(កាណាដា)៖ វាមិនសូវជាមានទម្ងន់នោះឡើយ នាសម័យកាលទសវត្សរ៍ ១៩៦០ ដែលមានការរើសអើងស្ត្រីភេទ ប៉ុន្តែសម្រាប់ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ការរើសអើងស្ត្រីភេទ គឺជារឿងដែលមិនអាចទទួលយកបាននោះទេ ព្រោះស្ត្រីតែងតែដើរតួនាទីសំខាន់ និងសិទ្ធិធ្វើរឿងគ្រប់យ៉ាងដូចបុរសផងដែរ បើទោះបីជាការងារនៅទីអវកាស ដែលតម្រូវឲ្យមានការហ្វឹកហ្វឺនរាងកាយឲ្យមាំទាំ និងប្រឈមមុខបញ្ហាធំៗជាច្រើនក៏ដោយ។
ប៉ុន្តែលោកយាយមួយរូបដែលមានរហស្សនាមថា Mercury 13 (Sarah Ratley) បែរជាបានជួបប្រវត្តិដ៏ជូរចត់ និងគួរឲ្យតូចចិត្តបំផុតមួយ នោះគឺការសម្រេចចិត្តផ្អាកលោកយាយ មិនឲ្យចូលរួមបេសកកម្មអវកាសដ៏សំខាន់ កាលពីឆ្នាំ១៩៦១ ទោះបីជាកាលណោះ លោកយាយបានឆ្លងកាត់វគ្គជម្រុះគ្រប់វគ្គ និងមានសមត្ថភាពខ្លាំងជាង អវកាសយានិកបុរសឯទៀតៗក៏ដោយ។ បញ្ហាធំមួយដែលរូបគាត់ត្រូវបានបិទផ្លូវ គឺភេទស្រី… មែនហើយ! ព្រោះគាត់ជាមនុស្សស្រី ដែលអង្គការ NASA ហាក់មិនទាន់មានផែនការស្វាគមន៍ស្ត្រី ឡើងទៅទីអវកាសនោះឡើយ។
មិនមែនតែលោកយាយ Mercury 13 នោះទេដែលកាលណោះ (ទសវត្សរ៍ ១៩៦០) ត្រូវបាន NASA បំផ្លាញក្តីស្រមៃចោល ដោយមាននារីៗរួមការហ្វឹកហ្វឺនមួយចំនួនទៀត ក៏បានជួបជោគវាសនាដូចគ្នាដែរ។ Mercury 13 និងនារីអវកាសឯទៀត ត្រូវបានហ្វឹកហ្វឺនជំនាញជាមួយនិងអវកាសយានិកជាបុរសៗ ប៉ុន្តែនៅពេលទទួលបានជោគជ័យឆ្លងកាត់ទៅដល់វគ្គចុងក្រោយ អ្វីៗទាំងអស់ត្រូវបានប្រែក្រឡាស ទោះបីជាធាតុពិតគ្រប់គ្នាដឹងច្បាស់ថា នារីខ្លះមានសមត្ថភាពខ្លាំងជាងបុរសក៏ដោយ។
គួរបញ្ជាក់ថា Mercury 13 គឺជាស្ត្រីដែលធ្លាប់បើកបរយន្តហោះប្រណាំង និងមានឈ្មោះល្បីកាលពីអំឡុងទសវត្សរ៍ ១៩៥០ ប៉ុន្តែនៅឆ្នាំ១៩៥៩ បន្ទាប់ពីមានព័ត៌មានលេចលឺថា អង្គការ NASA ត្រូវការជ្រើសរើសនារីៗ ដើម្បីធ្វើតេស្តក្នុងការហោះហើរទៅកាន់ទីអវកាសលោក Mercury 13 ក៏បានដាក់ពាក្យចូលរួមជាមួយនឹងនារីៗក្លាហានសរុប ២៥នាក់។
តាមពិតទៅ ការធ្វើតេស្តនារីៗទាំងនោះត្រូវបានធ្វើឡើងដោយសម្ងាត់ និងមិនមានជាប់ពាក់ព័ន្ធ ឬសហការជាមួយនឹង NASA នោះឡើយ។ Mercury 13 និងនាទីឯទៀតៗត្រូវបានដាក់ឲ្យធ្វើតេស្តយ៉ាងសម្ងាត់ តាមរយៈការអញ្ជើញពួកគេឲ្យទៅកាន់កន្លែងមួយមានឈ្មោះថា Lovelace Clinic នៃទីក្រុង Albuquerque រដ្ឋ New Mexico ដោយការធ្វើតេស្តមានភាពចម្លែក និងស្មុគស្មាញ រួមទាំងរបៀបនៃការចាប់គូនារីៗឲ្យធ្វើតេស្ត និងខ្លះទៀតត្រូវបានដាក់ឲ្យធ្វើតេស្តតែឯង ឬដាច់ដោយឡែក (មិនដែលជុំគ្នាទាំងអស់នោះឡើយ)។
នៅក្នុងការជម្រុះជាបន្តបន្ទាប់ គឺមានអ្នកលេចធ្លោចំនួន ១៣នាក់ រួមទាំង Mercury 13 ផងដែរ ហើយនៅពេលនោះ ធ្វើឲ្យនាងកាន់តែមានអារម្មណ៍ថា ខ្លួននឹងអាចក្លាយជាមនុស្សម្នាក់គត់ ក្នុងនាមជានារីដំបូងដែលឡើងទៅកាន់ទីអវកាស។ ប៉ុន្តែរឿងគួរឲ្យសោកស្តាយបានកើតមានឡើង ដោយអង្គការ NASA បានដឹងលឺព័ត៌មានអំពីការលួចបង្វឹកនារីៗខាងលើនេះ ដោយគ្មានការអនុញ្ញាត រួចក៏បានសម្រេចបិទកម្មវិធីហ្វឹកហ្វឺននោះចោលតែម្តង។
ទោះបីជាមានការតវ៉ា នឹងស្វែងរកយុត្តិធម៌ជូនចំពោះខ្លួនឯង និងនារីៗឯទៀតក៏ដោយ តែលោកយាយ Mercury 13 កាលណោះបានត្រឹមតែការខកចិត្ត និងមានអារម្មណ៍ថា ត្រូវបានគេបោកប្រាសប៉ុណ្ណោះ។ ជាចុងក្រោយស្ត្រីរុស្ស៊ីម្នាក់ឈ្មោះ Valentina Tereshkova (កាលណោះស្ថិតក្នុងសហភាពសូវៀត ដែលជាគូប្រជែងផ្នែកអវកាសធំបំផុតរបស់អាមេរិក) បានក្លាយជានារីដំបូង ដែលបានឡើងទៅកាន់ទីអវកាសនៅឆ្នាំ១៩៦៣៕
ប្រភព៖ វែបសាយកាណាដា cpc