(ភ្នំពេញ)៖ ការស្វែងយល់ពីវិស័យអវកាស ពិតជាធំធេងណាស់សម្រាប់អ្នកដែលតែងតែស្រឡាញ់ការសិក្សា និងស្រាវជ្រាវ ប៉ុន្តែមនុស្សជាច្រើនពិតជាអន្ទះសាខ្លាំង នៅពេលរង់ចាំលទ្ធផល អំពីការសិក្សាស្រាវជ្រាវម្តងៗ ដោយត្រូវប្រើរយៈពេលរាប់ទសវត្សរ៍ ឬគំរោងខ្លះដល់ឆ្លងសតវត្សរ៍ទៀតផង។ ប្រការហេតុនេះហើយ បានជាការស្រមៃតែងតែដើរទៅមុនការពិតជានិច្ច ហើយអ្នកមានសិទ្ធិការស្រមៃពីអ្វីដែលអ្នកគិតថា នឹងអាចទៅរួចសម្រាប់វិស័យអវកាសនៅថ្ងៃអនាគត ទោះបីជាលំបាកនឹងទៅរួចក៏ដោយ។
ខាងក្រោមនេះ គឺជាការនឹកស្រមៃពីទីក្រុងទាំង ០៥ ដែលប្រាកដជាមានយ៉ាងហោចណាស់ក៏ ១ ដែរក្នុងចំណោមនោះ ដែលលោកអ្នកធ្លាប់សញ្ជឹងគិតទៅដល់៖
១៖ ទីក្រុងអវកាស ឬសណ្ឋាគារអវកាស៖ វាខុសពីស្ថានីយអវកាសអន្តរជាតិ ISS ដោយ ទីក្រុងអវកាស ឬ Space City អាចស្ថិតនៅគន្លងគោចរឆ្ងាយជាងនេះបន្តិច ហើយវាត្រូវជាទីកន្លែងកម្សាន្ត ជាជាងសម្រាប់ស្រាវជ្រាវ។ យើងអាចទស្សនាភពផែនដីបានពេញភ្នែកពីចម្ងាយ និងរីករាយចំពោះកម្លាំងទំនាញសិប្បនិមិត្តនៅលើនោះស្រាប់ ដែលជាហេតុធ្វើឲ្យមនុស្ស ដែលជិះនៅលើទីក្រុងអណ្តែតក្នុងសុញអាកាសនោះ មិនពិបាកក្នុងការចល័តកាយយឺតៗ ឬអណ្តែតអណ្តូងតោងលិចតោងកើតនោះឡើយ។
២៖ ទីក្រុងកែវនៅឋានព្រះច័ន្ទ៖ អាចថារើសយកឋានព្រះច័ន្ទយើងនេះទៅ ព្រោះស្ថិតនៅជិតបង្កើតហ្នឹងទេ ប៉ុន្តែវាក៏នឹងក្លាយជារឿងលំបាកបំផុតដែរ ក្នុងការនាំយកគ្រឿងបរិក្ខាសំណង់ និងវត្ថុប្រើប្រាស់នានាពីផែនដី ទៅកាន់ទីនោះណាស់។ បើយើងអាចបង្កើតទីក្រុងស្រោបពីលើដោយកញ្ចក់កែវ ដែលអាចបង្កើតចេញជាបរិស្ថានបរិសុទ្ធតូចមួយលើផ្ទៃព្រះច័ន្ទនោះ យើងប្រាកដមានខែលការពារពីរលកវិទ្យុសកម្មព្រះអាទិត្យ ហើយអាចនឹងពុះពារបាននូវរបៀបរបបរស់នៅដ៏លំបាកមួយ នោះគឺការទ្រាំរស់នៅពេលថ្ងៃ០២សប្តាហ៍ និងពេលយប់០២សប្តាហ៍។
៣៖ យានអវកាស ឬនាវាអវកាស៖ សម្រាប់លទ្ធភាពដែលអាចទៅរួច យើងកុំទាន់អាលគិតអំពីការទៅរកភពនៅប្រព័ន្ធផ្កាយផ្សេងធ្វើអ្វី។ ដូច្នេះការធ្វើដំណើរក្នុងប្រព័ន្ធព្រះអាទិត្យ គួរតែត្រូវបានបង្កើនក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ ហើយការធ្វើបែបនេះទៅបាន គឺយើងត្រូវមានយាន ដែលអាចធ្វើដំណើរបានលឿនជាងបច្ចុប្បន្ន និងពឹងផ្អែកលើថាមពលលើយានផ្ទាល់ ជាជាងប្រើប្រាស់តែថាមពលព្រះអាទិត្យ ឬកម្លាំងម៉ាញេទិចនៃភពយក្ស។
សរុបមកយាននេះ ត្រូវតែមានទំហំធំ (យ៉ាងហោចណាស់ប្រវែងចាប់ពី ១ គីឡូម៉ែត្រឡើងទៅ) នឹងមានបំពាក់នូវអ្វីគ្រប់យ៉ាង ដែលអាចការពារសន្តិសុខ អវកាសយានិក ឬអ្នកដំណើរនៅលើនោះ ដើម្បីឲ្យពួកគេអាចស្នាក់នៅបានក្នុងរយៈពេលយូរ ដើម្បីធ្វើការស្រាវជ្រាវប្រព័ន្ធព្រះអាទិត្យ ឬក៏អាចជាលក្ខណៈកម្សាន្តដោយចំណាយថ្លៃឈ្នួលច្រើនផងក៏ថាបានដែរ។ វាមិនមែនជាការស្រមៃជ្រុលនោះទេ តែមនុស្សនឹងអាចមានលទ្ធភាពបង្កើតវាឡើងបាន ក្នុងករណីដែលធនធានប្រមូលផ្តុំ អាចសម្រេចចេញមក។
៤៖ ទីក្រុងនៃភពអង្គារ៖ ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់ស្រមៃអំពីទីក្រុង នៅលើផ្ទៃភពអង្គារ ដែលប្រកបដោយគ្រោះថ្នាក់ ដូចជាព្យុះធូលី អាកាសធាតុត្រជាក់ខ្លាំង និងរលកវិទ្យុសកម្មដ៏មហាប្រល័យពីព្រះអាទិត្យ ប៉ុន្តែភពអង្គារមានអំណោយផលច្រើនជាងព្រះច័ន្ទឆ្ងាយ ជាពិសេសពិសេស ទៅលើពេលវេលាយប់នឹងថ្ងៃដែលស្ទើរតែដូចផែនដី និងកម្លាំងទំនាញខ្លាំងជាព្រះច័ន្ទផងដែរ។ ទីក្រុងលើភពអង្គារ អាចមិនខុសពីព្រះច័ន្ទប៉ុន្មាននោះទេ គឺត្រូវតែមានខែលការពារពីរលកវិទ្យុសកម្មព្រះអាទិត្យ និងបំពាក់កញ្ចក់កែវ (ផ្ទះកែវ ឬបន្ទប់បិទជិត) ដើម្បីរក្សាកម្សិតអុកស៊ីសែន។
ទីក្រុងនៃភពអង្គារ នឹងបន្តរីករាលដាលពីមួយឆ្នាំទៅមួយឆ្នាំ ដោយមនុស្សនឹងបង្កើតរដ្ឋបាលគ្រប់គ្រងនៅទីនោះ ដាច់ដោយឡែកពីផែនដី។ ទឹក អុកស៊ីសែន ឧបករណ៍ប្រើប្រាស់នានា ឬសូម្បីតែចំណីអាហារ (បន្ថែ ផ្លែឈើ) ក៏អាចនឹងត្រូវផលិត និងដំាដុះនៅលើភពអង្គារផ្ទាល់ផងដែរ ព្រោះតែការយកពីផែនដីទៅ នឹងលែងជារឿងអាចទៅរួច នៅពេលដែលប្រជាជនរស់នៅលើភពអង្គារផ្ទាល់នោះ មានតម្រូវការកាន់តែច្រើន។
៥៖ ស្ថានីយនៅលើភពភ្លុយតូ៖ គ្រាន់តែលឺឈ្មោះថា «ភ្លុយតូ» នោះអ្នកប្រាកដជាដឹងថា វាស្ថិតនៅឆ្ងាយកម្រិតណាឡើយ។ ភពដែលត្រូវបានចាត់ចូលជាភពបម្រុង (មិនពេញលក្ខណៈជាភព) មួយនេះត្រូវបានយាន New Horizons ធ្វើដំណើរទៅដល់ជាលើកដំបូង កាលពីខែកក្កដា ឆ្នាំ២០១៥។ វាពិតជាឆ្ងាយ និងត្រជាក់ខ្លាំង ប៉ុន្តែវាក៏ជាទីតាំងដ៏ល្អបំផុតផងដែរ សម្រាប់មនុស្សធ្វើការបង្កើតមូលដ្ឋានស្រាវជ្រាវ នៅចុងប្រព័ន្ធព្រះអាទិត្យ និងធ្វើជាកន្លែងអង្កេតផ្កាយផ្សេងៗ បានយ៉ាងប្រសើរបំផុត។
ប្រសិនបើផែនការដំណើរការទៅល្អ ហើយមូលដ្ឋានស្រាវជ្រាវលើផ្ទៃភពភ្លុយតូផ្ទាល់ កាន់តែរីកដុះដាលនោះ អ្នកមានធនធានក៏អាចបង្កើតគំរោងកែច្នៃវា ទៅជាកន្លែងទទួលដំណើរកម្សាន្តចុងប្រព័ន្ធព្រះអាទិត្យផងដែរ ហើយការធ្វើបែបនេះ នឹងអាចឲ្យវិស័យអវកាស និងវិទ្យាសាស្ត្រ ក្លាយជាកន្លែងពាក់កណ្តាលពាណិជ្ជកម្ម ដែលអាចទ្រទ្រង់គ្នាទៅវិញទៅមកបាន៕
អត្ថបទ៖ Cambo Space