(អាមេរិក)៖ ខ្សែភាពយន្តភាគបែបក្លាស៊ីក មានចំណងជើងថា «Lost in Space» កំពុងវិលត្រឡប់មកលើកញ្ចក់ទូរទស្សន៍វិញហើយ ពោលគឺនៅថ្ងៃទី១៣ ខែមេសាខាងមុខ តាមរយៈវែបសាយកម្សាន្ត Netflix ខណៈឃ្លីប Teaser Trailer ទីមួយសម្រាប់រឿងភាគដ៏ល្បីនៅអាមេរិកនេះ ត្រូវបានបង្ហាញដល់ពិភពលោក នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
ឃ្លីប Teaser ដែលមានថេរវេលា ០១នាទី និង ៣២វិនាទី បានបង្ហើបឲ្យឃើញពីសកម្មភាពខ្លះៗ របស់ក្រុមគ្រួសារអ្នកអវកាសត្រកូល Robinson ដែលកំពុងជិះនៅលើយាន Jupiter 2 របស់ពួកគេ ដើម្បីធ្វើដំណើរទៅកាន់ភពផ្សេងៗ។
ខ្សែភាពយន្តភាគ ដែលនឹងចាប់បញ្ចាំងនៅពាក់កណ្តាលខែមេសាឆ្នាំនេះ គឺជាការថតឡើងវិញបែបសម័យថ្មី នៃខ្សែភាពយន្តភាគបែបក្លាស៊ីក កាលពីទសវត្សរ៍៦០ របស់អតីតអ្នកដឹកនាំរឿងជើងចាស់របស់អាមេរិក គឺលោក Irwin Allen។
បើតាមការរៀបរាប់ខ្លីមួយ ដោយវែបសាយ Netflix គ្រួសារត្រកូល Robinson ដែលកំពុងបំពេញបេសកកម្មមួយ ដើម្បីបង្កើតអាណានិគមថ្មី នៅក្នុងទីអវកាស បានជួបប្រទះបញ្ហានឹងស្មានមិនដល់ ដែលជាហេតុបង្ខំឲ្យយានរបស់ពួកគេ ធ្លាក់ទៅក្នុងភពដ៏ដាច់សង្វែងមួយទៅវិញ ហើយលោកអ្នកអាចនឹងស្លុងនៅពេលទស្សនា។
បន្ថែមពីនេះទៀត អ្វីដែសាច់រឿងនៃខ្សែភាពយន្តភាគ Lost in Space ថ្មីនេះ នឹងកើតនៅរយៈពេលជិត ៣០ឆ្នាំខាងមុខ ពោលគឺឆ្នាំ២០៤៦ ដោយសមាជិកគ្រួសារត្រកូល Robinsons ទំនងជាបានធ្វើដំណើរទៅកាន់អាណានិគមមួយ ក្នុងប្រព័ន្ធផ្កាយ Alpha Centauri ដែលជាប្រព័ន្ធផ្កាយភ្លោះបី ប៉ុន្តែធាតុពិតជាក់ស្តែង មនុស្សមិនទាន់អាចបញ្ជាក់ថា មានភពណាមួយគោចរជុំវិញផ្កាយនោះឡើយ។
គួរជម្រាបថា ខ្សែភាពយន្តបែបវិទ្យាសាស្រ្ត-អវកាសខាងលើនេះ រួមមានចំនួន ១០ភាគ ដែលនឹងត្រូវដាក់បញ្ចាំងក្នុងថ្ងៃទី១៣ ខែមេសា ព្រមៗគ្នាតែម្តងនៅលើវែបសាយ Netflix ដោយពុំចាំបាច់មួយសប្តាហ៍ម្តងៗនោះឡើយ។ សម្រាប់ដំណើរទៅ Alpha Centauri នេះជាក៏មានភាពយន្តមហាល្បីមួយរឿងដែរ គឺ Avatar ដែលលោកអ្នកភាគច្រើន ប្រាកដជាធ្លាប់ទស្សនាខ្សែរឿងប្រឌិត បែបវិទ្យាសាស្ត្រនេះជាមិនខាន៕