(អាមេរិក)៖ ពិតប្រាកដណាស់ ជីវិតក្រៅភព ឬជីវិតអេលៀននៅភពផ្សេង ក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ គឺជាក្តីចម្ងល់ជាប់ជានិច្ចសម្រាប់មនុស្សជាច្រើន ដែលរស់នៅលើភពផែនដី ហើយអ្វីដែលនាំឲ្យពួកគេជឿថា មានអេលៀនយ៉ាងពិតប្រាកដនោះ គឺយោងទៅការសិក្សាកន្លងមក អំពីភពទាំង ៨ នៅក្នុងប្រព័ន្ធព្រះអាទិត្យ និងការរកឃើញភពរាប់ពាន់ទៀត នៅប្រព័ន្ធព្រះអាទិត្យផ្សេងពីយើង ដែលខ្លះមានគន្លងត្រឹមត្រូវដូចភពផែនដី។ នេះបើតាមការដកស្រង់ទិន្ន័យពី Space.com និង វែបសាយអង្គការ NASA នាថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។
បងប្អូនជាច្រើនប្រាកដជាមានក្តីសង្ឃឹម ប៉ុន្តែបងប្អូនមួយចំនួនទៀត នៅតែគិតថា ជីវិតអេលៀន គឺជាការបោកប្រាស។ ពិតប្រាកដណាស់ បងប្អូនតែងមានអំណះណាងប្រកបដោយភាពត្រឹមត្រូវរៀងៗខ្លួន ហើយសម្រាប់រូបភាពជីវិតអេលៀន ឬថាសហោះកន្លងមកនោះ គឺអាចនិយាយបានថា គ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ ដោយអង្គការអវកាស និងវិទ្យាសាស្ត្រធំៗនៅលើសកលលោក ដូចជា NASA, ESA, រុស្ស៊ី, ឥណ្ឌា, ជប៉ុន ឬក៏ចិននោះ មិនដែលបានអះអាងថា មានជីវិតអេលៀនធ្លាប់មកផែនដី ឬកំពុងលាក់ខ្លួនពួនអាត្មា ពីក្រសែភ្នែកយើងនោះឡើយ តែពួកគេជឿជាក់ថា ចក្រវាឡដ៏ធំធេងបែបនេះ ពិតជាមិនអាចទៅរួចទេ ដែលភពផែនដីមានជីវិតរស់នៅតែឯងនោះ។
ហេតុដូច្នេះហើយទើបកែវយឺតអវកាស និងតេឡេស្កូបលើផែនដីជាច្រើន ត្រូវបានផលិតឡើង ដើម្បីបំពេញបេសកកម្ម ស្វែងរកជីវិតផ្សេងៗ និងសិក្សាអំពីកំណកំណើត នៃចក្រវាឡ ហើយចម្លើយថា មាន ឬមិនមាននោះ គឺពេលវេលាជាអ្នកបកស្រាយ ដោយយើងពិបាកនឹងកំណត់ ឲ្យបានជាក់លាក់ណាស់។
តួយ៉ាងកែវយឺតអវកាសប្រចាំប្រវត្តិសាស្ត្រមនុស្សជាតិ គឺ Kepler ពិតជាវត្ថុដ៏អស្ចារ្យមួយ ដែលមនុស្សជាអ្នកបង្កើតឡើង សម្រាប់សំឡឹងមើលទៅរកអ្វី ដែលភ្នែកទទេរបស់មនុស្សមិនអាចមើលឃើញនោះឡោះយ។ Kepler ពិតជាអស្ចារ្យមែនហើយ ប៉ុន្តែវាដឹងត្រឹមតែគន្លងនៃភព និងទំហំនៃភពដែលវាបានអង្កេតឃើញប៉ុណ្ណោះ ដោយវាមិនអាចរុករាន ឲ្យបានដឹងអ្វីបន្ថែមពីនេះទៀតឡើយ។
ហេតុដូច្នេះហើយទើប ១០ឆ្នាំក្រោយមកទៀត គឺឆ្នាំ២០១៩ ខាងមុខនេះ កែវយឺតអវកាស James Webb នឹងត្រូវដង្ហែក្បួនដ៏ធំមហិមាមិនធ្លាប់មាន ឡើងទៅកាន់ទីអវកាស ដើម្បីជួយជ្រោមជ្រែងរាមច្បងរបស់ នោះគឺ Kepler។ និយាយឲ្យចំទៅ Kepler ដើរតួជាអ្នករកមើលភព និងស្វែងយល់លក្ខណៈនៃគន្លងភពនោះ គោចរជុំវិញផ្កាយរបស់វា ហើយបន្ទាប់មកទៀត James Webb ក៏មានតួនាទីគណនាថា តើភពដែលអាចមានជីវិតនោះ ផ្សំឡើងពីបរិយាកាសអ្វី (មានសារធាតុ ឬឧស្ម័នអ្វីខ្លះ នៅក្នុងបរិយាកាសរបស់វា)។
ជាក់ស្តែងការយល់ដឹងបរិយាកាសខាងក្រៅនៃភពមួយ ពិតជាសំខាន់ខ្លាំងណាស់ ព្រោះថាវា នឹងអាចបញ្ជាក់ឲ្យយើងដឹងថា ភពនោះអាចមានជីវិតរស់នៅ ឬអត់ ឬមួយក៏អាចនិយាយថា វាស្វាគមន៍ជីវិតដែរ ឬអត់។ ឧទាហរណ៍ថា ភពមួយត្រូវបាន James Webb អង្កេតដឹងថា មានឧស្ម័នគ្របដណ្តប់ក្នុងបរិយាកាសស្រដៀងនឹងផែនដី ដូចជាមានអាសូត អុកស៊ីសែន ឬកាបូនឌីអុកស៊ីត និងកំហាប់បរិយាកាសប្រហែលគ្នានោះ ក្រុមអ្នកវិទ្យាសាស្ត្រប្រាកដជា…!!! បងប្អូនក៏ប្រាកដជាមានប្រតិកម្មបែបនេះដែរ។
គួរបញ្ជាក់តាមអង្គការ NASA ឲ្យដឹងថា ដើម្បីឲ្យបានដឹងថា ភពមួយមានបរិយាកាសដែលអាចទ្រទ្រង់ជីវិត បាន ឬក៏អត់នោះ James Webb នឹងបង្កើនរលកសញ្ញារបស់ខ្លួន ជះទៅលើភពគោលដៅ ហើយវានឹងបានដឹងថា តើភពនោះមានទឹក មេតាន កាប៊ូម៉ូណូអុកស៊ី ឬក៏ឌីអុកស៊ីត និងអុកស៊ីសែន ដែរឬទេ។ បន្ទាប់មកទៀត ក្រុមអ្នកវិទ្យាសាស្ត្រ នឹងគណនាអំពីទំហំភព, គន្លងគោចររបស់វាពីផ្កាយរបស់វា និងរយៈពេលនៃការគោចរផងដែរ ដើម្បីសរុបថា ជីវិតអាចកើតមាននៅលើវា ឬទេ៕