(ភ្នំពេញ)៖ តើចក្រវាឡមានព្រំដែន ឬទេ? សំនួរនេះយើងទាំងអស់គ្នាប្រាកដជាងឿងឆ្ងល់ ដោយអ្នកពូកែស្រាវជ្រាវឯកសារ នឹងប្រឹងប្រែងស្វះស្វែងរកចម្លើយដោយខ្លួនឯង ហើយសម្រាប់អ្នកដែលមិនដឹងថា ត្រូវទៅស្រាវជ្រាវនៅទីណានោះ គឺនឹងសួរទៅកាន់មនុស្សដែលគេគិតថា អាចផ្តល់ចម្លើយមួយដល់ពួកគេបាន។
ចម្លើយតំណាក់កាលទី ១ នោះគឺ សូម្បីតែប្រព័ន្ធព្រះអាទិត្យខ្លួនឯងសោះ ក៏មនុស្សមិនទាន់មានលទ្ធភាពដឹងនូវអ្វីគ្រប់យ៉ាងអស់ផង តើយើងអាចទៅយល់ដឹងព្រំដែន នៃចក្រវាឡតាមរបៀបណាទៅ? ពិតជាត្រឹមត្រូវសម្រាប់ការអះអាងដូច្នេះ ប៉ុន្តែបើយើងប្រើប្រាស់ការគិតគូស៊ីជម្រៅ នឹងព្យាយាមថ្លឹងថ្លែងតថភាពជាក់ស្តែងនោះ វាជារឿងពីរផ្សេងគ្នាយ៉ាងពិតប្រាកដ។
ក្នុងប្រព័ន្ធព្រះអាទិត្យយើង គឺយើងអាចដឹងតាមរយៈឧបករណ៍ ដូចជា ផ្កាយរណប តេឡេស្កូ យានរុករក យានអវកាស និងការជះរលកសញ្ញានានា ដែលត្រូវបានបង្កើតឡើងដើម្បីសិក្សាអំពីអ្វីៗ ដែលមាននៅក្នុងប្រព័ន្ធយើងនេះតែម្តង។ ប៉ុន្តែសម្រាប់ចក្រវាឡវិញ យើងក៏មានលទ្ធភាពក្នុងការតាមដានដែរ តាមរយៈឧបករណ៍ដូចជាតេឡេស្កូបយក្ស កែវយឺតអវកាស និងប្រព័ន្ធកាំរស្មីជះរលកសញ្ញា ទៅកាន់ទីអវកាសឆ្ងាយជាដើម។
ដោយសារតែពន្លឺត្រូវចំណាយពេលវេលា ដើម្បីជះមកដល់យើង ពីទីតាំងដ៏សែនឆ្ងាយនៃទីអវកាស ហើយចក្រវាឡមានចំណុចចាប់ផ្តើមរបស់វានោះ បានន័យថា មានរយៈចម្ងាយមួយ ដែលពួកយើងពុំអាចមើលឃើញឡើយ (លើសពីសមត្ថភាព យើងអាចដឹង)។ រយៈចម្ងាយនោះ គឺប្រហែលជា ៤៦ពាន់លានឆ្នាំពន្លឺ និងជាកំណត់សម្គាល់នៃព្រំដែនរបស់ទំហំចក្រវាឡ ដែលយើងអាចអង្កេតបាន។ ពីព្រោះតែយើងមិនអាចមើលឃើញចក្រវាឡ ហួសពីតំបន់នេះ យើងមិនដឹងច្បាស់ថា តើចក្រវាឡទាំងមូលធំមហិមាប៉ុណ្ណា ឲ្យប្រាកដនោះឡើយ។
ការសិក្សារស្រាវជ្រាវមួយចំនួន បានលើកឡើងថា ចក្រវាឡគឺគ្មានដែនកំណត់នោះទេ ខណៈដទៃទៀតទំនងជាបង្ហាញថា ចក្រវាឡតាមពិតទៅគឺមានទីបញ្ចប់របស់វា ពុំមែនអនន្តនោះឡើយ។ ទោះបីជាក្នុងករណីទំហំចក្រវាឡមានដែនកំណត់ក៏ដោយ វាក៏ប្រហែលនៅតែពុំមានគែម ឬបន្ទាត់ព្រំដែនច្បាស់លាស់ដដែល គឺដូចទៅនឹងការដែលផ្ទៃនៃភពផែនដី គឺមានដែនកំណត់ដែរអ៊ីចឹង ប៉ុន្មានមិនមែនគែមកំណត់ជាក់ស្តែងត្រឹមត្រូវតែម្តងនោះឡើយ។
ក្រុមតារាវិទូយល់ថា លំហអាកាសប្រហែលជាមានទីបញ្ចប់ ដោយវត្ថុនានារួមមានថាមពល និងកាឡាក់ស៊ី ត្រូវបានពង្រាយក្នុងលក្ខណៈដូចគ្នាទៅនឹងនៅក្នុងតំបន់ចក្រវាឡ ដែលអាចអង្កេតបានដែរ។ ប្រសិនបើវាពិតយ៉ាងដូច្នោះមែននោះ ការសន្និដ្ឋានចម្លែកៗផ្សេងៗ ជុំវិញសំណួរថាតើមានអ្វីខ្លះនៅហួសពីតំបន់នោះ នឹងកើតមានជាបន្តបន្ទាប់ ពីព្រោះថានៅហួសតំបន់ចក្រវាឡអាចអង្កេតបាន ដែលគេហៅថា Hubble Volume អ្នកមិនត្រឹមតែរកឃើញភពដែលប្លែកៗនោះឡើយ គឺអាចមានអ្វីផ្សេងក្រៅពីនេះ។
ដូច្នេះសរុបសេចក្តីមក ចម្លើយអាចធ្វើឲ្យលោកអ្នកខកចិត្ត នោះគឺចម្លើយទី ១ ប្រហែលជាចក្រវាឡមានព្រំដែនកំណត់ និងចម្លើយទី ២ ប្រហែលជាចក្រវាឡគ្មានព្រំដែនកំណត់នោះឡើយ។ ទោះបីជាចម្លើយទាំងពីរនេះ ស្ថិតនៅខ្សែកណ្តាល ប៉ុន្តែ Cambo Space សូមលើកឡើងរឿងពិតមួយថា លំហ ឬ Space ពុំមានដែនកំណត់នោះឡើយ៕
ឯកសារយោង៖ Wikipedia, Space.com និង Livescience.com