(វ៉ាស៊ីនតោន)៖ វីដេអូថ្មីបែប Animation របស់អង្គការ NASA ត្រូវបានចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ ដោយបង្ហាញអំពីសញ្ញានៃអាចម៍ផ្កាយរាប់ពាន់ដុំ កំពុងតែគោចរក្នុងគន្លងរប៉ាត់រប៉ាយជុំវិញព្រះអាទិត្យ ដោយឡូកឡំជាមួយបណ្តាភពក្នុងប្រព័ន្ធព្រះអាទិត្យក្នុង (Inner Solar System) តែម្តងដូចជាភព ពុធ សុក្រ ផែនដី និងអង្គារជាដើម។ នេះបើតាមការចេញផ្សាយដោយ Space.com នាល្ងាចថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។
ខ្សែវីដេអូខ្លី ដែលទើបត្រូវបានបង្កើតឡើង ក្រោយការប្រមូលផ្តុំទិន្ន័យជាច្រើន និងចុងក្រោយរបស់ NASA នោះគឺវត្ថុអវកាសប្រមាណ ២៩,០០០ដុំ ត្រូវបានធ្វើការកំណត់តាមរយៈតេឡេស្កូប និងគ្រឿងយន្តអវកាស តាំងតែពីខែធ្នូ ឆ្នាំ២០១៣មកម្ល៉េះ ហើយអាចម៍ផ្កាយទាំងនោះ គឺមកពីបណ្តុំនៃខ្សែក្រវាត់អាចម៍ផ្កាយ ដែលស្ថិតនៅចន្លោះភពអង្គារ និងព្រហស្បតិ៍ ហើយក្នុងនោះក៏បានបូកសរុបទាំងវត្ថុអវកាស (អាចម៍ផ្កាយ) សរុបចំនួន ៨០០ និងផ្កាយដុះកន្ទុយជាង ១៣០ នៅជិតៗផែនដីយើងដែលទើបត្រូវបានសិក្សារួចរាល់។
បេសកកម្មរុករកវត្ថុអវកាសដែលហៅថា NEOWISE របស់អង្គការ NASA ពិតជាបានធ្វើឲ្យយើងទទួលបានលទ្ធផលដូចខាងលើនេះ និងការពិសោធន៍យ៉ាងល្អិតល្អន់របស់មន្ទីរពិសោធន៍ JPL ស្ថិតនៅក្នុងតំបន់ Pasadena នៃរដ្ឋកាលីហ្វរញ៉ា។ គ្រឿងយន្តអវកាស NEOWISE ពិតជាបានរកឃើញ និងកំណត់ទំហំវត្ថុអវកាសសរុបប្រមាណជា ១,៣០០ដុំ នៅជិតផែនដី ចាប់តាំងពីវាត្រូវបានបាញ់បង្ហោះ និងធ្វើប្រតិបត្តិការ ក្នុងនោះក៏មានការវិភាគអំពីធាតុផ្សំ ព្រមទាំងប្រភពនៃពួកវាផងដែរ។
គ្រឿងយន្តខាងលើនេះ ត្រូវបានបាញ់បង្ហោះកាលពីខែធ្នូ ឆ្នាំ២០០៩ ដើម្បីធ្វើការវិភាគអ្វីៗដែលមាននៅក្នុងលំហនៅជិតផែនដី តាមរយៈពន្លឺអ៊ីនហ្វ្រារបស់វា។ NEOWISE ឬ WISE ត្រូវបានបញ្ចប់បេសកកម្មលើកទី ១ កាលពីឆ្នាំ២០១១ ហើយបន្ទាប់មកមួយរយៈទៀត វាក៏ត្រូវបានកំណត់ឲ្យបំពេញប្រតិបត្តិការជាថ្មី នៅខែកញ្ញា ឆ្នាំ២០១៣។ បេសកកម្មនេះពិតជាសំខាន់ណាស់ ដោយវាធ្វើការបន្តស្វែងរកវត្ថុអវកាស នៅជុំវិញផែនដី។
គួរបញ្ជាក់ថា ការស្វែងរកវត្ថុអវកាសតូចធំនានានៅជុំវិញផែនដី ពិតជារឿងដែលសំខាន់ខ្លាំងណាស់ ព្រោះថា វាមិនត្រឹមតែជាការការពារភពយើងពីឱកាស នៃការទទួលរងការគំរាមកំហែងដោយអាចម៍ផ្កាយទាំងនោះប៉ុណ្ណោះទេ តែវាក៏អាចធ្វើឲ្យយើងអាចសិក្សាបន្ថែមអំពីកំណកំណើត នៃប្រព័ន្ធព្រះអាទិត្យ និងអាចបូករួមទាំងជីវិតផងដែរ៕
ចុចលីងនេះដើម្បីទស្សនាវីដេអូ៖ https://www.space.com/40384-nasa-neowise-asteroid-comet-video.html