី ០៩ នាពេលក្រោយមកទៀត ប៉ុន្តែកាលពីឆ្នាំ២០០៦ វាត្រូវបានដកចេញពីបញ្ជីភពវិញ ដោយសារតែវាត្រូវបានគេរកឃើញថា មានលក្ខណៈមិនពេញលេញជាភព និងជាពិសេសវាមានដំណើរគោចរខុសពីភពទាំង ៨ ទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ។
បន្ថែមពីនេះទៀត ហួសពីភពភ្លុយតូទៅ ក៏មានវត្ថុអវកាសផ្សេងៗទៀតដែលមានទំហំប្រហាក់ប្រហែល និងធំជាងភ្លុយតូផងដែរ ដូចជាភពបម្រុង Eris ជាដើមនោះ ក៏មិនត្រូវបានតារាវិទូចាត់ចូលទៅក្នុងក្រុមភពផ្លូវការដែរ។ បច្ចុប្បន្ននេះ ភពភ្លុយតូមានចម្ងាយពីផែនដី ៧.៥ពាន់លានគីឡូម៉ែត្រ ដោយវាគោចរជុំវិញព្រះអាទិត្យមួយជុំស្មើនឹង ២៤៨ឆ្នាំ លើផែនដី៕