(អាមេរិក)៖ ពិតជាគួរឲ្យផ្ញាក់ផ្អើលដែលតារាចម្រៀងប៉ុប កំពុងទទួលបានប្រជាប្រិយភាពខ្លាំងទាំងក្នុងសហរដ្ឋអាមេរិក និងទូទាំងពិភពលោក គឺនាង Ariana Grande បានបង្ហោះលើបណ្តាញ Twitter របស់នាងថា «nothing is prettier than Jupiter» ដែលជាភាសាខ្មែរបកប្រែថា គ្មានអ្វីស្អាតជាងភពព្រហស្បតិ៍នោះឡើយ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក នាងបានបង្ហាះរូបភពផ្សេងមួយទៀត ដោយអះអាងថា វាប្រសើរជាងភពព្រហស្បតិ៍ទៅវិញ។ នេះបើតាមការចេញផ្សាយដោយ វែបសាយអវកាស Space នាល្ងាចថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨។
Ariana Grande ពិតជាកំពុងល្បីល្បាញ តាមរយៈបទចម្រៀងប៉ុបកន្ត្រាក់អារម្មណ៍ជាច្រើន បូករួមទាំងសម្រស់ស្រស់សោភា, សំឡេងស្រទន់ខុសគេ, និងចេះជ្រើសរើសតារាចម្រៀងសហការគ្នាថែមទៀតនោះ បានធ្វើឲ្យកេរ្តិ៍ឈ្មោះនាងល្បីកាន់តែឆាប់។ ដោយហេតុនេះទើប Twitter របស់នាងមានអ្នក Followed រហូតដល់ទៅជាង ៥៧លាននាក់ ខណៈបណ្តាញ Channel យូធូប Vevo របស់នាង គឺសម្រេចបាន ២០លាននាក់ដែរទៅហើយ។
ការបង្ហោះអំពីភពដែលនាងស្រឡាញ់ចំនួនពីរដង ក្នុងរយៈពេល ២ម៉ោងនោះ ក៏មិនអាចគេចផុតដែរពីក្រសែភ្នែកអង្គការ NASA ហើយក្រោយពីនាងបង្ហោះថា គ្មានអ្វីស្អាតជាងភពព្រហស្បតិ៍នោះ ក្រោយមកទៀតនាងបាន Update ដោយបញ្ជាក់ថា «ភពណិបទូន គឺប្រសើរជាង» (update: Neptune is better)។ គេនៅមិនទាន់ដឹងថា នាងមានចេតនាអ្វីឲ្យប្រាកដនោះទេ ប៉ុន្តែអ្វីដែលគួរឲ្យនឹកគិតដល់នោះ វាក៏ជាបទចម្រៀងថ្មី ដែលនាងគ្រោងចេញលក់ផងក៏ថាបានដែរ ព្រោះប៉ុន្មានទសវត្សរ៍កន្លងមកនេះ ក៏ធ្លាប់រួចមកហើយនូវការថតវីដេអូចម្រៀង ឬនិពន្ធអត្ថន័យចម្រៀងពាក់ព័ន្ធនឹងភពនានា។
គួរបញ្ជាក់ថា ក្រោយការបង្ហោះរបស់ Ariana អង្គការក៏បានធ្វើការភ្ជាប់ការបង្ហោះរបស់នាង ទៅនឹងតំណ Link ថ្មីរបស់ខ្លួនក្នុងបណ្តាញ Twitter ផងដែរ ដោយមានបញ្ជាក់នូវរបៀប នៃការចូលមើលព័ត៌មានផ្សេងៗរបស់ NASA ជាពិសេស គឺការស្វែងរករូបភាពអវកាស និងភពនានាដែលអ្នកស្រឡាញ់។ រូបភាពភពព្រហស្បតិ៍ដែល Ariana បានបង្ហោះត្រូវបានថតដោយយាន Juno និងរូបភាពភពណិបទូនវិញ ត្រូវបានថតដោយយាន Voyager 2។
សម្រាប់ការស្រឡាញ់ភពនីមួយៗ គឺមនុស្សមានការចាប់អារម្មណ៍ខុសៗគ្នា ទៅតាមតថភាពជាក់ស្តែងនៃភពណាមួយនោះ ឧទាហរណ៍ដូចជាភពព្រហស្បតិ៍ ដែលជាភពយក្សនៃប្រព័ន្ធព្រះអាទិត្យយើងនេះ វាមានផ្ទៃពពក-ឧស្ម័នកញ្ជ្រោលយ៉ាងចម្លែក តែបង្កើតចេញទៅជារូបគំនូរធម្មជាតិ បែបសិល្បៈកែច្នៃខ្ពស់។ ភពព្រហស្បតិ៍ពិតជាពិសេស និងមានក្រុមហ៊ុនរចនាម៉ូតល្បីៗមួយចំនួន បានយករូបភាពភពនេះទៅច្នៃដាក់លើសំលៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ថែមទៀតផង៕