(អាមេរិក)៖ ជាទូទៅនៅពេលទីភ្នាក់ងារអវកាស NASA បញ្ចេញរបកគំហើញថ្មីៗគួរឲ្យរំភើប គឺដោយសារតែទិន្នន័យ ដែលទើបតែបញ្ជូនមកពីយានអវកាសទំនើបៗ ជាច្រើនរបស់ខ្លួន។ ប៉ុន្តែថ្មីៗនេះអង្គការ NASA បានងាកទៅក្រឡេកមើលទិន្នន័យមួយចំនួន របស់យានអវកាសមួយគ្រឿង ដែលបច្ចុប្បន្នពុំមានវត្តមានទៀតឡើយ គឺយាន Galileo ដែលបានទម្លាក់ខ្លួនកម្ទេចចោលទៅក្នុងភពព្រហស្បតិ៍ (Jupiter) កាលពីប្រមាណមួយទសវត្សរ៍កន្លងទៅ ហើយ NASA ក៏បានរុករកឃើញរបស់ថ្មីមួយចំនួន ដែលខ្លួនពុំធ្លាប់បានដឹងពីមុនមកឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ BGR.com នៅល្ងាចថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។
របកគំហើញថ្មីៗទាំងនេះ មានជាក់ពាក់ព័ន្ធនឹងទិន្នន័យ ដែលបានមកពីព្រះច័ន្ទរបស់ភពព្រហស្បតិ៍ គឺ Ganymede។ Ganymede គឺជាព្រះច័ន្ទធំបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យទាំងមូល ហើយវាមានទំហំធំមហិមា រហូតអាចឲ្យខ្លួនវាបង្កើតចេញជាដែនម៉ាញេទិចផ្ទាល់ខ្លួន ដាច់ដោយឡែកពីភពមេរបស់វា។ ឥឡូវនេះ ដោយទទួលបានជំនួយពីទិន្នន័យដែលប្រមូលបានកាលពី ២០ឆ្នាំមុនថែមទៀត NASA កំពុងរំលេចរូបភាពលម្អិតឲ្យកាន់តែច្បាស់ អំពីទំនាក់ទំនងរវាងព្រះច័ន្ទទឹកកកមួយនេះ ហើយនិងភពព្រហស្បតិ៍។
គួរជម្រាបថា បើតាមអង្គការ NASA ការរកឃើញថ្មីខាងលើបានបង្ហាញថា ដែនម៉ាញេទិចរបស់ព្រះច័ន្ទយក្ស Ganymede កំពុងប្រលែងលេងជាមួយដែនម៉ាញេទិចរបស់ភពព្រហស្បតិ៍ ដោយលំហូររូបធាតុប្លាស្មា (Plasma) ដ៏ខ្លាំងក្លារបស់ពួកវាទាំងពីរ បាននិងកំពុងជុញច្រានគ្នាទៅវិញទៅមក។
ក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងទៀតថា ព្រះច័ន្ទ Ganymede ក៏មានពន្លឺអ៊ូរ៉ូរ៉ា (Aurora) ដ៏ភ្លឺចែងចាំងស្រដៀងនឹងផែនដីផងដែរ ប៉ុន្តែចំណុចខុសគ្នានោះ គឺថា ពន្លឺអ៊ូរ៉ូរ៉ា ឬ Northern Lights/Southern Lights បង្កឡើងដោយលំហូរភាគល្អិតពីព្រះអាទិត្យ ខណៈអ្វីដែលគេបានឃើញនៅលើព្រះច័ន្ទ Ganymede គឺបង្កឡើងដោយ Jupiter ដែលជាភពមេរបស់វាផ្ទាល់។ អ្វីដែលពិសេសនោះ គឺ Ganymede ជាព្រះច័ន្ទតែមួយគត់ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានដែនម៉ាញេទិចផ្ទាល់ខ្លួន៕