(អាមេរិក)៖ ជាលើកដំបូងបំផុតដែលពុំធ្លាប់មានពីមុននោះឡើយ អ្នកវិទ្យាសាស្រ្តអន្តរជាតិមួយក្រុម បានរកឃើញនូវភពអេលៀន (នៅក្រៅប្រព័ន្ធព្រះអាទិត្យ) មួយដែលពុំមានពពកនោះឡើយ ដោយមានតែឧស្ម័នភាយចេញពីខ្លួនវាប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នាព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
ក្រុមអ្នកវិទ្យាសាស្រ្តខាងលើដែលដឹកនាំដោយលោក Nikolay Nikolov ជាតារាវិទូនៅឯសាកលវិទ្យាល័យ Exeter របស់ចក្រភពអង់គ្លេស បានរកឃើញភពឧស្ម័នយក្សដ៏ក្តៅគគុកនេះ ដែលត្រូវបានគេដាក់ឈ្មោះថា WASP-96b តាមរយៈការប្រើប្រាស់កែវយឺតយក្សរបស់មន្ទីឃ្លាំមើលទីអវកាស European Southern Observatory នៅឯប្រទេសឈីលី។
មូលហេតុដែលភពនេះចម្លែក ព្រោះវាជាភពដែលគេធ្លាប់ប៉ាន់ស្មានថា អាចមានពពកដ៏ក្រាស់ ប៉ុន្តែតាមរយៈការអង្កេតដោយកែវយឺតលើផែនដីនោះ ចលនារបស់វាបានបង្ហាញថា វាអត់មានពពកច្រើននោះទេ ឬក៏អាចអត់មានសោះតែម្តង ដែលប្រភេទភពបែបនេះ គឺមិនធ្លាប់ត្រូវបានរកឃើញនោះឡើយ។ វាអាចជារឿងស្មុគស្មាញមួយ ប៉ុន្តែភពដែលអាចមានពពករួមទាំងបរិយាកាសក្រាស់ ទើបអាចមានលទ្ធភាពក្នុងការទ្រទ្រង់នូវជីវិតបាន។
ក្រុមការងារខាងលើ បានកំណត់ពីសមាសធាតុផ្សំនៃបរិយាកាស ដែលសម្បូរទៅដោយឧស្ម័នសូដ្យូមនេះ របស់ភពយក្ស WASP-96b តាមរយៈការសិក្សាស្រាវជ្រាវទៅវា នៅពេលដែលវាធ្វើគោចរឆ្លងកាត់ពីមុខផ្កាយមេរបស់វា ហើយវាស់ស្ទង់មើលថា តើភពនេះព្រមទាំងបរិយាកាសរបស់វា បង្កផលប៉ះពាល់បែបណាដល់ពន្លឺ ដែលបាញ់ចេញមកពីផ្កាយវានោះ។
គួរជម្រាបថា ក្រៅពីមានបរិយាកាសចម្លែកខុសពីធម្មតា ដោយពុំមានដុំពពកទាល់តែសោះបែបនេះ ភព WASP-96b មានកម្តៅក្តៅខ្លាំងណាស់ គឺដល់ទៅ ១,០០០អង្សាសេឯណោះ និងមានទំហំយ៉ាងធំមហិមា គឺ២០ភាគរយធំជាងភពព្រហស្បតិ៍ (Jupiter) ដែលជាភពធំជាងគេបង្អស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ តែមានទម្ងន់ប្រហាក់ប្រហែលនឹងទម្ងន់របស់ភពសៅរ៍ (Saturn) ដូច្នេះហើយអ្នកវិទ្យាសាស្រ្តដាក់ចាត់ថ្នាក់ភពអេលៀននេះថា ជាភពសៅរ៍ដ៏ក្តៅមួយ៕