(ឡូសអាន់ជែឡេស)៖ តាមរយៈការប្រើប្រាស់កម្មវីធីវិភាគ និងសិក្សាដ៏លម្អិតបំផុតពីឧបករណ៍ហៅកាត់ថា ALMA ក្រុមអ្នកវិទ្យាសាស្ត្រ និងតារាវិទូអន្តរជាតិមួយក្រុម បានធ្វើរបកគំហើញធំមួយនោះ គឺការរួមបញ្ចូលគ្នានៃកាឡាក់ស៊ីរហូតដល់ទៅ ១៤ ក្លាយទៅជាបណ្តុំកាឡាក់ស៊ីតែមួយ កាលពីការបង្កើតចក្រវាឡដំបូងៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។
យោងតាមការសិក្សាថ្មី ដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះ នៅក្នុងព្រឹត្តបទធម្មជាតិ ការរួមបញ្ចូលគ្នាក្លាយជាកាឡាក់ស៊ីដ៏ធំធេងកាលពីអតីតកាល ធ្វើឲ្យវាក្លាយជាបណ្តុំផ្កាយដ៏ធំមហិមា នៅក្នុងចក្រវាឡទាំងមូលដែលត្រូវបានប្រមូលម្តុំដោយដែនទំនាញងងឹត ឬថាមពលងងឹត (Dark Matter) ហើយអណ្តែតនៅក្នុងសមុទ្រភ្លើងនៃឧស្ម័ន-អ៊ីយ៉ុង។
ការបុកបញ្ចូលគ្នានៃកាឡាក់ស៊ីទាំង ១៤ បានបង្កើតចេញជាកាឡាក់ស៊ីមហាយក្ស ដែលមានឈ្មោះសម្គាល់ថា SPT2349-56 ដែលស្ថិតនៅចម្ងាយ ១២.៤ពាន់លានឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ ដែលវាមានន័យថា ពន្លឺរបស់វាចាប់ផ្តើមធ្វើដំណើរមកដល់យើងនៅពេលវាទើបតែមានអាយុ ១.៤ពាន់លានឆ្នាំមកម្ល៉េះ ឬក៏អាចថា ស្មើនឹង ១ ភាគ ១០ នៃជីវិតរបស់វាតែម្តង។
ជុំវិញបញ្ហានេះ អ្នកនិពន្ធឯកសារខាងលើ គឺលោក Tim Miller បណ្ឌិតនៃសាកលវិទ្យាល័យ Yale ដ៏ល្បីល្បាញរបស់អាមេរិក បានលើកឡើងថា «សម្រាប់របៀបដែលកាឡាក់ស៊ីខាងលើនេះកាន់តែរីកធំធាត់លឿនបែបនេះនោះ គឺស្ថិតនៅក្នុងអាថ៌កំបាំងនៅឡើយ ហើយក្រុមអ្នកតារាវិទូបានរំពឹងថា វាមិនមែនជាការកើតឡើងតាមលំដាប់លំដោយ ដូចកាឡាក់ស៊ីផ្សេងៗទៀតនោះឡើយ»។ ទោះបីជាបែបនេះការសិក្សានៅតែបន្ត ដើម្បីឲ្យក្រុមអ្នកសិក្សាបានដឹងថា តើក្រុមកាឡាក់ស៊ី ឬកញ្ចុំផ្កាយទាំងនោះ អាចរួមបញ្ចូលគ្នាដូចម្តេច នៅក្នុងបរិស្ថានអវកាសដ៏លំបាកលំបិនបែបនេះ។
គួរបញ្ជាក់ថា បណ្តុំកាឡាក់ស៊ីយក្សដែលមានចម្ងាយឆ្ងាយបែបនេះ និងការវិភាគទិន្នន័យច្បាស់លាស់បន្ថែមពីក្រុមតារាវិទូ នឹងធ្វើឲ្យមានការសិក្សាអំពីជំហានដំបូងៗមួយចំនួន នៃការប្រមូលផ្តុំកាឡាក់ស៊ីទាំង ១៤ ក្លាយជាកាឡាក់ស៊ីធំមួយ កាលពីរយៈពេលជិត ១.៥ពាន់លានឆ្នាំ បន្ទាប់បន្ទុះ Big Bang។ សម្រាប់ ALMA វិញគឺជា Radio តេឡេស្កូប ដែលស្ថិតនៅវាលខ្សាច់ Atacama នៃប្រទេសឈីលី៕