(ភ្នំពេញ)៖ បងប្អូនមួយចំនួន ពេលខ្លះមិនទាន់អាចបែងចែកឲ្យបានច្បាស់លាស់នោះឡើយ អំពីអ្វីទៅដែលហៅថា ផ្កាយដុះកន្ទុយ, អាចម៍ផ្កាយ និងដុំថ្មអវកាស។ តើវត្ថុទាំងបីនេះ ដូចគ្នា ឬមានលក្ខណៈខុសគ្នាបែបណា និងមានទំហំខុសៗគ្នាយ៉ាងដូចម្តេចខ្លះ។ នេះបើតាមសម្រង់ឯកសារសំខាន់ៗ ដោយ Cambo Space នារសៀលថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨។
១. ផ្កាយដុះកន្ទុយ (Comet)៖ គឺជាវត្ថុអវកាសតូចមួយ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ដែលវាត្រូវបានគេហៅបែបនេះ (ផ្កាយដុះកន្ទុយ) ក៏ព្រោះនៅពេលវាធ្វើដំណើរកៀកនឹងព្រះអាទិត្យ កម្តៅព្រះអាទិត្យបានជះឥទ្ធិពលខ្លាំងលើតួរបស់វា ធ្វើវាឡើងកម្តៅ និងហើយបំភាយឧស្ម័នចេញពីខ្លួនវា អូសយ៉ាងវែងអន្លាយនៅក្នុងទីអវកាសតែម្តង។
ប្រការហេតុខាងលើនេះ ធ្វើឲ្យយើងមើលឃើញកន្ទុយសៗ នៅក្រោយដុំថ្មនោះ ដែលជាបំភាយនៃឧស្ម័នដោយពន្លឺព្រះអាទិត្យ ទើបវាត្រូវបានឲ្យឈ្មោះថា ផ្កាយដុះកន្ទុយ។ សម្រាប់ទំហំនៃផ្កាយដុះកន្ទុយ គឺអាស្រ័យទៅថា តើវាទៅជិតព្រះអាទិត្យកម្រិតណា ដែលផ្កាយដុះកន្ទុយខ្លះ អាចរំសាយឧស្ម័នរហូតដល់ទៅប្រវែង ៨០,០០០គីឡូម៉ែត្រឯណោះ។
២. អាចម៍ផ្កាយ (Asteroid)៖ ជាធម្មតាត្រូវបានចាត់ថ្នាក់ ជាចង្កោមដុំថ្មអវកាសតូចៗ ដែលគោចរជុំវិញព្រះអាទិត្យ ដូចភពដទៃៗដែរ ប៉ុន្តែគន្លងពួកវាខ្លះមិនទៀតទាត់ទេ។ កន្លែងដែលមានអាចម៍ផ្កាយច្រើនបំផុតនោះ គឺស្ថិតនៅចន្លោះភពអង្គារ និងព្រហស្បតិ៍ ដែលហៅថា ខ្សែក្រវ៉ាត់អាចម៍ផ្កាយ (Asteroids Belt) ដែលវាហាក់ដូចជាបណ្តុំនៃកាកសំណល់ សល់ពីការបង្កើតភព និងប្រព័ន្ធព្រះអាទិត្យនេះ។
៣. វត្ថុអវកាស (Space Object)៖ បើនិយាយអំពីនិយមន័យរបស់ពាក្យនេះ គឺសំដៅទៅលើវត្ថុនានា ជាចង្កោមតែម្តង។ វត្ថុអវកាសសំដៅទៅលើ ភព ព្រះច័ន្ទ អាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយ ដែលគោចរជុំវិញអ្វីមួយ ដែលអាចជាភព ឬព្រះអាទិត្យ ដោយមិនគិតពីទម្រង់នៃគន្លងគោចរនោះឡើយ។ វាក៏អាចសំដៅទៅវត្ថុអវកាស មកពីប្រព័ន្ធផ្កាយផ្សេង ដូចជាអាចម៍ផ្កាយ Oumuamua ផងដែរ។
សរុបសេចក្តីមក លក្ខណៈខុសគ្នានៃវត្ថុទាំងនេះ គឺអាស្រ័យទៅលើលក្ខណៈសម្បត្តិរបស់វាប៉ុណ្ណោះ ប៉ុន្តែដោយសារផ្កាយដុះកន្ទុយ ជាវត្ថុអវកាសដែលមានផ្ទុកសារធាតុផ្សេងៗ ដែលអាចបំភាយឧស្ម័ន នៅពេលត្រូវពន្លឺព្រះអាទិត្យនោះ វាក៏អាចបំលែងពីនាមអាចម៍ផ្កាយ ទៅជាផ្កាយដុះកន្ទុយនោះឯង។ បើសិនជាបងប្អូនមានចម្ងល់បន្ថែម អាចសួរបានក្នុង Comment ក្រុមការងារយើងខ្ញុំ នឹងបកស្រាយជូនបន្ថែមនៅពេលបន្តបន្ទាប់ទៀត៕