(អាមេរិក)៖ ទោះបីជាមានក្រុមអ្នកវិទ្យាសាស្ត្រកន្លង បានធ្វើការសន្និដ្ឋានបែបនេះបែបនោះ អំពីការបាត់បង់បរិយាកាសរបស់ភពអង្គារក៏ដោយ ប៉ុន្តែរឿងពិតនៅពីក្រោយការបាត់បង់នេះ នៅតែស្ថិតក្នុងអាថ៌កំបាំងដដែល ហើយវាតម្រូវឲ្យ NASA ស្វះស្វែងរកវិធីថ្មី ដើម្បីស្វែងរកចម្លើយដែលគ្រប់អាចទទួលយកបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Space.com នាព្រឹកថ្ងៃអាទិត្យ ទី០៤ ខែមីនា ឆ្នាំ២០១៨។
ពិតប្រាកដណាស់ គ្រឿងយន្តអវកាសថ្មី ដែលនឹងទម្លាយចម្ងល់នេះបាន គឺកែវយឺតអវកាស James Webb ដែលមិនត្រឹមតែអាចធ្វើការសិក្សាភពអេលៀន ក្រៅប្រព័ន្ធព្រះអាទិត្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចសិក្សាដឹង អំពីអតីតកាលនៃភពមួយចំនួនទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះដែរ។ ជាក់ស្តែងគឺភពអង្គារនេះតែ ដែលអាថ៌កំបាំងនៃផ្ទៃទឹក និងបរិយាកាសនៃភពក្រហមនេះ នឹងត្រូវ James Webb បកស្រាយ ចាប់តាំងពីពេលវេលានៃការបង្កើតភព ៤.៥ពាន់លានឆ្នាំមុន។
អ្វីដែលអ្នកវិទ្យាសាស្ត្រអាចធ្វើការសន្និដ្ឋានជាបឋមនោះ គឺកាលពីអតីកាល ភពអង្គារក៏មានមហាសមុទ្រលាតសន្ធឹងនៅលើផ្ទៃរបស់វាដែរ ដោយអាចមានជម្រៅស្មើនឹងជម្រៅសមុទ្រ មែឌីទែរ៉ាណេផងដែរ។
ដោយសារបរិយាកាសកាន់តែស្តើង បានបង្កឲ្យវត្តមានមហាសមុទ្រកាន់តែស្តួចស្តើងទៅតាមនោះដែរ ហើយចុងក្រោយទឹកដែលនៅសេសសល់ ត្រូវកកក្លាយជាកាតឹបទឹកកកនៅក្នុងផ្ទៃភពអង្គារតែម្តង។ ប៉ុន្តែថាតើកត្តាអ្វីខ្លះ ដែលបានបង្ករឿងទាំងនេះឡើង?
អ្វីដែលជាដំណឹងល្អនោះ គឺភពអង្គារនឹងក្លាយជាគោលដៅដំបូង សម្រាប់កែវយឺតអវកាស James Webb ដែលនឹងហោះឡើងទៅទីអវកាស នៅឆ្នាំ២០១៩ ខាងមុខនេះហើយ។ វានឹងត្រូវស្នងតំណែងពីកែវយឺតអវកាស Hubble ដែលបានបំពេញបេសកកម្មរាប់ទសវត្សរ៍មកហើយ និងដល់ពេលត្រូវសម្រាក រួចទុកតួនាទីនេះឲ្យ James បន្តទៅមុខទៀត ហើយប្រតិបត្តិការជះក្រសែភ្នែកទៅលើភពអង្គារ អាចនឹងកើតឡើងនៅចន្លោះខែឧសភា ដល់កញ្ញា ឆ្នាំ២០២០។
ចំណុចពិសេស៖ James Webb នឹងធ្វើការគណនាអំពីម៉ូលេគុលគីមី ដែលមាននៅក្នុងបរិយាកាសនៃភពអង្គារ ហើយបញ្ជូនទិន្នន័យទាំងអស់ដែលទទួលបាន ទៅកាន់ក្រុមការងារសិក្សាអំពីភពនៃអង្គការ NASA ដើម្បីធ្វើការប្រៀបធៀបជាមួយនឹងទិន្នន័យរបស់យានរុករក ក៏ដូចជាផ្កាយរណបនានា ដែលបាន និងកំពុងបំពេញបេសកកម្មនៅទីនោះ៕