(បរទេស)៖ កែវយឺតអវកាស James Webb របស់អង្គការ NASA ដែលត្រូវបាញ់បង្ហោះនៅខែឧសភា ឆ្នាំ២០២០ (ទើបពន្យារពេលជាថ្មី) នឹងធ្វើការតាមរុករកវត្តមាននៃជីវិតក្រៅភព នៅលើបណ្តាភពដែលមានទំហំប៉ុនផែនដី នៃប្រព័ន្ធផ្កាយ TRAPPIST-1 ដែលទើបតែត្រូវបានរកឃើញកាលពីអំឡុងពេលដើមឆ្នាំ២០១៧ រួមនិងព្រះច័ន្ទយូរ៉ូប៉ា (Europa) ផងដែរ។
ក្រុមអ្នកវិទ្យាសាស្រ្តនៃអង្គការណាសា (NASA) នាពេលថ្មីៗនេះបានប្រកាសឲ្យដឹង អំពីរបកគំហើញដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តមនុស្សលោក នៃការរកឃើញដ៏ថ្មីសន្លាងនូវភពចំនួន០៧ ដែលវិលជុំវិញប្រព័ន្ធផ្កាយតូចមួយ ដែលប្រការនេះកំពុងបើកទូលាយនូវទីតាំងដ៏ប្រសើរជាងគេបង្អស់សម្រាប់ការស្រាវជ្រាវក៏ដូចជាស្វែងរុករកជីវិតនៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង។
យោងតាមប្រភពព័ត៌មានដដែល ភពថ្មីទាំង០៧ខាងលើមានទំហំ និងទម្ងន់ប្រហាក់ប្រហែលនឹងភពផែនដីរបស់យើងដែរ និងភាគច្រើនផ្សំឡើងពីថ្ម ហើយភពបីនៅក្នុងចំណោមនោះមានសភាពសាកសមបំផុតក្នុងការធ្វើជាទីជ្រកកោនរបស់ផ្ទៃទឹកដ៏ធំល្វឹងល្វឺយដែលអាចទ្រទ្រង់ជីវិតបាន។ ម៉្យាងវិញទៀតអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថា រយៈចម្ងាយរបស់ពួកវាពីភពផែនដី និងកម្រិតពន្លឺនៃផ្កាយរបស់ពួកវាមានឈ្មោះថា Trappist-1 នឹងអនុញ្ញាតឲ្យអវកាសយានិកធ្វើការបែងចែកបរិយាកាសនៃភពនីមួយៗ ដើម្បីស្វែងរកសញ្ញានៃសារធាតុទាំងឡាយនៃសកម្មភាពរបស់ភាវៈមានជីវិត។
គួរបញ្ជាក់ដែរប្រព័ន្ធផ្កាយ TRAPPIST-1 ដែលស្ថិតនៅចម្ងាយត្រឹមតែ ៣៩ឆ្នាំពន្លឺប៉ុណ្ណោះពីភពរបស់យើងនោះ មានចំនួនភពដែលមានទំហំប្រហាក់ប្រហែលនឹងផែនដី ហើយវិលជុំវិញប្រព័ន្ធផ្កាយតែមួយគត់ច្រើនជាងបង្អស់ ហើយប្រព័ន្ធផ្កាយតូចនេះមាន សីតុណ្ហភាពមិនក្តៅពេករហូតដល់ធ្វើឲ្យទឹកក្លាយជារំហួត និងមិនត្រជាក់ពេករហូតដល់ធ្វើអ្វីៗក្លាយជាទឹកកកនោះឡើយ។
សម្រាប់ព្រះអាទិត្យ TRAPPIST-1 គឺមានទំហំធំជាងភពព្រហស្បតិ៍របស់យើងតែបន្តិចប៉ុណ្ណោះ (ធំជាងផែនដីជាង ១,៣០០ដង) ហើយពន្លឺរបស់វាក៏ខ្សោយជាងព្រះអាទិត្យយើង ២,០០០ដងផងដែរ។ វាមានន័យថាទោះបីជាភពទាំង ០៧ គោចរកៀកនឹងផ្កាយនេះជាងភពពុធ ដែលនៅជិតហ្នឹងព្រះអាទិត្យយើងជាងគេបំផុតនោះ ក៏ទំនងជាមិនមានបញ្ហាក្តៅខ្លាំងនោះដែរ។ លក្ខណៈពិសេសបន្ថែមនោះ ដោយសារតែ Trappist-1 មានភពគោចរកៀកៗគ្នាខ្លាំងពេក នោះប្រសិនជាយើងឈរលើភពណាមួយ យើងនឹងអាចមើលឃើញវត្តមានភពផ្សេងៗទៀត រេរាពេញផ្ទៃមេឃមិនថាតែពេលយប់ ឬពេលថ្ងៃនោះទេ។
ដោយឡែកបើធ្វើការប្រៀបធៀបពីចម្ងាយរវាងព្រះអាទិត្យរបស់យើង និងភពរបស់វាវិញក្រុមគ្រួសារនៃប្រព័ន្ធផ្កាយ Trappist-1 ស្ថិតក្នុងចង្កោមយ៉ាងកៀកជាមួយគ្នា។ ជាការពិតណាស់កូនផ្កាយនោះ និងភពទាំងពីររបស់វាជាមួយដំណើរគោចរមាន រយៈពេលចាប់ពី១ថ្ងៃកន្លះរហូតដល់១២ថ្ងៃនោះ គឺស្ថិតនៅក្នុងគន្លង និងគម្លាតដូចព្រះអាទិត្យយើង និងភពភពពុធ ប៉ុន្តែ Trappist-1 ធ្វើការបញ្ចេញធាតុវិទ្យុសកម្ម និងសីតុណ្ហភាពក្នុងកម្រិតដ៏ទាបសមរម្យមួយ ដូច្នេះវាអាចធ្វើឲ្យបរិយាកាស ស្ថិតក្នុងចន្លោះពីសូន្យទៅមួយរយអង្សាសេប៉ុណ្ណោះ៕