(អង់គ្លេស)៖ នេះមិនមែនជាសំនួរថ្មីនោះទេ ដោយអ្នកស្រឡាញ់វិស័យអវកាស និងវិទ្យាសាស្ត្របានសាកសួរសំនួរនេះ ជាយូរណាស់មកហើយ។ ជាក់ស្តែងបើតាមក្រុមអ្នកវិទ្យាសាស្ត្រល្បីៗ ផែនដីពិតជាមិនអាចថា នៅសុខៗស្រាប់តែបាត់បង់សមត្ថភាពបញ្ចេញកម្លាំងទំនាញរបស់ខ្លួននោះឡើយ ប៉ុន្តែសូមលើកឧទាហរណ៍ជាយថាហេតុទៅចុះ តើវានឹងមានរឿងអ្វីកើតឡើង ប្រសិនបើវាទៅជាដូច្នេះមែន?
Karen Masters ដែលជាតារាវិទូម្នាក់មកពីសាកលវិទ្យា Portsmouth ក្នុងចក្រភពអង់គ្លេស បានធ្វើការសិក្សាស្រាវជ្រាវទៅលើផលវិបាកជារូបវ័ន្ត ដែលអាចកើតមានឡើងភ្លាមៗតែម្តង នៅក្នុងករណីដែលពុំមានកម្លាំងទំនាញទេនោះ។ បញ្ហាដំបូងគេ គឺថាផែនដីកំពុងវិលក្នុងល្បឿនយ៉ាងលឿន ដូចទៅនឹងការដែលយើងយកថ្មមួយដុំ ចងភ្ជាប់នឹងខ្សែហើយបង្វិលវាជុំវិញក្បាលរបស់យើងអ៊ីចឹង។ នេះបើតាមការដកស្រង់ពី BBC News។
លោកស្រី Masters បានលើកឡើងថា «ការបាត់បង់កម្លាំងទំនាញ គឺប្រៀបដូចជាការព្រលែងខ្សែមួយនោះអ៊ីចឹង។ អ្វីដែលពុំត្រូវបានភ្ជាប់នឹងផែនដី តាមរបៀបណាមួយទេនោះ នឹងហោះរសាត់ទៅក្នុងទីអវកាសក្នុងខ្សែបន្ទាត់ត្រង់មួយ ដែលនឹងនាំយកពួកគេចាកចេញពីផ្ទៃរបស់ភពផែនដី»។
អ្នកទាំងឡាយណាដែលសំណាងមិនល្អ ដោយស្ថិតវាលខាងក្រៅ នៅពេលកម្លាំងទំនាញបាត់បង់នោះ នឹងរសាត់ទៅទីអវកាសបាត់ភ្លាមៗជាក់ជាពុំខាន។ ដោយឡែកសម្រាប់មនុស្សដែលស្ថិតនៅក្នុងអគារនានាវិញ នឹងមានសុវត្ថិភាពជាង ដោយសារតែសំណង់ទាំងនោះភាគច្រើន ត្រូវបានចាក់គ្រឹះយ៉ាងរឹងមាំទៅក្នុងដី ដែលអាចធ្វើឲ្យពួកវានៅដោតជាប់នឹងផ្ទៃនៃភពរបស់យើង ទោះបីជាពុំមានវត្តមានកម្លាំងទំនាញក៏ដោយ ពោលគឺយ៉ាងហោចណាស់ក៏បានមួយរយៈពេលដែរ។
យ៉ាងណាមិញ សម្រាប់អ្វីៗដទៃផ្សេងទៀត ដែលមិនត្រូវបានចាក់គ្រឹះជាប់ក្នុងផ្ទៃដីទេនោះ ក៏នឹងហោះឡើងទៅលើបាត់ផងដែរ។ បរិយាកាសក៏ដូចជាមហាសមុទ្រ ទន្លេរ បឹងបួរ របស់ផែនដី នឹងជារបស់ទីមួយ ដែលត្រូវរសាត់ទៅក្នុងទីអវកាសល្ហល្ហេវ។ ភ្លេចរឿងមួយទៀត គឺថាយើងទាំងអស់គ្នា ក៏នឹងត្រូវស្លាប់ផងដែរមិនយូរមិនឆាប់ផងដែរ ព្រោះអស់ទឹក អស់ខ្យល់ដកដង្ហើម និងត្រូវអណ្តែតក្នុងទីអវកាសដែលក្តៅទៀត តើមានជីវិតណាអាចរស់បានទៅ?
ឈប់ត្រឹមនេះ! សូមកុំបារម្មធ្វើអ្វី រឿងនេះវាគ្មានមូលហេតុណាមួយដែលអាចកើតមានឡើងនោះឡើយ ព្រោះស្នូលផែនដីដែលកំពុងក្តៅគគុក នឹងបន្តធ្វើជាម៉ាស៊ីនផលិតដែនទំនាញ និងម៉ាញេទិចផែនដី ដើម្បីបន្តដំណើរការវិលជុំវិញខ្លួនឯង ព្រមទាំងគោចរជុំវិញព្រះអាទិត្យ ដែលអាចឲ្យជីវិតរស់នៅយ៉ាងសុខសាន្តបានរាប់លានឆ្នាំទៀត ប៉ុន្តែលុះត្រាណាតែមនុស្សអាចរកវិធីការពារបរិស្ថានខាងក្រៅ បានប្រសើរ និងមាននិរន្តរភាពនោះដែរ៕