(អាមេរិក)៖ សម្រាប់មួយរយៈពេលនេះ បងប្អូនអ្នកចូលចិត្តទស្សនាផ្ទៃមេឃពេលរាត្រីនៅពេលមេឃស្រឡះ ប្រាកជាកត់ចំណាំឃើញនូវវត្ថុដូចផ្កាយ ដែលមានពន្លឺភ្លឺ និងថេរជាងគេ ចាប់ពីពេលព្រលប់ៗ រហូតដល់កណ្តាលយប់តែម្តង ហើយទោះបីជាព្រះច័ន្ទភ្លឺយ៉ាងណា ក៏ពន្លឺរបស់វត្ថុនោះ នៅតែបញ្ចេញមកអមគ្នា ជាទីគយគន់លើផ្ទៃមេឃដ៏ស្រស់ថ្លានោះដែរ។
១. ពិតណាស់វាមិនមែនជាផ្កាយនោះទេ វាគឺភពសុទ្ធសាធ ហើយសម្រាប់ពេលទៀបភ្លឺថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨ (ហួសបាត់ហើយ) គឺវត្ថុដែលលោកអ្នកឃើញ នៅទិសខាងកើតឈាងទៅត្បូងបន្តិចប៉ុណ្ណោះ វាជាភពសៅរ៍ (Saturn) តែម្តង។ បើយើងមើលទៅលើផ្ទៃមេឃពេលរាត្រីប៉ុន្មានថ្ងៃមកនេះ និងនៅពេលព្រះច័ន្ទចល័តមកជិតភពសៅរ៍នោះ គឺមានចម្ងាយតែ ១ដឺក្រពីគ្នាតែប៉ុណ្ណោះ ប៉ុន្តែទោះបីជាព្រះច័ន្ទភ្លឺយ៉ាងណាក្តី ក៏មិនអាចលុបពន្លឺរបស់ភពសៅរ៍ ដែលមានពណ៌សចែងចាំងពីចម្ងាយនោះបានដែរ។
២. ពន្លឺនេះនឹងមិនបន្តយូរទៀតនោះឡើយ ដោយនៅពេលទៀបភ្លឺឈានចូលថ្ងៃទី០៦ ខែឧសភា ខាងមុខនេះ ភពអង្គារនឹងបង្ហាញវត្តមានវិញម្តង ដោយនៅលើផ្ទៃមេឃ ព្រះច័ន្ទ និងគោចរមកនឹងពន្លឺរបស់ភពអង្គារ ធ្វើឲ្យពន្លឺទាំងពីរនៅលើផ្ទៃមេឃផែនដីយើង មានចន្លោះតែ ២ដឺក្រេពីគ្នាតែប៉ុណ្ណោះ ហើយក៏ជាភពដែលភ្លឺខ្លាំងជាងគេផងដែរ (ភពអង្គារមានពន្លឺពណ៌ទឹកក្រូច ឬក្រហមតិចៗខុសពីគេ ដោយសារតែពន្លឺព្រះអាទិត្យចាំងចំលើ ផ្ទៃក្រហមរបស់ភពនេះ)។
៣. ពិតណាស់ភាពវិសេសវិសាលមិនទាន់បញ្ចប់នោះទេ ដោយនៅថ្ងៃទី០៨ ខែឧសភា ខាងមុខនេះទៀត ភពព្រហស្បតិ៍ នឹងចាប់ផ្តើមគោចរមកគន្លងចំពោះមុខព្រះអាទិត្យ (ផែនដីនៅកណ្តាល) ដែលជាហេតុធ្វើឲ្យភពនេះយើងអាចមើលឃើញលើផ្ទៃមេឃពេលរាត្រី យ៉ាងច្បាស់ ចាប់ពីវេលាម៉ោង ៩៖០០នាទីយប់ឡើងទៅ។ បើយើងមានតេឡេស្កូប ឬកាមេរ៉ាធំៗដែលមាន Zoom បានរាប់រយ X នោះក៏អាចឃើញព្រះច័ន្ទធំៗទាំង ៤ របស់ភពព្រហស្បតិ៍ផងដែរ។ ភពព្រហស្បតិ៍មានពន្លឺពណ៌ស និងហ្នឹងនរដូចភពផ្សេងៗដែរ។
៤. នៅពេលទៀបភ្លឺឈានចូលថ្ងៃទី១២ ខែឧសភា ប្រាកដជាពិបាកសម្រាប់លោកអ្នកក្នុងការទស្សនាហើយ ប៉ុន្តែបើលោកអ្នកចង់ឃើញ នោះអាចងើបពីដំណេកឲ្យលឿនបន្តិចដើម្បីទៅទស្សនាបាន ដោយភពពុធ (ភ្លឺខ្លាំង) និងភពអ៊ុយរ៉ាណុស (ពន្លឺផ្លុងៗ) បង្ហាញខ្លួននៅផ្ទៃមេឃទិសខាងកើត អមគ្នាក្នុងគម្លាតតែ ៣ដឺក្រេ ប៉ុណ្ណោះ ហើយភពអ៊ុយរ៉ាណុសស្ថិតនៅខាងលើភពពុធបន្តិច៕