(អាមេរិក)៖ ចម្ងល់នៅតែបន្តកើតមានជុំវិញការបង្ហាញវត្តមាន នៃវត្ថុមកពីក្រៅប្រព័ន្ធព្រះអាទិត្យ ដែលគេដាក់ឈ្មោះថា Oumuamua។ តើមានជីវិតអេលៀនវ័យឆ្លាត រស់នៅលើវត្ថុដែលមានរាងដូចនឹងបារីស៊ីហ្គែរ (Cigar) ដែលបានហោះឆ្លងកាត់ប្រព័ន្ធផ្កាយរបស់យើង កាលពីឆ្នាំមុននេះដែរ ឬក៏អត់?
ក្នុងការព្យាយាមស្វែងរកការពិត ក្រុមតារាវិទូអូស្រ្តាលីបានប្រើប្រាស់តេឡេស្កូប Muchison Widefield Array ដើម្បីលួចផ្ទៀងស្តាប់សំឡេងយ៉ាងផ្ចិតផ្ចង់បំផុតលើវត្ថុមួយនេះ។ នេះបើតាមដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។
លទ្ធផលដែលក្រុមអ្នកវិទ្យាសាស្រ្តខាងលើបានរកឃើញ គឺពុំមានភស្តុតាងអ្វីទាំងអស់ ដែលអាចបញ្ជាក់មានមនុស្សភពក្រៅ បញ្ជូនរលកសញ្ញាចេញមកខាងក្រៅនោះឡើយ។ អ្នកវិទ្យាសាស្រ្ត បានដឹងអំពីវត្តមាននៃដុំថ្មីអវកាសដ៏អាថ៌កំបាំងនេះ កាលពីឆ្នាំទៅ នៅពេលដែលវាត្រូវបានគេប្រទះឃើញដោយតេឡេស្កូប Pan-STARRS1 នៅកោះហាវ៉ៃ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧។
អ្នកវិទ្យាសាស្រ្ត បានសម្រេចដាក់ឈ្មោះឲ្យវាថា Oumuamua ដែលសម្រាប់ប្រជាជននៅកោះហាវ៉ៃ មានន័យថា «ជាអ្នកនាំសារពីកន្លែងមួយដ៏សែនឆ្ងាយ ហើយមកដល់ទីនេះជាលើកដំបូង»។ អាចម៍ផ្កាយ Oumuamua គឺជាភស្តុតាងជាក់ស្តែងទីមួយ បង្ហាញពីវត្ថុមួយ ដែលមានប្រភពមកពីប្រព័ន្ធផ្កាយដទៃទៀត ហើយធ្វើដំណើរឆ្លងកាត់ប្រព័ន្ធសូឡារបស់យើង។
គួរជម្រាបថា វត្ថុអាថ៌កំបាំងនេះបានបណ្តាលឲ្យមនុស្សមួយចំនួន កើតក្តីងឿងឆ្ងល់ថា តើតាមពិតវា គឺជាយានអវកាស ដែលធ្វើដំណើរមកពីប្រព័ន្ធផ្កាយផ្សេង ឬយ៉ាងណាថែមទៀតផង ប៉ុន្តែអ្វីៗពេលនេះ គឺពិតជាច្បាស់ហើយថា Oumuamua ពិតគ្រាន់តែជាអាចម៍ផ្កាយរាងដូចបារីមួយដើមប៉ុណ្ណោះ៕