(អាមេរិក)៖ នៅក្នុងខ្សែភាពយន្តអវកាស បែបប្រឌិតមួយចំនួនបានបង្ហាញថា ជីវិតឆ្លាតវៃធ្លាប់បានវិវត្តន៍ខ្លួននៅលើផែនដី មុនមនុស្សលោកយើង ប៉ុន្តែនៅក្នុងធាតុពិតជាក់ស្តែង តើយើងនឹងអាចដឹងបានយ៉ាងដូចម្តេចទៅថា តើអរិយធម៌ជឿនលឿនធ្លាប់មានវត្តមាន ហើយផុតរលត់ទៅវិញកាលពីរាប់លានឆ្នាំមុន លើភពផែនដីមុនមនុស្សលោកលេចឡើង ឬយ៉ាងនោះ? នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។
ការងឿងឆ្ងល់ខាងលើនេះ គឺជាសំណួរដ៏សំខាន់មួយ ហើយអ្នកវិទ្យាសាស្រ្តមួយចំនួន កំពុងធ្វើការប៉ាន់ស្មានអំពីស្លាកស្នាមអ្វី ដែលជីវិតឆ្លាតវ័យទាំងនេះ ប្រហែលជាអាចបន្សល់ទុក ហើយពួកគេហៅលទ្ធភាពនេះថា គឺជាសមតិកម្ម Silurian។ ទាក់ទិននឹងការតាមប្រមាញ់រុករក «អរិយធម៌នៃជីវិតឆ្លាតវៃ និងជឿនលឿន» ដែលប្រហែលអាចមាននៅទូទាំងចក្រវាឡទាំងមូល យើងត្រូវគិតថាចក្រវាឡគឺមានអាយុកាល ១៣.៨ពាន់លានឆ្នាំហើយ។
ផ្ទុយមកវិញយើងដឹងថា ជីវិតឆ្លាតវៃមានវត្តមាននៅលើផែនដីបានតែប្រមាណ ៤០០លានឆ្នាំប៉ុណ្ណោះ ហើយមនុស្សលោកយើង ទើបតែបានអភិវឌ្ឍន៍អរិយធម៌ឧស្សាហកម្មកាលពី ៣០០ឆ្នាំមុនថែមទៀត។ ប្រការនេះ បានលើកឡើងនូវលទ្ធភាពដែលថា អរិយធម៌ឧស្សាហកម្មជឿនលឿន អាចកើតមានតាំងពីមុនមនុស្សលោកយើងបង្ហាញខ្លួនទៅទៀត គឺមិនមែននៅជុំវិញផ្កាយដទៃទេ ប៉ុន្តែសូម្បីតែនៅលើផែនដីយើងផ្ទាល់។
គួរជម្រាបថា បើតាមលោក Adam Frank ដែលជាតារាវិទូផ្នែករូបវិទ្យានៃសាកលវិទ្យាល័យ Rochester របស់ទីក្រុងញូយ៉ក លោកមិនជឿថា អរិយធម៌ឧស្សាហកម្មជឿនលឿន ធ្លាប់កើតមាននៅលើផែនដីមុនមនុស្សលោកយើងឡើយ ប៉ុន្តែសំណួរថា តើវានឹងមានលក្ខណៈយ៉ាងដូចម្តេច ប្រសិនបើរឿងនេះជាការពិតវិញនោះ គឺជាកត្តាដ៏សំខាន់មួយ។ តើអ្នកដឹងបានយ៉ាងដូចម្តេចថា អរិយធម៌ជឿនលឿននៃជីវិតឆ្លាតវៃពុំធ្លាប់កើតមានទេនោះ? គោលដៅចម្បងនៃវិទ្យាសាស្រ្ត គឺចោទជាសំណួរ និងរង់ចាំមើលថា តើវានឹងចេញជាអ្វី។ នេះហើយគឺជាអ្វីដែលធ្វើឲ្យវិទ្យាសាស្រ្តអស្ចារ្យបែបនេះ។
ចំណុចសំខាន់៖ អ្វីដែលមួយដែលត្រូវគិតអំពីរឿងនេះ គឺដាយណូស័របានផុតរលត់ទៅចំនួន ៦៥លានឆ្នាំមកហើយ ប៉ុន្តែមនុស្សយើងអាចដឹងថាមានវា ក៏ព្រោះតែតឹកតាងនៃគ្រោងឆ្អឹងរបស់ពួកវា ដែលកប់នៅក្នុងដី និងផ្ទាំងថ្ម។ ដូច្នេះបើសិនជាពិតជាធ្លាប់មានជីវិតឆ្លាតវៃ មានវត្តមានលើភពផែនដីមែន តើពួកគេធ្លាប់កើតមាននៅពេលណា ហើយម្តេចក៏មិនមានភស្តុតាងអ្វីសោះ ដូចជាគ្រោងឆ្អឹង ឬសំណល់បច្ចេកវិទ្យាដែលខុសពីមនុស្សលោកយើងនេះ ត្រូវបានរុករកឃើញនោះ?