(បរទេស)៖ ពន្លឺពិតមានល្បឿនលឿនជាងអ្វីៗទាំងអស់ នៅក្នុងចក្រវាឡនេះ ដែលវាបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រមួយចំនួនមានក្តីសង្ឃឹមថា បើពួកគេអាចបង្កើតយានដែលអាចសម្រុកបានដល់ល្បឿនៃពន្លឺនោះ ការធ្វើដំណើរទៅកាន់ប្រព័ន្ធផ្កាយផ្សេង នឹងជារឿងដែលអាចទៅរួច ដោយមិនមែនត្រឹមតែជាការស្រមើស្រមៃ ឬរង់ចាំដល់ការកើតមានច្រកឆ្លងប្រព័ន្ធព្រះអាទិត្យ ដូចក្នុងរឿងនិទាននោះឡើយ។ ប៉ុន្តែថា តើអាចមានយានណាមួយត្រូវបានផលិត និងធ្វើដំណើរដល់កម្រិតល្បឿនពន្លឺ ឬទេ?
មុននឹងឆ្លើយនូវសំនួរដ៏ពិសេសមួយនេះ ចូលធ្វើការរំលឹកមេរៀនចាស់ជាមុនសិនថា អ្វីទៅជាល្បឿននៃពន្លឺ ឬចម្ងាយជាឆ្នាំពន្លឺ? ជាការពិតយើងមិនធ្វើការវាស់ចម្ងាយដោយផ្ទាល់នូវវត្ថុអ្វី ដែលស្ថិតនៅសែនឆ្ងាយពីយើង តាមរយៈការរាប់ពេលវេលានោះឡើយ។ «Light Year ឬឆ្នាំពន្លឺ» គ្រាន់តែជាខ្នាតនៃប្រវែង ឬចម្ងាយ ដូចទៅនឹង «ម៉ាយ (Mile)» ឬ «គីឡូម៉ែត្រ (Kilometer)» ប៉ុណ្ណោះ។ យើងដឹងថា តើពន្លឺអាចធ្វើដំណើរបានរហ័សប៉ុណ្ណា នៅក្នុងរយៈពេល១វិនាទី យើងក៏ដឹងដែរថា មានប៉ុន្មានវិនាទីនៅក្នុងមួយឆ្នាំ ហេតុដូច្នេះយើងនឹងអាចដឹងថា តើមានចម្ងាយ ឬប្រវែងប៉ុន្មានគីឡូម៉ែត្រនៅក្នុងមួយឆ្នាំពន្លឺ។
ក្នុងមួយវិនាទីពន្លឺអាចរត់បាន ៣០០,០០០គីឡូម៉ែត្រ ដូច្នេះមួយឆ្នាំពន្លឺមានន័យថា គឺជាចម្ងាយសរុបដែលពន្លឺអាចរត់បានក្នុងរយៈពេលមួយឆ្នាំ (យកចំនួនវិនាទីដែលមានក្នុងមួយមួយឆ្នាំ ទៅគុណនឹងចំនួន ៣០០,០០០គីឡូម៉ែត្រ) នោះនឹងបានមកវិញនូវចម្ងាយ ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ = មួយឆ្នាំនៃពន្លឺ។ សម្រាប់ផ្កាយភ្លោះអាល់ហ្វាសេនថារី ដែលនៅកៀកនឹងផែនដីបំផុតមានចម្ងាយ ៤.៤ឆ្នាំពន្លឺពីផែនដីនោះ គឺត្រូវយកចម្ងាយមួយឆ្នាំពន្លឺ ដែលស្មើនឹង ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រគុណនឹង ៤.៤ឆ្នាំពន្លឺស្នើនឹង ៤១.៦២៨ពាន់ពាន់លានគីឡូម៉ែត្រ (ដែលជាចម្ងាយពីផែនដី ទៅអាល់ហ្វាសេនថារី)។
សម្រាប់យានអវកាសដែលគោចរលឿនបំផុត (New Horizons) ក្នុងទីអវកាសគឺបានតែ ១៤គីឡូម៉ែត្រក្នុងមួយវិនាទីប៉ុណ្ណោះ ប្រៀបធៀបនឹងល្បឿនពន្លឺដែលរត់បាន ៣០០,០០០គីឡូម៉ែត្រក្នុងមួយវិនាទី ពិតជាខុសគ្នាដូចមេឃនឹងដី។ ដូច្នេះបើយកយាន New Horizons ដែលហោះបានល្បឿន ១៤គីឡូម៉ែត្រក្នុងមួយវិនាទី ធ្វើដំណើរទៅកាន់ប្រព័ន្ធផ្កាយអាល់ហ្វាសេនថារី វានឹងចំណាយពេលជិត ៤០,០០០ឆ្នាំ ទើបទៅដល់ទៅដល់អាហ្វាសេនថារី។
ចុះថាតើមនុស្សអាចបង្កើតយាន ដែលហោះក្នុងល្បឿននៃពន្លឺ ឬក៏អាចក្បែរៗល្បឿនដ៏លឿនលើការថ្លែងនោះ ឬទេ? ចម្លើយពេលនេះគឺយោងតាមទ្រិស្តីរបស់លោក Einstein «គ្មានវត្ថុណាមួយអាចបង្កើនល្បឿន ដល់កម្រិតនៃល្បឿនពន្លឺនោះឡើយ»។ មូលហេតុនោះ គឺនៅពេលដែលវត្ថុមួយ ឈានដល់កម្រិតល្បឿននៃពន្លឺ ម៉ាស់របស់វានឹងកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះបើវាធ្វើដំណើរក្នុងល្បឿន ៣០០,០០០គីឡូម៉ែត្រក្នុងមួយវិនាទី នោះម៉ាស់របស់វានឹងក្លាយអនន្ត ដូច្នេះវាត្រូវការថាមពលដើម្បីបម្លាស់ទីវា ដូច្នេះវានឹងបង្កើតជាសំនួរថា តើវត្ថុនោះអាចទ្រាំទ្របានឬទេ? ហេតុដូច្នេះហើយទើបមានការសន្មត់ថា គ្មានវត្ថុធម្មតាណាមួយ អាចធ្វើដំណើរក្នុងកម្រិត នៃល្បឿនពន្លឺនោះឡើយ៕