(អវកាស)៖ វាពិតជារឿងដែលពិបាកនឹងបង្ខំ ឲ្យនរណាម្នាក់ជឿ ឬមិនជឿទៅលើអ្វីដែលគ្រាន់តែមាននៅលើរូបភាព ប៉ុន្តែយើងមិនអាចមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់អះអាងពីរឿងនេះ។ អ្វីដែលសំខាន់នោះក្រុមអ្នកវិទ្យាសាស្ត្រមិនដែលធ្លាប់អះអាងជាផ្លូវការថា មានអេលៀន ឬថាសហោះធ្លាប់មកកាន់ភពផែនដីនោះឡើយ ប៉ុន្តែពួកគេជឿថាអេលៀន ឬជីវិតភពផ្សេងមានប្រាកដមែន គ្រាន់តែមិនដឹងថា មានរូបរាងបែបណា និងស្ថិតប្រព័ន្ធព្រះអាទិត្យមួយណាប៉ុណ្ណោះ។
ជាការពិតណាស់ ស្ទើរតែមនុស្សគ្រប់គ្នាទៅហើយ នៅលើផែនដី ដែលធ្លាប់បានដឹង និង លឺ អំពីថាសហោះ ពួកភពផ្កាយ ឬ ក៏ពាក្យបច្ចេកទេសហៅថា UFO (Unidentified flying objects) មានន័យ ថាជា វត្ថុហោះហើរ ដែលមិនអាចកំណត់ថាជាអ្វីឲ្យប្រាកដបាន។ នេះគឺជាមេរៀនដែល Cambo Space ធ្លាប់បានចែកចាយជាយូរមកហើយ ប៉ុន្តែដោយសារនៅមានបងប្អូនសួរនាំច្រើន ទើបយើងសម្រេចចេញផ្សាយវាជាថ្មី។
គំនិត និង អំណះអំណាងអំពីថាសហោះ នេះបានកើតឡើងតាំងពី សម័យសង្គ្រាមលោកលើកទីពីរ នៅអំឡុងសម័យសង្គ្រាមលោក ១៩៤០ មកម្ល៉េះ ហើយវាកាន់តែរីករាលដាលខ្លាំងនៅឆ្នាំ ១៩៥០។ មានមនុស្សមួយចំនួនទៀតអះអាងថា ការបង្កើតអេលៀន ឬថាសឡើង គឺជាល្បិចរបស់អាមេរិក ដើម្បីទាក់ទាញសហភាពសូវៀត ឲ្យចំណាយធនធានធ្វើការរុករក ព្រោះសូវៀតកាលណោះ ពិតជាមានការស្រាវជ្រាវខ្លាំងខាងវិស័យអវកាស។
អ្វីដែលជាការពិត គឺគ្មាននរណាម្នាក់អាចបកស្រាយ ឬ ផ្តល់ភស្តុតាង ១០០ភាគរយ ថា ថាសហោះជាអ្វីឲ្យប្រាកដ និង មានប្រភពដើមមកពីណានៅ ឡើយទេរហូតមកដល់ពេលនេះ។ ហើយវាក៏មិនបានបន្សល់ដាន ឬ ក៏បង្កគ្រោះថ្នាក់ដល់នរណាម្នាក់ដែរនៅលើផែនដី ចាប់តាំងពីវាត្រូវបានគេអះអាងថា បង្ហាញខ្លួនតាំងពីអំឡុងសង្គ្រាមលោកមក។
ទោះបីជាបែបនេះក្តី មានវីដេអូ និង រូបភាពជាច្រើន បានបង្ហាញ តាមសារព័ត៌មាន និង ទូរទស្សន៍ ទូទាំងសកលោក នៅក្នុងអំឡុងពេល ៧០ឆ្នាំ មកនេះស្តីអំពីការប្រទះឃើញ ថាសហោះ នៅប្រទេសនេះ ឬ តំបន់នេះ តំបន់នោះ។ តែពេលខ្លះ វាគ្រាន់តែការបង្កើតឡើង ដោយ កុំព្យូទ័រ និង ខ្លះទៀត វាមិនបានបង្ហាញភាពច្បាស់លាស់ថាជាអ្វីឡើយ។
សរុបជារួម រហូតមកដល់ឆ្នាំ ២០១៧ នេះរឿងរាវទាក់ទងនឹងថាសហោះ ឬមួយក៏មនុស្សភពផ្សេង នៅតែជាអាថ៌កំបាំង ប៉ុន្តែក៏មិនមែនជារឿងថ្មី ដែលអាចបង្កការភ្ញាក់ផ្អើលខ្លាំង ដូចមុននោះដែរ ក៏ព្រោះតែបច្ចុប្បន្ន មនុស្សជំនាន់ថ្មីមានការសិក្សាស្រាវជ្រាវ និងស្វែងយល់ច្បាស់ដែលអាចថ្លឹងថ្លែងដោយខ្លួនឯងថា អ្វីជាការពិត និងអ្វីជាការប្រឌិតដើម្បីតែជាការបំប៉ោង និងទាក់ទាញអ្នកចាប់អារម្មណ៍នោះ៕