(ភ្នំពេញ)៖ បងប្អូនពិតជាបានស្គាល់ខ្លះៗមកហើយ អំពីព្រះច័ន្ទធំៗទាំង ០៤ របស់ភពព្រហស្បតិ៍ ដែលជាភពឧស្ម័នយក្ស ធំជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ប៉ុន្តែព្រះច័ន្ទរបស់វាមួយ ក៏ជាប់ឈ្មោះជាព្រះច័ន្ទធំជាងគេ នៅក្នុងប្រព័ន្ធព្រះអាទិត្យផងដែរ ដោយវាមានទំហំធំជាងភពពុធ ដែលជាលំដាប់លេខរៀងទី ១ ពីព្រះអាទិត្យទៅទៀត។ នេះបើតាមសម្រង់ទិន្នន័យពីវែបសាយ Space.com។
ព្រះច័ន្ទ Ganymede (ហ្គេនីមីដ) ដែលធំជាងគេរបស់ភពព្រហស្បតិ៍ ក៏ជាព្រះច័ន្ទធំបំផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះដែរ ហេតុដូច្នេះបានជា Cambo Space ហៅថា ឪពុកម្តាយជាយក្ស ហើយកូនជាយក្ស។ ខាងក្រោមនេះជាលក្ខណៈពិសេសធំៗ ទាំង ៥ នៃព្រះច័ន្ទ Ganymede ដែលបងប្អូនអាចនឹងចង់ដឹង៖
១. ដែនម៉ាញេទិច៖ គ្មានព្រះច័ន្ទណាមួយក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានដែនម៉ាញេទិចនោះឡើយ ហើយភពមួយចំនួនក៏ដូចគ្នា ប៉ុន្តែព្រះច័ន្ទ Ganymede មានដែនម៉ាញេទិចដែលផលិតចេញពីស្នូលដែករបស់វា ប៉ុន្តែដោយសារតែវាស្ថិតនៅជិតភពព្រហស្បតិ៍ជាមេរបស់វានោះ ដែនម៉ាឡេញទិចវា ត្រូវនៅលាយឡំនឹងដែនម៉ាញេទិចដ៏ខ្លាំងក្លារបស់ភពព្រហស្បតិ៍ទៅវិញ។
២. ទំហំ និងសណ្ឋាន៖ Ganymede មានមុខកាត់ 5,268 km ធំជាងភពពុធ ៨ភាគរយ និងភពភ្លុយតូឆ្ងាយ ប៉ុន្តែតូចជាងភពអង្គារតែបន្តិចប៉ុណ្ណោះ។ ថ្វីត្បិតតែផ្ទៃរបស់វា គ្របដណ្តប់ដោយទឹកកកស្ងួត និងថ្មក៏ដោយ ប៉ុន្តែនៅក្រោមស្រទាប់វា ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា អាចមានសមុទ្រទឹកប្រៃដូចផែនដី។ អ្នកតាមដានមានការសង្ស័យថា វាអាចកំពុងលាក់ជីវិតអេលៀនផងក៏ថាបានដែរ។
៣. ទម្រង់ និងអាយុកាល៖ វាមិនសូវខុសពីផែនដីយើងនោះទេ ព្រះច័ន្ទដែលនៅគោចរចម្ងាយជាង ១លានគីឡូម៉ែត្រ ពីភពព្រហស្បតិ៍ (គម្លាតផែនដី និងព្រះច័ន្ទគុណនឹង ៣) និងគោចរមួយជុំភពក្នុងរយៈពេល ១៧២ម៉ោងនេះ ត្រូវបានកកើតឡើងខ្ទង់ ៤.៥ពាន់លានឆ្នាំមកហើយ ដែលប្រហាក់ប្រហែលនឹងភពមេរបស់វាដែរ។
៤. ទស្សនកិច្ច៖ បើនិយាយពីការរកឃើញ Ganymede ដំបូងគេវិញ គឺដោយតារាវិទូជានិមិត្តរូបអន្តរជាតិ លោក Galileo Galilei ជនជាតិអ៊ីតាលី កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៦១០។ សម្រាប់យានអវកាស ដែលទៅថតរូបព្រះច័ន្ទ Ganymede ដោយផ្ទាល់ដំបូងគេនោះ គឺ Voyager II របស់អង្គការ NASA កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៧៩ ក្រោយពីរខែដែលទីក្រុងភ្នំពេញ ត្រូវបានរំដោះពីរបបខ្មែរក្រហម។
៥. គំរោងរុករក៖ បេសកកម្មរបស់រុស្ស៊ី ដោយមានការជួយពីសហភាពអឺរ៉ុប នឹងបញ្ជូនយាន ក្នុងគំរោង JUpiter ICy moons Explorer ទៅចុះចតដោយផ្ទាល់ លើព្រះច័ន្ទ Ganymede នៅអំឡុងឆ្នាំ២០៣២។ បេសកកម្ម នឹងចាប់ផ្តើមសកម្មភាពនៅឆ្នាំ២០២២ ហើយនឹងបាញ់បង្ហោះទៅកាន់ភពព្រហស្បតិ៍ នៅឆ្នាំ២០៣០។ វាមានគោលដៅច្រើន គឺសិក្សាពីភពព្រហស្បតិ៍ផង និងព្រះច័ន្ទរបស់វាផង៕