(បរទេស)៖ សម្រាប់សប្តាហ៍កន្លងទៅនេះ ទីភ្នាក់អវកាសអាមេរិក និងអឺរ៉ុប បានបញ្ចេញរូបភាពដ៏អស្ចារ្យៗជាច្រើនសន្លឹក ទាក់ទងនឹងវិស័យអវកាស ដើម្បីចែកជូនអ្នករាល់គ្នាបានទស្សនា។ ខាងក្រោមនេះ គឺជារូបចំនួន ០៨សន្លឹក ដកស្រង់ចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។
១៖ សំណង់ស្ថាបត្យកម្មដ៏ល្បីល្បាញរបស់អេហ្ស៊ីប គឺប្រាសាទពីរ៉ាមីត Giza ត្រូវបានថតយកពីលើអាកាស ដោយផ្កាយរណប Proba-1 របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA។
២៖ ព្រះច័ន្ទដ៏តូចច្រឡឹង នឹងមានរាងយ៉ាងចំឡែកឈ្មោះថា Pan នៃភពសៅរ៍ នៅក្នុងរូបភាពដែលថតបានដោយ អតីតយានអវកាស Cassini របស់ NASA គឺកំពុងធ្វើគោចរនៅក្នុងប្រព័ន្ធខ្សែក្រវាត់ របស់ភពយក្សនេះ។
៣៖ តំបន់បង្កើតផ្កាយមួយនៅក្នុងកាឡាក់ស៊ី Milky Way របស់យើង ដែលស្ថិតនៅចម្ងាយ ៧,៥០០ឆ្នាំពន្លឺ មើលទៅហាក់ដូចជាផ្ទាំងគំនូររបស់វិចិត្រករដ៏ល្បីល្បាញលើពិភពលោក គឺលោក Van Gogh នៅក្នុងរូបភាពអវកាស ដែលថតបានដោយកែវយឺតអវកាស Herschel របស់ ESA។
៤៖ យានសម្រាប់ដឹកជញ្ជូនអវកាសយានិក Orion របស់ NASA កំពុងធ្លាក់ចុះដោយសន្សឹមៗមកផែនដី ក្នុងអំឡុងនៃការធ្វើតេស្តប្រព័ន្ធឆ័ត្រយោងរបស់វា នៅរដ្ឋ Arizona សហរដ្ឋអាមេរិក។ Orion ត្រូវបានបង្កើតឡើងសម្រាប់បំពាក់លើរ៉ុក្កែត SLS ដើម្បីនាំយកអវកាសយានិក ឲ្យធ្វើដំណើរហួសទៅឆ្ងាយ ពីគន្លងគោចរកម្រិតទាបរបស់ផែនដី (Low-Earth Orbit) នៅខ្ទង់ឆ្នាំ២០២៥។
៥៖ រ៉ុក្កែតរុស្ស៊ី Soyuz ហោះចាកចេញពីមជ្ឈមមណ្ឌលបង្ហោះយានអវកាស Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន ដើម្បីនាំយកក្រុមអវកាសយានិកចំនួន ០៣នាក់ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។
៦៖ ខណៈយានរុករក Curiosity របស់អង្គការ NASA បានធ្វើប្រតិបត្តិការលើសពី ២,០០០ថ្ងៃ នៅលើភពអង្គារ (Mars) ទីភ្នាក់ងារអវកាសអាមេរិក បានសម្រេចបញ្ចេញរូបភាពថ្មីនេះ បង្ហាញឲ្យឃើញពីតំបន់ដែល Curiosity កំពុងសិក្សាស្រាវជ្រាវ។
៧៖ ទីភ្នាក់ងារអវកាសអឺរ៉ុប បញ្ចេញរូបភាពដ៏អស្ចារ្យ នៃវដ្តកម្លាំងម៉ាញេទិចពេញលេញរបស់ព្រះអាទិត្យ ដែលមើលទៅចម្លែកមែនទែន។
៨៖ ក្រុមតារាវិទូថតបានទិដ្ឋភាពនៃមន្ទីរពិសោធន៍អវកាសចិន Tiangong-1 ដែលកំពុងធ្លាក់សំដៅមកក្នុងបរិយាកាសរបស់ផែនដី៕