(អាមេរិក)៖ បរិយាកាសស្រទាប់ខាងលើរបស់ភពអ៊ុយរ៉ាណុស (Uranus) រួមផ្សំឡើងភាគច្រើន គឺពីឧស្ម័នពុលគ្មានពណ៌ ដែលមានក្លិនដូចទៅនឹងពងមាន់ស្អុយ។ នេះបើតាមការសិក្សាថ្មីមួយ នៅក្នុងលេខចុះផ្សាយថ្មីចុងក្រោយបំផុតនៃ ព្រឹត្តិប័ត្រស្រាវជ្រាវផ្នែកតារាសាស្រ្ត Nature Astronomy ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
នាពេលកន្លងមកនេះ ទោះបីជាមានការចំណាយពេលរាប់ទសវត្សរ៍ ដើម្បីធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ព្រមទាំងការធ្វើទស្សនកិច្ចមួយលើកដោយយានអវកាស Voyager 2 សមាសធាតុផ្សំនៃដុំពពក ក៏ដូចជាបរិយាកាសរបស់ភព Uranus នៅតែបន្តជាអាថ៌កំបាំងដ៏សំខាន់មួយនៃភពនេះ។
ប៉ុន្តែនាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិមួយក្រុម បានរកឃើញមានវត្តមាននៃឧស្ម័ន Hydrogen Sulfide នៅលើបណ្តុំពពករបស់ Uranus ទើបធ្វើឲ្យគេអាចសន្និដ្ឋានអំពីបុគ្គលិកលក្ខណៈបន្ថែម នៃភពទី ៧ របស់ប្រព័ន្ធព្រះអាទិត្យយើងមួយនេះ ដែលអាចនិយាយបានថា មិនសូវជាខុសនឹងភពណិបទូន ដែលភពចុងគេប៉ុន្មាននោះឡើយ។
ប្រធានអ្នកនិពន្ធនៃការសិក្សាខាងលើ គឺលោក Patrick Irwin មកពីសាកលទ្យាល័យ Oxford បានឲ្យដឹងថា «ប្រសិនបើមនុស្សដ៏អភ័ព្វម្នាក់ ត្រូវគេបញ្ជូនឲ្យឆ្លងកាត់ដុំពពករបស់ភព Uranus គេនឹងជួបប្រទះក្លិនដ៏អាក្រក់ខ្លាំងមែនទែននៅទីនោះ។ ការប្រទះឃើញវត្តមានឧស្ម័ន Hydrogen Sulfide ក្នុងកម្រិតខ្ពស់បែបនេះ នៅពីលើផ្ទាំងពពករបស់ Uranus គឺជាភាពខុសគ្នាដ៏គួរឲ្យកត់សម្គាល់មួយ ពីឧស្ម័នដែលគេបានប្រទះឃើញនៅតាមបណ្តាភពឧស្ម័នយក្សដទៃទៀត ដែលនៅកៀកព្រះអាទិត្យជាង រួមមានដូចជា ភពព្រហស្បតិ៍ (Jupiter) និងភពសៅរ៍ (Saturn) ជាដើម ដោយវាគឺជាឧស្ម័ន Ammonia (អាម៉ូញាក់)»។
គួរជម្រាបថា ក្លិនអាក្រក់គួរឲ្យចង់ក្អួត ទំនងមិនមែនជាបញ្ហាប្រឈមកំពូល សម្រាប់អ្នកដែលអាចធ្វើដំណើរទៅកាន់ភព Uranus ឡើយ ពីព្រោះថាបើតាមលោក Irwin ការថប់ឈ្លក់ថប់ដង្ហើម និងស្ថិតក្នុងស្ថានភាពបរិយាកាសដែលមានសីតុណ្ហភាពក្រោម ២០០អង្សាសេ ផ្សំឡើងភាគច្រើនពីអ៊ីដ្រូសែន អេល្យូម និងមេតាននោះ នឹងធ្វើឲ្យយើងទៅជួបយមរាជ មុនក្លិនពងមាន់ស្អុយនោះទៅទៀត៕