(អាមេរិក)៖ ប្រហោងខ្មៅដ៏ស្រែកឃ្លានមួយ ដែលបានលេបត្របាក់យកតារាមួយដួងជាអាហារនោះ កំពុងផ្តល់ឱកាសឲ្យក្រុមអ្នកវិទ្យាសាស្រ្ត ស្វែងយល់កាន់តែច្បាស់បន្ថែម ជុំវិញការងឿងឆ្ងល់ថា តើពពួកបាតុភូតដ៏ចម្លែកនៅក្នុងអវកាសនេះ អាចស្រូបរូបធាតុនានាចូលទៅក្នុងពួកវាដោយរបៀបណា ហើយប្រការនេះមានឥទ្ធិពលយ៉ាងណា ទៅលើការវិវត្តន៍នៃកាឡាក់ស៊ីទាំងឡាយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។
កាលពីឆ្នាំ២០១៤ បណ្តាញចានផ្កាយរណប ដែលដាក់ពង្រាយនៅពាសពេញពិភពលោក ទទួលបានសញ្ញាមួយចំនួន ដែលមានប្រភពមកពី ៣០០លានឆ្នាំពន្លឺឯណោះ។ រលកសញ្ញាទាំងនោះ បានបង្កឡើងដោយសារតែ ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ មានឈ្មោះថា ASASSN-14li ដែលបានកើតឡើង ពីព្រោះតែផ្កាយមួយដួង ក្រោយពីបានធ្វើគោចរទៅកៀកនឹងប្រហោងខ្មៅមួយខ្លាំងពេក ក៏ត្រូវបានវាទាញឲ្យទៅជាផេះផង់។
នៅពេលផ្កាយមួយដួង ធ្វើដំណើរទៅជិតនឹងប្រហោងខ្មៅជ្រុលពេក (ឬអាចថា ប្រហោងខ្មៅចល័តទៅកៀកនឹងតារា) ទម្ងន់ដ៏មហិមារបស់ប្រហោងខ្មៅនោះ នឹងប្រឆាំងជាមួយទំនាញរបស់ផ្កាយ ហើយកម្លាំងប្រទាញគ្នាដ៏ខ្លាំងនេះ អាចបណ្តាលឲ្យតារាមួយនោះ ទៅជាលាតសន្ធឹងហើយរាបស្មើបាន ដោយជាចុងក្រោយគឺក្លាយទៅជាបំណែកតូចៗតែម្តង។
ក្រោយមកទៀត កម្ទេចកម្ទីរទាំងឡាយនៃផ្កាយនោះ ក៏បានធ្លាក់សំដៅទៅរកប្រហោងខ្មៅ ជាទីដែលពួកវាត្រូវប្រមូលផ្តុំនៅក្នុងតំបន់ Accretion Disk ជាតំបន់ប្រជុំដោយរូបធាតុផ្សេងៗ ដែលចិញ្ចឹមប្រហោងខ្មៅ។ ដំណើរការនេះហើយ គឺជាអ្វីដែលបានកើតឡើងនៅក្នុងព្រឹត្តិការណ៍ ASASSN-14li ដែលពិតជាដូចទាំងស្រុង ទៅនឹងការវិភាគ អំពីឥទ្ធិពលនៃចលនាប្រហោងខ្មៅ ដោយក្រុមអ្នកវិទ្យាសាស្ត្រ។
គួរជម្រាបថា ការឃ្លាំមើលថ្មីៗទៅលើបាតុភូតនេះ ក៏អាចជួយបង្កើនការយល់ដឹងរបស់ក្រុមអ្នកស្រាវជ្រាវ ជុំវិញដំណើរវិវត្តន៍នៃកាឡាក់ស៊ីនៅក្នុងចក្រវាឡផងដែរ ពីព្រោះថាកាឡាក់ស៊ីរីកដុះដាលឡើយ តាមរយៈការផ្តល់កំណើតឲ្យផ្កាយថ្មីៗ ប៉ុន្តែពួកវាអាចបែបនេះបាន លុះត្រាតែនៅក្រោមសីតុណ្ហភាពចុះត្រជាក់ខ្លាំង ប៉ុន្តែកាំរស្មី និងរលកវិទ្យុសញ្ញា ដែលបញ្ចេញដោយប្រហោងខ្មៅ តែងធ្វើឲ្យតំបន់មួយចំនួនក្នុងកាឡាក់ស៊ីជាទូទៅកើនឡើងកម្តៅ ជាហេតុបង្កភាពរាំងស្ទះជាបណ្តោះអាសន្ន ដល់ការចាប់កំណើតនៃដួងតារា៕