(ប៉េកាំង)៖ មន្ទីរពិសោធន៍អវកាស Tiangong-1 ដែលបានធ្លាក់ចូលមកក្នុងបរិយាកាសផែនដីវិញ និងឆាបឆេះស្ទើរតែគ្មានសល់បំណែក កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនោះ ត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីមួយ ដែលផ្ទុកសុទ្ធតែកំណត់ត្រា នៃយានអវកាស ដែលបានឆាបឆេះ ស្របពេលដែលពួកវាបានដាំដូងចុះមកក្នុងផែនដីវិញ ហើយខាងក្រោមនេះ គឺជាព្រឹត្តិការណ៍ល្បីៗមួយចំនួន៖
១. Mir – ២០០១៖ ត្រូវគេបាញ់បង្ហោះកាលពីឆ្នាំ១៩៨៦ ស្ថានីយអវកាស Mir គឺជានិមិត្តរូបពោពេញដោយមោទនភាពមួយ នៃភាពជោគជ័យ របស់សហភាពសូវៀតក្នុងវិស័យអវកាស ទោះបីជាធ្លាប់ជួបប្រទះបញ្ហាធំៗជាច្រើនក៏ដោយក្តី។ ប៉ុន្តែក្រោយពីការដួលរំលំរបស់សហភាពសូវៀត អាជ្ញាធររុស្ស៊ីបានសម្រេចបោះបង់ចោលស្ថានីយនេះ កាលពីចុងទសវត្សរ៍៩០ ហើយបង្វែរធនធានរបស់ពួកគេ ដើម្បីទៅផ្តោតលើស្ថានីយអវកាសអន្តរជាតិ ISS វិញ។ ស្ថានីយទម្ងន់ដល់ ១៤០តោននេះ ត្រូវបានទីភ្នាក់ងារអវកាសរុស្ស៊ី បញ្ជាទម្លាក់ចុះមកផែនដីវិញ នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ចន្លោះប្រទេសនូវែលសេឡង់ និងឈីលី នៅឆ្នាំ២០០១។
២. Salyut 7 – ១៩៩១៖ Salyut 7 ដែលត្រូវបានគេបាញ់បង្ហោះកាលពីឆ្នាំ១៩៨២ គឺជាមន្ទីរពិសោធន៍អវកាសចុងក្រោយ នៃកម្មវិធី Salyut របស់សហភាពសូវៀត។ នៅពេលដែលស្ថានីយ Mir ត្រូវបានបញ្ជូនទៅទីអវកាសនៅឆ្នាំ១៩៨៦ អាជ្ញាធរវិស័យអវកាសសូវៀត បានរំកិល Salyut 7 ឲ្យទៅគន្លងខ្ពស់ជាងមុន ហើយបោះបង់វាចោលនៅទីនោះតែម្តង។
Salyut 7 បើតាមការរំពឹងទុកត្រូវស្ថិតនៅក្នុងគន្លងនោះរហូតដល់ឆ្នាំ១៩៩៤ ប៉ុន្តែបញ្ហានឹកស្មានមិនដល់បានកើតឡើង ក៏បានបណ្តាលឲ្យវាធ្លាក់មកផែនដីវិញនៅឆ្នាំ១៩៩១។ ស្ថានីយទម្ងន់ ៤០តោននេះ បានបែកជាបំណែក និងឆាបឆេះ ហើយកម្ទេចកម្ទីរមួយចំនួនដែលនៅសល់ បានធ្លាក់រាយប៉ាយនៅក្នុងប្រទេសអាហ្សង់ទីន។
៣. Skylab – ១៩៧៩៖ Skylab គឺជាស្ថានីយអវកាសដំបូងគេ និងតែមួយគត់របស់សហរដ្ឋអាមេរិក ដែលត្រូវបានបាញ់បង្ហោះដោយអង្គការ NASA កាលពីឆ្នាំ១៩៧៣ និងទទួលក្រុមអវកាសយានិក ឲ្យធ្វើប្រតិបត្តិការនៅទីនោះរហូតដល់ឆ្នាំ១៩៧៤។ ដោយឡែក ខណៈគន្លងរបស់ស្ថានីយអវកាសនេះ ចាប់ផ្តើមធ្លាក់ចុះដុនដាប ទីភ្នាក់ងារអវកាស NASA ត្រូវតែបង្ខំចិត្តត្រៀមលក្ខណៈសម្រាប់ការធ្លាក់ត្រឡប់ចុះមកវិញរបស់វា ខណៈ NASA មានលទ្ធភាពក្នុងកម្រិតខ្លះៗប៉ុណ្ណោះ ក្នុងការកំណត់ទីតាំងដែលវានឹងត្រូវធ្លាក់ចុះប៉ុណ្ណោះ។ ទីបំផុតស្ថានីយទម្ងន់ ៨៥តោននេះ បានសំយ៉ុងចុះលើប្រទេសអូស្រ្តាលី ដែលជាព្រឹត្តិការណ៍ដ៏កក្រើកមួយទូទាំងពិភពលោក។
៤. Columbia – ២០០៣៖ ព្រឹត្តិការណ៍ទាំង ០៣ ខាងលើនេះ គឺមិនដែលធ្លាប់មានគ្រោះថ្នាក់ ឬសោកនាដកម្មនោះឡើយ ប៉ុន្តែកាលពីឆ្នាំ២០០៣ យាន Space Shuttle ឈ្មោះ Columbia របស់ NASA បានបែកជាបំណែក នៅក្នុងអំឡុងនៃការធ្វើ Re-Entry (ធ្លាក់ចុះមកក្នុងបរិយាកាសផែនដីវិញ) របស់វានៅចុងបេសកកម្ម STS-107 ដែលជាលទ្ធផលបានផ្តាច់ជីវិតអវកាសយានិកទាំង ០៧នាក់ នៅលើនោះ។
គ្រោះថ្នាក់ខាងលើបានកើតឡើង ដោយសារឆ្លាបផ្នែកខាងឆ្វេងរបស់យាន Columbia ត្រូវបានប៉ះទង្គិចដោយវត្ថុមួយ តាំងតែពីអំឡុងនៃការបាញ់បង្ហោះរបស់វា ដែលជាហេតុធ្វើឲ្យយានអវកាសនេះ ពុំមានទប់ទល់នឹងសីតុណ្ហភាពដ៏ខ្លាំងក្លា ក្នុងអំឡុងនៃការធ្វើ Re-Entry ហើយធ្វើឲ្យខ្លួនតួវាបែកចេញពី និងឆាបឆេះ។ កម្ទីរកម្ទីររាប់ម៉ឺនបំណែកនៃយានអវកាសទម្ងន់ ៨០តោននេះ បានធ្លាក់រប៉ាត់រប៉ាយពាសពេញរដ្ឋតិចសាស់ និងលូវីសៀអាណា (Louisiana)៕
ប្រភពព័ត៌មាន៖ បាងកកប៉ុស្តិ៍