(អាមេរិក)៖ ទីបំផុតយានអវកាស InSight Mars Lander របស់អង្គការ NASA ត្រូវបានគេបាញ់បង្ហោះ ដើម្បីបញ្ជូនទៅកាន់ភពអង្គារ (Mars) ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨ (ពេលវេលានៅភាគខាងត្បូង នៃសហរដ្ឋអាមេរិក)។
យានអវកាសខ្នាតតូចពីរគ្រឿង ដែលមានរហស្សនាមថា Wall-E និង Eva ជាតួអង្គឯងមនុស្សយន្តអវកាស ក្នុងខ្សែភាពយន្តគំនូវជីវចលបែប 3D ដ៏ល្បីកាលពីឆ្នាំ២០០៨ (បើអ្នកអត់ទាន់បានទស្សនាគួរតែឆែកមើលរឿងនេះ) បានរួមដំណើរជាមួយយាន InSight ក្នុងនាមជាយានតូចល្អិតដំបូងគេ ដែលមានឱកាសធ្វើដំណើរទៅកាន់ភពដទៃ។
ផ្កាយរណបមួយគូខាងលើ គឺជាប្រភេទឧបករណ៍អវកាសធុនតូច ដែលមានសារៈប្រយោជន៍ខ្ពស់ សម្រាប់ប្រើប្រាស់ក្នុងវិស័យទំនាក់ទំនង ការតាមដានផ្នែកដឹកជញ្ជូន ឬការអង្កេតមើលភពផែនដីជាដើម ហើយរហូតមកដល់ពេលនេះ ផ្កាយរណបប្រភេទនេះ សុទ្ធតែនៅក្បែរភពរបស់យើងទាំងអស់។
ហេតុដូច្នេះហើយ ផ្កាយរណបប្រភេទ CubeSat ភ្លោះទាំងពីរខាងលើ ដែលមានឈ្មោះផ្លូវការថា Mars Cube One ហៅកាត់ MarCO នឹងជាយានដំបូងគេក្នុងចំណោមផ្កាយរណបប្រភេទពួកវា ដែលនឹងធ្វើដំណើរទៅកាន់ភពក្រហម ប្រចាំប្រព័ន្ធព្រះអាទិត្យរបស់យើង។ ពួកវាបានធ្វើដំណើរនៅលើគ្រាប់រ៉ុក្កែត Atlas V ជាមួយយាន InSight ឆ្ពោះទៅក្នុងទីអវកាស ចេញពីមូលដ្ឋានយោធា Vandenberg ក្នុងរដ្ឋកាលីហ្វញ៉ា នៅអំឡុងបេសកកម្មឆ្លងភពនេះ ដែលពុំធ្លាប់ត្រូវបានធ្វើឡើងនោះឡើយ នៅភាគខាងលិចសហរដ្ឋអាមេរិក។
គួរជម្រាបថា MarCO នឹងធ្វើដំណើរជាមួយ InSight រហូតដល់ភពអង្គារ ហើយផ្កាយរណបតូចៗទាំងពីរគ្រឿងនេះ នឹងបាញ់បញ្ជូនទិន្នន័យអំពីយាន InSight ត្រឡប់មកផែនដីវិញ នៅពេលដែលយានអវកាសនេះ ចុះចតជាន់ដល់ដីភព Mars ដោយជោគជ័យ។
គួរបញ្ជាក់ថា យានរុករកថ្មី InSight Lander នឹងមានតួនាទីក្នុងការសិក្សាអំពីស្រទាប់ក្នុង នៃភពអង្គារ តាមរយៈឧបករណ៍ពិសោធន៍ និងជីកគាស់ ដែលមាននៅក្នុងតួខ្លួនវាស្រាប់។ យាននេះនឹងទៅដល់ភពអង្គារ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ហើយការចុះចតយានលើផ្ទៃភពអង្គារ នឹងក្លាយជាក្តីរំភើបខ្លាំងបំផុត មិនខុសពីជំនាន់នៃការចុះចតយាន Phoenix, Mars Rover និង Curiosity នោះឡើយ ដោយគ្រប់គ្នារំពឹងថា នឹងប្រព្រឹត្តទៅដោយជោគជ័យបំផុត។
InSight Lander មានឧបករណ៍កំដៅដោយខ្លួន ដែលអាចទ្រាំទ្របរិស្ថានក្នុងផ្ទៃភពអង្គារ ជាមួយជម្រៅអតិបរមា ០៥ម៉ែត្រ ហើយនឹងសិក្សាអំពីចលនានៅក្នុងផ្ទៃដី របស់ភពអង្គារតែម្តង។ វានឹងសិក្សារកឲ្យឃើញថា តើផ្ទៃស្រទាប់ក្នុងរបស់ភពអង្គារ ត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច ព្រមទាំងសមាសធាតុផ្សំរបស់វាផងដែរ៕