(វ៉ាស៊ីនតោន)៖ យោងតាមរូបភាពពីផ្កាយរណប ដែលកំពុងតែហោះជុំវិញភពអង្គារនោះបានដឹងថា យានរុករក Phoenix របស់អង្គការ NASA ដែលចុះចតលើភពក្រហមនេះកាលពីឆ្នាំ២០០៨ ទំនងជាត្រូវបានធូលីដីក្រហម នៃភពព្រះអង្គារ កប់បាត់បន្តិចម្តងៗទៅហើយ ស្ថិតនៅតំបន់ប៉ូលខាងជើង ហើយនៅថ្ងៃមុខសូម្បីសាកសពរបស់វា ក៏ទំនងជាយើងលែងបានឃើញទៀតដែរ។ នេះបើតាមការចេញផ្សាយដោយ Space.com នាល្ងាចថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
រយៈពេល ១០ឆ្នាំ នៃការមានវត្តមាននៅលើភពព្រះអង្គារ ពិតជារឿងមិនធម្មតាឡើយ ប៉ុន្តែយានទីពីរនេះ នៅតែបន្សល់ដានរបស់ខ្លួនបានដដែល ទោះជាវាមិនដែលបានចល័តទៅណាក៏ដោយ។ ជាក់ស្តែងរូបភាពកាលពីចុងឆ្នាំ២០១៧ ថតដោយកាមេរ៉ា HiRISE នៅលើផ្កាយរណប MRO របស់អង្គការ NASA បានបង្ហាញអំពីដានឆ័ត្រយោង និងដងជាប់កន្ទុយជាប់តួរបស់ Phoenix ដែលត្រូវធូលីដីឡោមព័ទ្ធ ព្រោះតែនៅលើភពអង្គារសំបូរទៅដោយព្យុះ និងខ្យល់បក់បោកធូលីស្ទើរគ្រប់ទិសទីនោះហើយ។
សម្រាប់បេសកកម្មរបស់ Phoenix ត្រូវបានអង្គការ NASA បង្កើតឡើងសម្រាប់តែរយៈពេល ៩០ថ្ងៃប៉ុណ្ណោះ នៅលើភពអង្គារ ដោយវាបានចុះចតកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៨ ប៉ុន្តែដោយសារបន្ទះសូឡានៅជាប់យាន នៅតែអាចដំណើរការបាននោះ ទើបវាអាចបន្តរស់បានរហូតដល់ ០៥ខែ ហើយនៅទីបញ្ចប់វាក៏ត្រូវគាំងស្តូកតែម្តងនៅពេលរដូវរងាឈានចូលមកដល់ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០០៨។
គួរបញ្ជាក់ថា យានរុករក Phoenix គឺជាយានទីពីរ ដែលអង្គការ NASA ធ្វើការចុះចតដោយជោគជ័យ នៅផ្ទៃភពអង្គារ បន្ទាប់ពីយាន Mars Rover ដែលជារៀមច្បងត្រូវបានចុះចតកាលពីឆ្នាំ២០០៤ និងយានទី ៣ គឺ Curiosity កាលពីឆ្នាំ២០១១។ Phoenix មានតួនាទីសិក្សាអំពី បរិយាកាស និងស្រទាប់ដី របស់ភពក្រហមនេះ ដោយប្រើប្រាស់ឧបករណ៍មួយចំនួន ដែលភ្ជាប់ជាមួយវាស្រាប់។
ចំណុចសំខាន់៖ សម្រាប់សមិទ្ធផលធំមួយដែល Phoenix សម្រេចបាននោះ គឺការរកឃើញថា មានវត្តមានទឹកកក នៅក្រោមស្រទាប់ដីនៃភពអង្គារ តាមរយៈការប្រើប្រាស់ប្រដាប់ជីកគាស់ នៃយានទៅលើស្រទាប់ស្តើងប៉ុណ្ណោះ នៃផ្ទៃខាងលើភពអង្គារ។ ទោះបីជា Phoenix បានទទួលមរណៈភាព ១២ឆ្នាំទៅហើយក៏ដោយ ប៉ុន្តែយានផ្កាយរណប MRO (Mars Reconnaissance Orbiter) នៅតែអាចដំណើរការបានដដែល។
ចំពោះ MRO វិញត្រូវបានបាញ់បង្ហោះទៅកាន់ភពអង្គារ កាលពីខែសីហាឆ្នាំ២០០៥ និងទៅដល់គន្លងគោចរជុំវិញភពអង្គារ នៅឆ្នាំ២០០៦។ MRO មានតម្លៃប្រមាណ ៧២០លានដុល្លារ ដោយវាមានតួនាទីស្វែងរកដាននៃទឹក កាលពីអតីតរបស់ភពអង្គារ ព្រមទាំងសិក្សាអំពីទីតាំងនានា នៅលើផ្ទៃដីភពអង្គារ ដែលអំណោយផលខ្ពស់ ក្នុងការចុះចតយានផ្សេងៗទៀត នាពេលអនាគត៕