(ប៉េកាំង)៖ វាជារឿងព្រេងនិទានដ៏ល្បីល្បាញមួយនៅប្រទេសចិន ដែលស្ត្រីមួយរូបឈ្មោះ Chang’e (ឆាងអ៊ឺ) បានធ្វើដំណើរទៅរស់នៅឋានព្រះច័ន្ទ ក្រោយពីនាងបានផឹកទឹកផ្តាច់និស្ស័យស្នេហ៍ ទើបនាងអាចក្លាយជាទេពអប្សរ ហោះឡើងទៅរស់នៅក្នុងវិមានមួយលើឋានព្រះច័ន្ទ ដែលអាចស្ថិតនៅក្បែរប្តីរបស់នាង ដែលរស់នៅលើផែនដីនោះជានិច្ច។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Quartz Media នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។
ដោយសារតែរឿងព្រេងពីបុរាណរាប់ពាន់ឆ្នាំនេះឡើយ ទើបជម្រុញឲ្យវិស័យអវកាសចិនបច្ចុប្បន្ន មានមហិច្ចតាធំក្នុងការកសាងវិមានយ៉ាងពិតប្រាកដមួយ នៅលើឋានព្រះច័ន្ទ។ នេះបើតាមការអះអាងពីរដ្ឋបាលអវកាសជាតិចិន (CNSA)។ ជាក់ស្តែងគំរោងកសាងមូលដ្ឋានមនុស្ស ដើម្បីស្រាវជ្រាវលើព្រះច័ន្ទ ឬក៏អាចនិយាយបានថា ជាការដាក់អាណានិគមលើព្រះច័ន្ទ ដែលប្រទេសនានាមានសិទ្ធិផងដែរ។
នៅក្នុងខ្សែវីដេអូដែលបានចេញផ្សាយជាភាសាចិន CNSA ចង់ប្រាប់ទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកទាំងមូលថា ក្តីស្រមៃនៃរឿងនិទានពីបុរាណ កាន់តែជិតក្លាយជាការពិតហើយ ក៏ព្រោះតែប្រទេសចិនពេលនេះ កំពុងតែបោះជំហានក្នុងស្រាវជ្រាវទីអវកាស។ មុននឹងធ្វើដាក់មូលដ្ឋានរបស់ខ្លួន ដើម្បីបញ្ជូនមនុស្សទៅរស់នៅព្រះច័ន្ទនោះ ចិនត្រូវតែសម្រេចគោលដៅធំមួយទៀតសិន នោះគឺស្ថានីយអវកាសផ្ទាល់ខ្លួននៅឆ្នាំ២០២២។
បើតាមអ្វីដែលទូរទស្សន៍ចិន CCTV បានចេញផ្សាយនោះ សេចក្តីព្រាងដែលត្រូវបានលើកឡើង គឺទីភ្នាក់ងារអវកាសចិនត្រូវធ្វើការសាងសង់បន្ទប់ស្នាក់នៅ និងមន្ទីរពិសោធន៍វិទ្យាសាស្ត្រនៅលើឋានព្រះច័ន្ទ ដែលអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការស្នាក់នៅ និងស្រាវជ្រាវនៅលើផ្ទៃព្រះច័ន្ទបាន មុននឹងឈានទៅដល់ការបង្កើតវិមានដូចក្តីស្រមៃ ហើយប្រាកដណាស់វានឹងចាប់ផ្តើមនៅឆ្នាំ២០៣០។
ទោះបីជាចិនមានមហិច្ចតាធំជាងនេះ គឺការបញ្ជូនយានទៅភពព្រះអង្គារក៏ដោយ ក៏បេសកកម្មនាំមនុស្សទៅឋានព្រះច័ន្ទ នៅតែជាគោលគំនិតស្នូលដែលត្រូវតែសម្រេចឲ្យបាន។ ខណៈខ្លួនជាមហាអំណាចយោធាលំដាប់ទី ៣ លើលោកទៅហើយនោះ ចិនកាលពីឆ្នាំ២០១៣ ក៏បានក្លាយជាប្រទេសទីបីផងដែរ ដែលបានបញ្ជូនយានរុករកដែលមានឈ្មោះថា Chang’e 3 ទៅចុះចតលើឋានព្រះច័ន្ទប្រកបដោយជោគជ័យ។
គួរបញ្ជាក់ថា នៅចុងឆ្នាំ២០១៨នេះ ចិននឹងធ្វើការបាញ់បញ្ជូនយានមួយ ទៅចុះចតនៅផ្នែកមួយចំហៀងទៀត នៃឋានព្រះច័ន្ទ ដែលមនុស្សលើផែនដីមិនអាចមើលឃើញ ជាលើកដំបូង។ ប៉ុន្តែមុននឹងធ្វើបែបនេះបាន ចិនក៏គ្រោងធ្វើការបាញ់បង្ហោះរ៉ុក្កែតនៅក្នុងខែឧសភាខាងមុខ ដោយធ្វើការនាំយកផ្កាយរណបមួយ ទៅកាន់ទីអវកាស ដើម្បីសម្រួលដល់ទំនាក់ទំនងរវាងយាន Chang’e 4 និង យានតូចនៅជាមួយវា៕