អបអរសាទរទាំងអស់គ្នាផង! ទាំងនេះជាជោគជ័យធំៗរបស់អង្គការ NASA នៅក្នុងឆ្នាំ២០១៦!

(អាមេរិក)៖ ឆ្នាំ២០១៦គឺជាឆ្នាំដ៏​មមាញិក​មួយរបស់​ទីភ្នាក់ងារអវកាស NASA ដែលបានបន្ត​ខិតខំ​ប្រឹងប្រែង​ជំរុញ​ទាំង​ការរុករក​ក្នុងលំហ​​អាកាស​ ការធ្វើបេសកកម្មដោយមានមនុស្ស ការស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងជាច្រើនរឿងផ្សេងៗទៀត ហើយខាងក្រោមនេះគឺជា​គំរោងសំខាន់ៗ​​ទាំង ​០៥​ ដែលទីភ្នាក់ងារ NASA បានទទួលជោគជ័យយ៉ាងធំធេងនៅក្នុងឆ្នាំ២០១៦។

១៖ យានអវកាសជូណូ (Juno) ទីបំផុតបានធ្វើ​ដំណើរទៅដល់​ភពព្រហស្បតិ៍​កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ នៅក្រោយពេល​ដែល​ត្រូវ​​បាន​​បង្ហោះ​​ចេញ​​ពី​​ទីតាំងបង្ហោះ​យាន​អាវកាសអាមេរិក Cape Canaveral កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ហើយបេសកកម្មនេះ​ត្រូវ​បាន​​រចនា​ឡើង​​​ដើម្បី​សិក្សា​ពី​បរិយាកាស​ ដោយលម្អិតបំផុត​មិនធ្លាប់មានពីមុនមកឡើយ និងដើម្បី​អង្កេត​តាមដានចំពោះផ្ទៃស្រទាប់​ខាងក្នុង​នៃ​ភព​ព្រហស្បតិ៍ សំដៅស្វែងយល់ឲ្យកាន់តែច្បាស់​ពីដើមកំណើត ទម្រង់ បរិយាកាស ក៏ដូចជាដែនម៉ាញេទិច នៃភពឧស្ម័ន​យក្ស​​ដ៏​ធំធេង​​បំផុត​មួយ​នេះ។

២៖ យានអវកាស OSIRIS-REX ត្រូវបានបញ្ជូនឆ្ពោះទៅកាន់ដុំកម្ទេចផ្កាយដ៏ធំមានឈ្មោះថា Bennu កាលពីដើមខែកញ្ញា ឆ្នាំ២០១៦ ​ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​វិល​ត្រឡប់​​មក​​កាន់​ភព​ផែន​ដី​វិញ​នា​​ឆ្នាំ២០២៣​ខាងមុខ ជាមួយនិង​គំរូតាងនៃថ្មអវកាស​នេះ ដែលនឹងជួយ​អ្នកវិទ្យាសាស្រ្ត​បង្កើន​ការយល់ដឹង​ឲ្យកាន់តែ​​ច្បាស់អំពី​ដើមកំណើត​នៃប្រព័ន្ធព្រះអាទិត្យ។

៣៖ ការសាងសង់​កែវយឺតអវកាសឈ្មោះថា «James Webb» ដ៏ធំដាច់គេ​របស់ពិភពលោក​បាន​បញ្ចប់​ទៅ​ដោយ​ជោគ​ជ័យ​​ជា​ស្ថាពរ​កាល​ពី​ខែវិច្ឆិកា ឆ្នាំមុននេះ​​បន្ទាប់ពីបានចំណាយ​ពេលអស់ជាង ២០ឆ្នាំមក ដែល​ប្រការ​នេះ​នឹង​អនុញ្ញាត​ឲ្យ​កែវយឺត​អវកាស​មួយ​នេះ​អាច​ត្រូវ​បានបាញ់ បង្ហោះទៅ​កាន់គន្លង​គោចរ​នៅក្នុង​ឆ្នាំ២០១៨ បានដូច​ទៅតាមកាល​បរិច្ឆេទ​ ដែលបានគ្រោងទុកពីមុន​ដើម្បីប្រើប្រាស់​ក្នុងថត​យករូបភាពថ្មីៗ​នៃចក្រ​វាឡ​​ជំនួស​កែវយឺត Hubble ដែលមានអាយុកាល​ដ៏ចំណាស់ទៅហើយនោះ។

៤៖ បេសកកម្ម «Kepler» ដែលមានតួនាទីស្វែង​​រកភពនានា​ស្ថិតនៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ​​បានរកឃើញវត្ត​មានភពថ្មី​ចំនួន ១,២៨៤ កាលពីខែ​ឧសភា ឆ្នាំ២០១៦ ហើយគោលដៅ​រយៈពេលវែង​របស់ Kepler គឺដើម្បីតាមរកភពណាមួយ​ដែលដូចជាមួយនឹងផែនដី ដែលវិលជុំវិញផ្កាយមួយក្នុងគន្លងដូចគ្នាជាមួយនឹង​ព្រះអាទិត្យ។

៥៖ យានអវកាស New Horizons បានបញ្ជូលទិន្នន័យ​ចុងក្រោយរបស់​ខ្លួន​ស្តីអំពីភពភ្លុយតូ​​មកកាន់​ភពផែនដី​​កាលពី​ខែតុលា ឆ្នាំ២០១៦នេះ ​ហើយបច្ចុប្បន្នកំពុងតែ​ធ្វើដំណើរឆ្ពោះទៅកាន់​ខែ្សក្រវ៉ាត់​ចុងបំផុតនៃប្រព័ន្ធ​ព្រះអាទិត្យ ដែលនឹងទៅដល់នាឆ្នាំ២០១៩៕

NASAណាសា
Comments (0)
Add Comment