(អ៊ីស្រាអែល)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នឹងធ្វើតេស្តសមត្ថភាពអាវក្រោះការពាររលកវិទ្យុសកម្ម ដែលផលិតឡើងដោយប្រទេសអ៊ីស្រាអែល នៅក្នុងគម្រោងហោះហើរសាកល្បងនៃយានអវកាស Orion មុនពេលដែលបេសកកម្មបញ្ជូនមនុស្សជាផ្លូវការចាប់ផ្តើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។
ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអ៊ីស្រាអែលបានឲ្យដឹងថា អង្គការ NASA និងទីភ្នាក់ងារអវកាសរបស់ប្រទេសខ្លួន ISA បានចុះកិច្ចព្រមព្រៀងមួយ ស្តីពីការប្រើប្រាស់អាវក្រោះការពារវិទ្យុសកម្ម នៅក្នុងក្របខណ្ឌនៃការហោះហើរសាកល្បងនូវយាន Orion របស់ NASA ហើយប្រសិនបើការធ្វើតេស្តអាវការពារពិសេសនេះ ទទួលបានជោគជ័យ វាប្រហែលមានលទ្ធភាពយកទៅប្រើប្រាស់ សម្រាប់ប្រតិបត្តិការរុករកក្នុងទីអវកាសខាងមុខៗទៀតជាពិសេសនៅឋានព្រះច័ន្ទ និងភពអង្គារតែម្តង។
បន្ថែមពីនេះនាពេលឆាប់ៗទីភ្នាក់ងារអវកាស ISA ក៏នឹងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Lockheed Martin ដើម្បីផ្តួចផ្តើមការប្រើប្រាស់អាវក្រោះការពាររលកវិទ្យុសកម្មនេះ នៅឯស្ថានីយអវកាសអន្តរជាតិ ISS ផងដែរ នាដើមឆ្នាំ២០១៩។ រលកវិទ្យុសកម្មពិតជាសាហាវណាស់ ព្រោះវាអាចសម្លាប់ជីវិតអវកាសយានិកបាន បើសិនជាគ្មានខែលការពារក្នុងរយៈពេលយូរទេនោះ។
ចំណុចសំខាន់៖ ងាកមកកាន់យានអវកាស Orion វិញ គឺជាបន្ទប់នៃអវកាយានិកសរុប ០៤នាក់ ដែលពួកគេត្រូវមានសមត្ថភាពរស់នៅ និងសិក្សានៅក្នុងនោះរយៈពេលរាប់ខែ-ឆ្នាំ ហើយវាមានគោលដៅធំបំផុត នៅក្នុងការបញ្ជូនមនុស្សទៅភពអង្គារ នៅឆ្នាំ២០៣០ ជាពេលអង្គការ NASA បានកំណត់គោលដៅ នៃការនាំក្រុមមនុស្សដំបូង ទៅជាន់ភពអង្គារ ប៉ុន្តែក្រុមហ៊ុន SpaceX បានកំណត់គោលដៅមុននេះទៀតទៅហើយ។
ដើម្បីអាចឲ្យវាធ្វើដំណើរទៅភពអង្គារបាន ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ១០០% នោះ យានអវកាស Orion ត្រូវតែទទួលការធ្វើតេស្តយ៉ាងលំបាក នោះគឺការហោះហើរទៅកាន់គន្លងគោចរនៃឋានព្រះច័ន្ទ ដោយគ្មានអវកាសយានិក ដើម្បីឲ្យប្រាកដអំពីប្រសិទ្ធភាពនៃប្រព័ន្ធទំនាក់ទំនង និងសុវត្ថិភាពជារួម។ បន្ថែមពីនេះទៀត ឈុតសំលៀកបំពាក់អវកាសថ្មី ក៏នឹងក្លាយជាប្រយោជន៍ សម្រាប់គំរោងបញ្ជូនមនុស្ស ទៅជាន់ឋានព្រះច័ន្ទជាថ្មីនោះផងដែរ។
ក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា បច្ចុប្បន្នភពអង្គារមិនមានដែនម៉ាញេទិចទេ ប៉ុន្តែស្រទាប់ ផ្ទៃភពរបស់វា មានកម្លាំងខ្លាំងជាងដែនម៉ាញេទិចរបស់ភពផែនដី ១០ដង។ ប្រការនេះ ហើយទើបបរិយាកាសរបស់ភពនេះ មានស្នើនឹងជិត ១ភាគរយ ប៉ុណ្ណោះរបស់ផែនដី ហើយ ភាគច្រើនគឺជាធូលីដី ដែលបោកបក់ជារឿយៗដោយសារតែចរន្តខ្យល់លើភព ដូច្នេះទើបខែលការពារ (អាវក្រោះ) គឺជារឿងចាំបាច់បំផុត ក្នុងការអនុញ្ញាតឲ្យអវកាសយានិក អាចធ្វើការរស់នៅលើភពអង្គារក្នុងរយៈពេលយូរបាន។
សរុបជារួមមក ភពអង្គារពិតជាធ្លាប់មាន ទឹក (មហាសមុទ្រ, បឹង, ទន្លេ) ព្រមទាំងបរិយាកាស ក្រាស់ស្រដៀង ទៅនឹងភពផែនដីនាសម័យបច្ចុប្បន្ននេះដែរ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រនៅតែ កំពុងស្វែងរកមូលហេតុពិតប្រាកដថា តើហេតុចម្បងអ្វីបានជា វត្ថុធាតុដែលអាចទ្រទ្រង់ជីវិត ទាំង នោះរលាយបាត់ពីភពក្រហមមួយនេះ។ មួយវិញទៀត ការរុករកលើភពអង្គារ គឺអ្នក វិទ្យាសាស្ត្រចង់ដឹងថា តើអាចធ្លាប់មានជីវិតក្នុងទម្រង់ណាមួយ កើតឡើងលើភពនេះ ឬទេ៕